ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន ថា​រដ្ឋាភិបាល​មិន​អាច​កំណត់​តម្លៃ​ស្រូវ ខណៈ​កសិករ​ត្អូញត្អែរ​តម្លៃ​ស្រូវ​​ធ្លាក់


រូបឯកសារ៖ អាជីករម្នាក់កំពុងរើសសំបកស្រូវតូចៗចេញពីអង្ករ នៅតូបលក់អង្ករមួយកន្លែងនៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។ (AP Photo/Heng Sinith)
រូបឯកសារ៖ អាជីករម្នាក់កំពុងរើសសំបកស្រូវតូចៗចេញពីអង្ករ នៅតូបលក់អង្ករមួយកន្លែងនៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។ (AP Photo/Heng Sinith)

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថ្លែង​ថា រដ្ឋាភិបាល​របស់​លោក​មិន​អាច​កំណត់​តម្លៃ​ស្រូវ​បាន​នោះ​ទេ ហើយ​លោក​ថា​ ​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​ គឺ​ដោយ​សារ​ស្រូវ​មាន​គុណភាព​មិន​ល្អ។

ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ លោក​នាយក​រដ្ឋមន្ត្រី​លើក​ឡើង​ថា បញ្ហា​តម្លៃ​ស្រូវ​នៅ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ ​ដោយសារ​ស្រូវ​មាន​គុណ​ភាព​អន់ ហើយ​ពូជ​មិន​សុទ្ធ ប៉ុន្តែ​ស្រូវ​ដែល​មាន​គុណភាព​ល្អ​គឺ​នៅ​តែ​រក្សា​បាន​តម្លៃ​ដដែល។

«ខាង​ក្រសួង​កសិកម្ម ក៏​ដូចជា​ផ្នែក​ពាក់ព័ន្ធ​បាន​ពន្យល់​រួច​មក​ហើយ​អំពី​មូល​ហេតុ​អី​បាន​ជា​ស្រូវ​ធ្លាក់​ថ្លៃ។ វា​មាន​មូលហេតុ​របស់​វា។ ស្រូវ​ធម្មតា​ដែល​វា​អត់​មាន​ខូច​គុណភាព​ តម្លៃ​គឺ​នៅ​តែ​រក្សា​ដដែល​ ប៉ុន្តែ​កន្លែង​ខ្លះ​គឺ​ថា​អា​ពូជ​វា​អត់​សុទ្ធ ហើយ​អង្ករ​វា​បាក់​អី​អញ្ចឹងទៅ ដូច្នេះ​គ្នា​អ្នក​ទិញ​ទៅ​នោះ​ជួប​ការ​លំបាក»។​

លោក ហ៊ុន សែន បន្ថែម​ថា រដ្ឋាភិបាល​របស់​លោក​មិន​អាច​កំណត់​តម្លៃ​ស្រូវដូច​ប្រទេស​កុម្មុយនិស្ត​បាន​ធ្វើ​នោះ​ទេ ព្រោះ​កម្ពុជា​មាន​ទីផ្សារ​សេរី។

«យើង​បាន​ត្រឹម​តែ​អំពាវនាវ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​យន្តការ​ទីផ្សារ​មិន​តម្រូវ​ឲ្យ​រដ្ឋ​ធ្វើការ​កំណត់​ថ្លៃ​ទេ។ អា​ហ្នឹង​ត្រូវ​ឲ្យ​បាន​ច្បាស់​ជាមួយ​គ្នា»។

ការ​ថ្លែងរបស់​លោក​នាយក​រដ្ឋមន្ត្រី ​ធ្វើ​ឡើង​ខណៈកសិករ​មួយ​ចំនួន​បាន​ត្អូញត្អែរ​ថា​ស្រូវ​និង​ផលិត​ផល​កសិកម្ម​ជា​ច្រើន​មាន​តម្លៃ​ថោក។ ចំណែក​អ្នក​ប្រើបណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​ក៏​បាន​រិះគន់ថា ​ក្រសួង​ពាក់ព័ន្ធមិន​មាន​មន្ត្រី​បច្ចេកទេស ​ដើម្បី​ចុះ​ជួយ​ស្វែង​រក​ទីផ្សារ ​ដែល​បណ្ដាល​ឲ្យ​តម្លៃ​ស្រូវ​អង្ករ​ធ្លាក់​ចុះ​ទាប​ មិន​ស្រប​ទៅ​នឹង​តម្លៃ​នៃ​វត្ថុ​ធាតុ​ដើម​ និង​ថ្លៃ​ពលកម្ម​សម្រាប់​ប្រជាកសិករ​ជាដើម។

អ្នកស្រី ជឿន សុជាតិ អាយុ​៤១​ឆ្នាំ ជា​កសិករ​ម្នាក់ដែល​កំពុង​រស់​នៅ​ភូមិ​បឹងរាំង ឃុំ​ឱម៉ាល់ ខេត្ត​បាត់​ដំបង បាន​ថ្លែង​ប្រាប់​ VOA​ ថា តម្លៃ​ស្រូវ​ក្នុង​ឆ្នាំ​នេះ​ធ្លាក់​ចុះ​ខ្លាំង​ ដោយ​ស្រូវ​សែន​ក្រអូប​លក់​បាន​មួយ​គីឡូ ​ត្រឹម​៧០០​រៀល ខណៈឆ្នាំ​កន្លងៗ​ទៅ ​លក់​បាន​១៣០០​រៀល ក្នុង​មួយ​គីឡូ​ក្រាម។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ឈ្មួញ​គេ​ថា​គេ​មិន​ទិញ​ម៉េចៗ​ទេអូន​ បង​អត់​ដឹង​ដែរ។ មាន​តែ​លក់​ឲ្យ​រោង​ម៉ាស៊ីន​ទៅ​ ថោក​ថ្លៃ​ម៉េច​ចេះ​តែ​លក់​ទៅ ឲ្យ​ថ្លៃ​ជី សង​ថ្លៃ​ជី សង​ថ្លៃ​ស្រែ​គេ​អូន»។​

ជា​ទូទៅ​ ​កសិករ​ខ្មែរ​មិន​ដឹង​អំពី​ទីផ្សារ​និង​តម្លៃ​ស្រូវ​នោះ​ទេ។ ​អ្វី​ដែល​គេ​អាច​ធ្វើ​បាន​គឺ​ស្ដាប់​តាម​ឈ្មួញ ​ហើយ​លក់​ស្រូវ​ទាំង​នោះ ​បើ​ទោះ​ជា​តម្លៃ​ទាប​ក៏​ដោយ។​ កសិករ​បាន​អះអាង​ថា​ពួក​គេ​អាច​ត្រឹម​តែ​សួរ​នាំ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​បណ្ដាញ​របស់​ពួកគេ​ ហើយ​ក៏​សម្រេច​លក់​ទៅ​តាម​ហ្នឹង​ ដោយ​មិន​ទុក​យូរ។​

លោក​ យ៉ង់ សាំងកុមារ​ អ្នក​ជំនាញ​កសិកម្ម និង​ជា​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ​ហៅ​កាត់​ CEDAC ​លើក​ឡើង​ថា រាល់រដូវ​ច្រូត កសិករ​តែង​សម្រុក​លក់​ស្រូវ ជា​ហេតុនាំ​ឲ្យ​ស្រូវ​ចុះ​ថោក ជា​ពិសេស​នៅ​ពេល​កសិករ​បង្ខំ​លក់​ទាំង​សើម ប៉ុន្តែ​លោកថា ឆ្នាំ​នេះ ចំនួន​អ្នក​ទិញ​ស្រូវ​មាន​តិច​ជាង​ឆ្នាំ​មុន​ ដែល​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​កាន់​តែ​ចុះ​ថោក​ជាង​រាល់​ដង។

អ្នក​ជំនាញ​ផ្នែក​កសិកម្ម​រូប​នេះ​បន្ថែម​ថា រដ្ឋាភិបាល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​កសិករ​ទាក់ទង​នឹង​ការ​កំណត់​តម្លៃ​ស្រូវ ការ​រៀប​ចំ​គោល​នយោបាយ​ទឹក បច្ចេកទេស និង​ការ​រក​ទីផ្សារ​សម្រាប់​កសិផល​ជាដើម ដើម្បីជួយ​អ្នក​ផលិត​ស្បៀង​បន្ត​ការផលិត និង​អ្នក​បរិភោគ​ទទួល​បាន​ស្បៀង​ក្នុង​តម្លៃ​សមរម្យ។

លោក​បញ្ជាក់ថា ការបន្ត​ឲ្យ​មាន​បញ្ហា​កសិកម្ម​ ជាពិសេស​បញ្ហា​តម្លៃ​ស្រូវ​បន្ត​ចុះ​ថោក ឬ​ខ្វះ​ទីផ្សារ អាច​ធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​នឹង«អសន្តិសុខ​ស្បៀង»​នៅ​ពេល​ពេល​ខាងមុខ។

លោក​បន្ត​ថា​ប្រទេស​មួយ​ចំនួន​ដូចជា​ប្រទេស​ថៃ ​ជប៉ុន និង​ម៉ាឡេស៊ី​ជា​ដើម តែង​លូក​ដៃ​ក្នុង​វិស័យ​ស្រូវ​អង្ករ ដើម្បី​ទប់​ស្កាត់​បញ្ហា​អសន្តិសុខ​ស្បៀង​នេះ។

«ឧទាហរណ៍​ថា​ថ្ងៃ​មុខ​ទៅ​យើង​ផលិត​ស្បៀង​បាន​តិច ហើយ​យើង​ស្តុកស្បៀង​ក្នុង​ប្រទេស​បាន​តិច​អញ្ចឹង ហើយ​មាន​ហានិភ័យ​កើត​ឡើង​អាច​គ្រោះ​ធម្មជាតិ​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​យើង​មិន​អាច​ធ្វើ​ស្រូវ​បាន​ផល​ច្រើន ឬ​ក៏​អាច​មាន​ជា​ទណ្ឌកម្ម​សេដ្ឋកិច្ច​អី​ផ្សេងៗ ឬ​ក៏​មាន​ជា​សង្គ្រាម ឬ​ក៏​ហានិភ័យ​អី​ផ្សេងៗ​ដែល​យើង​មើល​មិន​ឃើញ ឬ​ក៏​ពេល​ខ្លះ​អស់​ស្រូវ​ពី​ក្នុង​ប្រទេស​ អង្ករ​ឡើង​ថ្លៃ​អី​អញ្ចឹង​ វា​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​អញ្ចឹង​ ព្រោះ​ថា​ស្អីៗ​ទៅ​យើង​អាច​អត់​បាន តែ​ដូចជា​ស្បៀង​គឺ​ជា​រឿង​មួយ​ដែលសំខាន់»។

បើ​តាម​លោក ហ៊ុន សែន រហូត​មក​ដល់​ពេល​នេះ​ ​ការ​ប្រមូល​ផល​ស្រូវ​រដូវ​វស្សា​នៅ​កម្ពុជា​សម្រេច​បាន​ជាង​២​លាន​ហិកតា ក្នុង​ផ្ទៃដី​បង្ក​បង្កើន​ផល​ប្រមាណ​២,៧លាន​ហិកតា ដែល​លោ​កថា ទិន្នផល​ស្រូវ​ក្នុង​ឆ្នាំ​នេះ​បាន​កើន​ឡើង​ ដែល​អាច​នឹង​សល់​ស្រូវ​លើស​ពី​តម្រូវ​ការ​រហូត​ដល់​៦លាន​តោន​សម្រាប់នាំ​ចេញ។

លោក​បន្ថែមថា គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​២៥ ខែ​ធ្នូ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិជិត​៦០​ម៉ឺន​តោន ហើយ​ការ​នាំ​ចេញ​ស្រូវ​ក្រៅ​ផ្លូវការ​ទៅ​ប្រទេស​វៀតណាម មាន​រហូត​ដល់​ជាង​២លាន​តោន។

លោក ចាន់ សុខ​ឃាង​ អនុ​ប្រធាន​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​និងជា​អ្នកនាំពាក្យ​សហព័ន្ធ​នេះ​ដែរ ប្រាប់​ VOA​ ថា បញ្ហា​អាកាស​ធាតុ បាន​ធ្វើ​ឲ្យ​គុណភាព​ស្រូវ​មិន​ល្អ ជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃ​ធ្លាក់​ចុះ។

ទោះ​យ៉ាង​ណា​ លោក​ថា ក្នុង​រយៈពេល​៣​ទៅ​៤​ឆ្នាំ​នេះ សហព័ន្ធ​ស្រូវ​អង្ករ​នៅ​តែ​ទប់​ស្កាត់​បាន​តម្លៃស្រូវ​ដែល​មិន​ឲ្យ​មាន​ការ​ប្រែប្រួល​ខ្លាំង​ពី​ឆ្នាំ​មុនៗ ដោយ​មិន​ឲ្យ​ធ្លាក់​ដល់ក្រោម​១ពាន់​រៀល​ក្នុង​មួយគីឡូ​នោះ​ទេ។

«យើង​ចូល​រួម​ដោះ​ស្រាយ​រឿង​បញ្ហា​ទុន ប្រភព​ទុន​ផ្សេងៗ​ ដែល​យើង​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍​ជនបទ ដើម្បី​ព្យាយាម​កៀរគរ ឬ​ក៏​ព្យាយាម​ជូន​ដំណឹង​ទៅ​រដ្ឋាភិបាល ថា​យើង​ត្រូវ​ការ​ទុន​ប៉ុន្មាន​ទៀត​ដើម្បី​យើង​ដោះ​ស្រាយ​បញ្ហា​ដែល​យើង​កំពុង​ជួប​ប្រទះ​នេះ[…]ពេល​ចុង​ក្រោយ​នេះ​ក៏​មានការ​ទម្លាក់ទុន​បន្ថែមប្រមាណ​ជា​៥០​លាន​ដុល្លារ​ទៀត​ ដើម្បី​ជួយ​ឲ្យ​រោង​ម៉ាស៊ីន​កិន​ស្រូវ​មាន​លទ្ធភាព​ប្រមូល​ទិញ​កសិផល​ពី​កសិករ​កម្ពុជា​យើង»។

កាល​ពី​ដើម​ឆ្នាំ​២០១៩ សហគមន៍​អឺរ៉ុប​បាន​កំណត់​ពន្ធ​រយៈពេល​៣​ឆ្នាំ​លើ​អង្ករ​ពី​កម្ពុជា​និង​ភូមា​ក្នុង​គោល​បំណង​ការពារ​អ្នក​ផលិត​អង្ករ​ក្នុង​សហគមន៍​អឺរ៉ុប ​ដូចជា​អ៊ីតាលី។

ចំណាត់​ការ​នេះ​ ធ្វើ​ឲ្យការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ ធ្លាក់​ចុះ​ពី​១៧​ម៉ឺន​តោន មក​ត្រឹម​១២​ម៉ឺន​តោន ក្នុង​រយៈពេល​៨​ខែ​នៃឆ្នាំ​២០១៩ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​តាម​របាយការណ៍​របស់​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កាល​ពី​កន្លង​ទៅ។

ប៉ុន្តែ​លោក ចាន់ សុខឃាង នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា អះអាង​ថា ​ការ​នាំចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​ក្នុង​ឆ្នាំ​២០១៩​នេះ ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំមុន ដោយ​សារ​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​កើន​ឡើង​៣០​ភាគរយ៕

XS
SM
MD
LG