ជំងឺគ្រុនចាញ់ជាជំងឺដែលអាចទប់ស្កាត់និងព្យាបាលបាន។ ទោះជាយ៉ាងនេះក្តី ជំងឺគ្រុនចាញ់ធ្វើឲ្យមនុស្សជាង២០០លាននាក់ធ្លាក់ខ្លួនឈឺ និងសម្លាប់មនុស្សជាង៦សែននាក់ជារៀងរាល់ឆ្នាំ។ ករណីស្លាប់ស្ទើរតែទាំងអស់ ជិតកន្លះលាននាក់គឺស្ថិតក្នុងចំណោមកុមារក្មេងៗក្នុងទ្វីបអាហ្វ្រិក។ នេះមានន័យថា រៀងរាល់១នាទីម្តង មានកុមារម្នាក់ស្លាប់ដោយសារជំងឺគ្រុនចាញ់។
ទោះបីជាមានព័ត៌មានអាក្រក់បែបនេះក្តី ការគ្រប់គ្រងជំងឺគ្រុនចាញ់ត្រូវបានមើលឃើញថា នឹងកើតឡើងក្នុងពេលឆាប់ៗនេះ។ នេះក៏ដោយសារការអភិវឌ្ឍនៃវ៉ាក់សាំងការពារជំងឺគ្រុនចាញ់ដំបូងគេក្នុងពិភពលោក។ អង្គការសុខភាពពិភពលោកហៅសមិទ្ធិផលនេះ ថាជារបកគំហើញជាប្រវត្តិសាស្រ្តសម្រាប់វិទ្យាសាស្រ្ត។
កម្មវិធីសាកល្បងត្រូវបានចាប់ផ្តើមនៅឆ្នាំ២០១៩ ក្នុងប្រទេសហ្គាណា កេនយ៉ា និងម៉ាឡាវី។ ចាប់តាំងពីពេលនោះមក អង្គការសុខភាពពិភពលោករាយការណ៍ថា កុមារជាង១លាននាក់នៅក្នុងប្រទេសចំនួនបីបានចាក់វ៉ាក់សាំងការពារជំងឹគ្រុនចាញ់។
អ្នកស្រី Mary Hamel គឺជាប្រធានកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺគ្រុនចាញ់នៃអង្គការសុខភាពពិភពលោក។ អ្នកស្រីថា កម្មវិធីសាកល្បងដែលមានរយៈពេល២ឆ្នាំ បានបង្ហាញថា វ៉ាក់សាំងមានសុវត្ថិភាព ងាយស្រួលដឹកជញ្ជូន និងកាត់បន្ថយការឈឺធ្ងន់ធ្ងរដោយសារជំងឺគ្រុនចាញ់។
អ្នកស្រីបានថ្លែងដូច្នេះថា៖ «យើងបានឃើញថា ចំនួនកុមារដែលត្រូវបានបញ្ជូនមកមន្ទីពេទ្យមានអាការៈធ្ងន់ធ្ងរ ដោយសារជំងឺគ្រុនចាញ់ បានធ្លាក់ចុះ៣០%។ ហើយយើងក៏ឃើញផងដែរថា មានការធ្លាក់ចុះ១០%នៃអត្រាមរណៈទាំងអស់របស់កុមារ។ ប្រសិនបើវ៉ាក់សាំងត្រូវបានចែកចាយឲ្យបានទូលំទូលាយ នោះមានការព្យាករណ៍ថានឹងអាចសង្គ្រោះជីវិតកុមារពី៤ ទៅ៨ម៉ឺននាក់បន្ថែមទៀតក្នុងមួយឆ្នាំៗ»។
អង្គការសុខភាពពិភពលោករាយការណ៍ថា សម្ព័ន្ធវ៉ាក់សាំងដែលហៅកាត់ថា Gavi នឹងផ្តល់ថវិកាជាង១៥៥លានដុល្លារ ដើម្បីគាំទ្រដល់ការពង្រីកការណែនាំឲ្យប្រើប្រាស់វ៉ាក់សាំងការពារជំងឺគ្រុនចាញ់សម្រាប់ប្រទេសនានានៃសម្ព័ន្ធវ៉ាក់សាំង Gavi នៅតំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ានៅក្នុងទ្វីបអាហ្វ្រិក។
វ៉ាក់សាំងប្រឆាំងជំងឺគ្រុនចាញ់ត្រូវបានស្ថិតក្រោមការអភិវឌ្ឍស្រាវជ្រាវនៅមុនការផលិតវ៉ាក់សាំងកូវីដ១៩។ អ្នកស្រី Hamel ថា អង្គការសុខភាពពិភពលោកបានរៀនសូត្រច្រើនពីកិច្ចប្រឹងប្រែងដែលអាចប្រើនៅក្នុងការអភិវឌ្ឍវ៉ាក់សាំងគ្រុនចាញ់ទៅថ្ងៃអនាគត។
អ្នកស្រីបានថ្លែងបន្ថែមថា៖ «យើងដឹងថាមានការរកឃើញថ្មីៗជាច្រើន ចាប់តាំងពីការស្រាវជ្រាវវ៉ាក់សាំងកូវីដ១៩ រួមទាំង ការប្រើប្រាស់បច្ចេកវិទ្យាវ៉ាក់សាំង mRNA ផងដែរ ហើយឥឡូវនេះ ក្រុមអ្នកផលិតវ៉ាក់សាំងមួយប្រភេទក្នុងចំណោមប្រភេទ mRNA កំពុងរៀបចំផលិតវ៉ាក់សាំងការពារជំងឺគ្រុនចាញ់ដោយប្រើប្រាស់បច្ចេកវិទ្យាដូចគ្នា»។
កាលពីខែកក្កដា ឆ្នាំមុន ក្រុមហ៊ុន BioNTec ដែលជាអ្នកផលិតវ៉ាក់សាំង Pfizer បានប្រកាសថា ខ្លួនចង់ផលិតវ៉ាក់សាំងគ្រុនចាញ់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា mRNA។ ក្រុមហ៊ុនផលិតឱសថថា ខ្លួនមានបំណងចាប់ផ្តើមធ្វើតេស្តសាកល្បងនៅចុងឆ្នាំនេះ៕
ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា