ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ដាំ​បន្លែ​ ត្អូញត្អែរ​អំពី​តម្លៃ​បន្លែ​ធ្លាក់​ចុះ


អាជីវករកំពុងលក់បន្លែនៅផ្សារនាគមាស រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែធ្នូ ២០១៩។ (កាន់ វិច្ឆិកា៊/VOA)
អាជីវករកំពុងលក់បន្លែនៅផ្សារនាគមាស រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែធ្នូ ២០១៩។ (កាន់ វិច្ឆិកា៊/VOA)

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម​នៅ​ថ្ងៃ​សុក្រ​នេះ​ លើក​ឡើង​ថា តម្លៃ​បន្លែ​ស្ពៃ​ជើង​ទាធ្លាក់​ថ្លៃ​ខ្លាំង​នៅ​ទូទាំងប្រទេស​កម្ពុជា​ ដោយ​សារ​កសិករ​ដាំ​ដូចគ្នា​ និង​ទទួល​បាន​ផលច្រើន​លើស​តម្រូវការ។

ការ​បញ្ជាក់​របស់​មន្ត្រី​ក្រសួង​កសិកម្ម​នេះ​ ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​ត្អូញត្អែរ​របស់​កសិករ​មួយ​ចំនួននៅ​តាម​បណ្ដា​ខេត្ត​ ដោយ​មាន​ការថត​ផ្សព្វ​ផ្សាយថា​ តម្លៃ​បន្លែ​របស់​ពួក​គេ​ធ្លាក់​ថ្លៃ​ខ្លាំង ហើយ​អ្នក​ខ្លះ​ដក​ដំណាំ​បន្លែ​របស់​ខ្លួន​ចោល​ជាដើម។

លោក ចាន់ ហេង អ្នកនាំពាក្យ​ក្រសួង​កសិកម្ម ​ប្រាប់ VOA នៅ​ថ្ងៃ​សុក្រ​នេះ​ថា ក្នុង​ខែ​ធ្នូ​នេះ អាកាស​ធាតុ​ល្អ​សម្រាប់​ដាំ​ដំណាំ​ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជា​កសិករ​សម្រុក​ដាំ​បន្លែ​ប្រភេទ​ដូចៗ​គ្នា ហើយ​ទទួល​បាន​ផល​ច្រើន។ លោក​បន្ត​ថា កសិករ​ដែល​ដាំ​បន្លែ​ទទួល​បាន​ផល​លើស​តម្រូវ​ការ​ទាំង​នោះ​មាន​តែ​មួយ​ចំនួន​ប៉ុណ្ណោះ ហើយ​លោក​ថា ពួកគេ​មិនមែន​ជា​អ្នក​ក្នុង​សហគមន៍​ដែល​ទទួល​បាន​ការ​ណែនាំ​ពី​ក្រសួងពាក់ព័ន្ធ​ក្នុង​ការ​ដាំ​បន្លែ។

«យើង​បាន​ណែនាំ[មន្រ្តី]​តាម​សហគមន៍​តាម​ឯកជន ឲ្យ​ចុះ​ទៅ​តាម​ស្រុក​កសិករ​ ប្រមូល​ផ្ដុំ​គ្នា ដាំ​ចែក​មុខ​គ្នា។ ខ្លះ​ដែល​គាត់នៅ​ក្រៅ​សហគមន៍​ក្រៅ​អី​ទេ​បាន​គាត់​ឃើញ​គេ​ដាំ​ចេះ​តែ​ដាំ​តៗ​គ្នា បាន​ទៅ​ជា​អញ្ចឹង​។ ហើយ​បើ​តាម​ក្នុង​សហគមន៍​តាម​អី គេ​មាន​ចែក​មុខ​ដំណាំ​គ្នា​ ចែក​វេន​គ្នា​ដាំ នរណា​បន្លែ​អីៗ គាត់​មាន​ទីផ្សារ​រាល់​ថ្ងៃ​ក្នុង​សហគមន៍»។

អាជីវករកំពុងលក់បន្លែនៅផ្សារនាគមាស រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែធ្នូ ២០១៩។ (កាន់ វិច្ឆិកា៊/VOA)
អាជីវករកំពុងលក់បន្លែនៅផ្សារនាគមាស រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែធ្នូ ២០១៩។ (កាន់ វិច្ឆិកា៊/VOA)

ក្នុង​ចំណោម​កសិករ​ដែល​ត្អូញត្អែរ​នោះ កសិករ​ម្នាក់ លោក អ៊ឹម សុភ័ក្រ អាយុ​៤០​ឆ្នាំ ដែល​ជា​អ្នកដាំ​ស្ពៃ​ជើង​ទា​នៅ​ស្រុក​រតន​មណ្ឌល ខេត្ត​បាត់ដំបង បាន​ប្រាប់ ​VOAថា ស្ពៃ​ជើង​ទា​របស់​លោកធ្លាក់​ចុះ​តម្លៃដល់​ត្រឹម​៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម និង​ស្ទើរ​គ្មាន​អ្នក​ទិញ ហើយ​លោក​ក៏​បាន​អំពាវ​នាវ​ឲ្យ​អ្នក​ជិត​ខាង​របស់​លោក​ទៅ​កាត់​ស្ពៃ​ទាំង​នោះ​ដោយ​មិន​គិត​ថ្លៃ។

លោក​បន្ត​ថា​លោកមិន​ធ្លាប់ស្រាវជ្រាវ​ទីផ្សារ ហើយ​ក៏​មិន​ធ្លាប់​ទទួល​បាន​ការ​ណែនាំ​ពាក់ព័ន្ធ​នឹង​ការ​ដាំ​បន្លែ​ពី​មន្ត្រី​ជំនាញ​នោះ​ទេ​ ដោយ​លោក​គ្រាន់តែ​ដាំ​តាម​គ្នា​ប៉ុណ្ណោះ​។

«និយាយ​រួម​យើង​អត់​បាន​ទេ​បង យើង​ដាំ​តាម​គ្នី​តាម​គ្នា​ផងអី​អញ្ចឹង។ យើង​មិនបាន​សិក្សា​អី​ថា​អ្នក​ណា​ដាំ អ្នកណា​មិន​ដាំ​អី​អញ្ចឹង»។

ក្រោយ​មាន​ការ​ត្អូញត្អែរ​របស់​កសិករ អ៊ឹម សុភ័ក្រ មន្ត្រី​របស់​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង បាន​ចុះ​ទៅ​សាកសួរ​កសិករ​រូប​នោះ។ មន្ទីរ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដោយ​អះអាង​ថា នៅ​ឆ្នាំ​នេះ​កសិករ​នាំគ្នា​ដាំ​ដុះ​ដំណាំ​បន្លែ​ស្ពៃ​ជើង​ទា​ស្ទើរ​គ្រប់​កន្លែង ដែល​នាំ​ឲ្យ​ការ​ប្រមូល​ផលមាន​បរិមាណ​ច្រើន​លើស​តម្រូវការ ទើប​បណ្ដាល​ឲ្យថ្លៃ​ធ្លាក់​ខ្លាំង។

មន្ទីរ​កសិកម្ម​ខេត្ត​បាត់​ដំបង ក៏​បាន​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​ថា មន្ទីរ​កសិកម្មខេត្ត​បាត់​ដំបង​ កំពុង​សហការ​ជាមួយ​សភា​ពាណិជ្ជកម្ម​ខេត្ត ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​លោក អ៊ឹម សុភ័ក្រ ឲ្យ​ទទួល​បាន​តម្លៃ​សមរម្យ។

លោក អ៊ឹម សុភ័ក្រ មាន​ប្រសាសន៍​ថា ក្រោយមន្ត្រី​ចុះ​មក​ជួប​លោក​ ក្រុម​មន្ត្រី​ប្រាប់​ថា​ពួកគេ​នឹង​ចុះ​មក​រៀប​ចំ​គម្រោង​សម្រាប់​ដាំដុះ​ដើម្បី​បញ្ចៀស​បញ្ហា​ដូច​លើក​នេះ។

អ្នក​លក់​បន្លែ​នៅ​ផ្សារ​ដើម​គរ និង​ផ្សារ​នាគមាស​ក្នុង​រាជធានី​ភ្នំពេញ​ ក៏​បាន​ត្អូញត្អែរដែរ​ថា ការ​ដាំ​ដុះ​បន្លែ​នៅ​រដូវ​នេះ ទទួល​បាន​ផល​ច្រើន ដូច្នេះ​លក់​មិន​សូវ​ដាច់ និង​មាន​តម្លៃ​ទាប​ជាង​ឆ្នាំ​កន្លងៗ​ទៅ។

លោក សុខ ​ពិសិដ្ឋ អ្នក​លក់​បន្លែ​ម្នាក់​ក្នុង​ផ្សារ​នាគមាស ប្រាប់​ថា​លោក​តែង​នាំ​បន្លែ​មក​ពីស្រុក​ស្អាង ខេត្ត​កណ្ដាល មក​លក់​នៅ​រាជធានី​ភ្នំពេញ។ លោក​បន្ត​ថា ក្នុង​ឆ្នាំ​នេះ បន្លែ​ស្លឹក ជា​ពិសេស​ស្ពៃ​ជើង​ទា​មាន​តម្លៃ​ទាប​ជាង​ឆ្នាំ​កន្លងៗ​ទៅ ដោយ​តម្លៃ​លក់​ចេញ​ក្នុង​ឆ្នាំ​នេះ បាន​ត្រឹម​ពី​១,២០០​រៀល​ទៅ​១,៥០០​រៀល ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ ខណៈ​ឆ្នាំ​មុនៗ​មាន​តម្លៃ​ពី​១,៥០០ទៅ​២,០០០​រៀល​ក្នុង​មួយ​គីឡូក្រាម។

អ្នកលក់​បន្លែ​វ័យ​២៧​ឆ្នាំ​រូប​នេះបន្ថែម​ថា ខណៈ​បន្លែ​ដែល​នាំ​យក​មក​ពី​កសិករ​ក្នុង​ស្រុក​ កំពុង​ទទួល​បាន​ផល​ច្រើន បន្លែ​ដែល​នាំ​ចូល​មក​ពី​បរទេស ជាពិសេស​ប្រទេស​វៀតណាម​ នៅ​តែ​បន្ត​នាំ​ចូល​ ដោយ​មាន​តម្លៃ​ថោក​ជាង​ និង​ទុក​បាន​យូរ​ជាង​បន្លែ​ក្នុង​ស្រុក។ លោក​បន្ត​ថា ប្រសិន​បើ​មិន​មាន​ការ​នាំ​ចូល​បន្លែ​ពី​បរទេស​ច្រើន នោះ​បន្លែ​ក្នុង​ស្រុក​អាច​នឹង​មិន​ធ្លាក់​ថ្លៃ​ខ្លាំង​ដូច្នេះ​ទេ។

«គេ​ចូល​មក​ច្រើន របស់​យើង​នេះ​ដាំ​បាន​ច្រើន​ទៀត អញ្ចឹង​ចាល់។ បើ​បង្កើត​ទីផ្សារ​មួយ​ឲ្យ​បន្លែ​ខ្មែរ​យើង​បាន​ឋិត​ថេរ​ល្អ​ ប្រជាជន​យើង​ដឹង​តែ​ធូរ​ហើយ។ កសិករ​ធ្វើ​មក​បាន​ដឹង​តែ​តម្លៃ​ថេរ តែ​នេះ​អត់»។

VOA មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ស៊ាង ថៃ និង​លោក ឡុង កែមវិចិត្រ ​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ទេ។

លោក យ៉ង សាំងកុមារ អ្នក​ជំនាញ​កសិកម្ម និង​ជា​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ​ហៅ​កាត់ ​CEDAC ​លើក​ឡើង​ថា ក្រសួង​ជំនាញគួរ​មាន​វិធានការ​គាំទ្រ​កសិករ​ក្នុង​ការ​ផលិត​ និង​រៀបចំ​កសាង​សង្វាក់​ទីផ្សារបន្លែ និង​រឹត​បន្តឹង​ការ​នាំ​ចូល​បន្លែ​ពី​បរទេស។

លោក យ៉ង សាំងកុមារ ដែល​បច្ចុប្បន្ន​ជា​ថ្នាក់​ដឹកនាំ​ម្នាក់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​ប្រសាសន៍​ថា៖

«តាមពិត​ទាំងអស់​ហ្នឹង​អាច​ធ្វើ​បាន​តើ សំខាន់​ការ​ដឹកនាំ ការ​សម្របសម្រួល តួអង្គ​ដែល​ពាក់ព័ន្ធ​ទាំងអស់​នៅ​ធ្វើការ​ជាមួយ​គ្នា។ ឧទាហរណ៍​នៅ​ផ្សារ​នីមួយៗ​ដែល​យើង​ធ្លាប់​ធ្វើការ​ហ្នឹង អ្នក​លក់​បន្លែ​២០-៣០​តូប ឬ ៥០-​៦០តូប​ មួយ​ថ្ងៃៗ​គេ​ត្រូវ​ការ​បន្លែ​មួយ​មុខៗ​ប៉ុន្មាន​ ២-៣​រយ​គីឡូ ៤-៥​រយ​គីឡូ​ទៅ​តាម​តម្រូវការ​ ប៉ុន្តែ​សំខាន់​យើង​ត្រូវ​មាន​អ្នកដឹកនាំ​អ្នក​ខាង​ទីផ្សារ​ហ្នឹង»។

លោក យ៉ង សាំង​កុមារ បញ្ជាក់​ថា​ បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​លោក ​អ្នក​ដាំ​បន្លែ​អាជីព​ក្នុង​ពេលបច្ចុប្បន្នមាន​ប្រមាណ​ជា​៥​ម៉ឺន​នាក់ ដែល​ភាគ​ច្រើន​ពួកគាត់​ពូកែ​ក្នុង​ការ​ផលិត ប៉ុន្តែ​មិន​ពូកែ​រក​ទីផ្សារ៕

XS
SM
MD
LG