រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ នៅថ្ងៃសុក្រនេះ បានស្នើឲ្យតុលាការរាជធានីភ្នំពេញចាត់វិធានការផ្លូវច្បាប់លើលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងទាក់ទងនឹងការបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ីដែលរដ្ឋមន្រ្តីថា«ប្រមាថព្រះមហាក្សត្រ»។
នៅក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី២៥ ខែធ្នូ លោក កើត រិទ្ធ បានស្នើឲ្យលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការផ្លូវច្បាប់«ជាបន្ទាន់» និង«តឹងរ៉ឹងបំផុត»លើលោក សម រង្ស៊ី ដោយចោទថាលោក សម រង្ស៊ី«ប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអង្គព្រះមហាក្សត្រ»។
ការចោទប្រមាថនោះទាក់ទងនឹងការបរិច្ចាគប្រាក់ទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលលោក សម រង្ស៊ី បានរិះគន់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ថាមិនគួររៃអង្គាសថវិកាពីសាធារណជននោះទេ។ព្រះមហាក្សត្របានព្រះរាជទានប្រាក់ចំនួន១លានដុល្លារអាមេរិកដល់រដ្ឋាភិបាលផងដែរសម្រាប់ទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩។
នៅក្នុងលិខិតនោះដែរ លោករដ្ឋមន្រ្តីយុត្តិធម៌បានប្រាប់ទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញថាលោក សម រង្ស៊ី បានបង្ហោះសារលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ដោយលោករដ្ឋមន្ត្រីយុត្តិធម៌ បានស្រង់សំណេររបស់លោក សម រង្ស៊ី មួយប្រយោគដែលសរសេរថា«ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ ហើយគាត់ត្រៀមសងលុយសប្បុរសជន ដែលចាញ់បោកគាត់ មានទាំងស្តេចទីងមោងផងដែរ»។
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា៖ «ទង្វើនេះគឺជាការរំលោភបំពានលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងត្រូវបានកំណត់ជាបទល្មើសដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា៤៣៧ស្ទួននៃក្រមព្រហ្មទណ្ឌ»។
នៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី គេឃើញមានសារបង្ហោះមួយ ដែលលោកលើកឡើងថារដ្ឋាភិបាលរបស់លោក ហ៊ុន សែន «គួររង់ចាំបន្តិច» ដោយនឹងទទួលបានជំនួយអន្តរជាតិ ក្នុងការផ្តល់វ៉ាក់សាំងដោយមិនគិតថ្លៃ។
លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ បានបង្ហោះលិខិតស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៅលើហ្វេសប៊ុករបស់លោក ដោយបញ្ជាក់ថារដ្ឋមន្រ្តី«បានធ្វើអធិបញ្ជា» ទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញឲ្យចាត់វិធានការលើលោកសម រង្ស៊ី។
ប៉ុន្តែ រហូតមកដល់ល្ងាចថ្ងៃសុក្រនេះ គេមិនទាន់ឃើញចំណាត់ការរបស់តុលាការរាជធានីភ្នំពេញ តាមការស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៅឡើយទេ។
លោក សម រង្ស៊ី ដែលកំពុងជាប់បណ្តឹងមួយចំនួននៅតុលាការ ធ្លាប់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៤ឆ្នាំម្តងរួចមកហើយទាក់ទងនឹងការចោទប្រកាន់ពីបទ«ប្រមាថព្រះមហាក្សត្រ» ដែលកាលនោះទាក់ទងនឹងការប្រើពាក្យ«ព្រះរាជសារក្លែងក្លាយ»។
ចំណែកមួយករណីទៀតលោក សម រង្ស៊ី ត្រូវបានចោទប្រកាន់ថា«ប្រមាថព្រះមហាក្សត្រ» ដែលកាលនោះលោកបានហៅព្រះមហាក្សត្រថាជា«ចំណាប់ខ្មាំង និងអាយ៉ង»របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
មាត្រាថ្មីនៃក្រមព្រហ្មទណ្ឌកម្ពុជាដែលត្រូវបានធ្វើវិសោធនកម្ម បើកផ្លូវឲ្យតុលាការផ្តន្ទាទោសដាក់ពន្ធនាគារបុគ្គលណា ដែលបរិហារកេរ្តិ៍ ប្រមាថឬគំរាមកំហែងអង្គព្រះមហាក្សត្រគ្រប់រូបភាព។ ការចោទប្រកាន់ពីបទ«ប្រមាថព្រះមហាក្សត្រ»អាចឲ្យបុគ្គលនោះជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ៕