ក្រសួងកសិកម្មសហរដ្ឋអាមេរិកបានចេញការព្រមានមួយកាលពីថ្ងៃចន្ទ ដោយជំរុញឲ្យពលរដ្ឋទាំងអស់ ដែលទទួលបានកញ្ចប់គ្រាប់ពូជដំណាំដោយមិនដឹងខ្លួន ឲ្យប្រគល់កញ្ចប់ទាំងនោះឲ្យរដ្ឋាភិបាលដើម្បីធ្វើតេស្តវាយតម្លៃលើគ្រាប់ពូជទាំងនោះ។
កញ្ចប់គ្រាប់ពូជដំណាំដ៏អាថ៌កំបាំងដែលត្រូវបានគេនិយាយថាមានប្រភពមកពីប្រទេសចិន និងត្រូវបានផ្ញើទៅតាមផ្ទះនៅតាមរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក បានជំរុញឲ្យមានការតម្រូវបែបនេះទាំងនៅកម្រិតរដ្ឋ និងកម្រិតសហព័ន្ធ។
ប្រព័ន្ធព័ត៌មានក្នុងស្រុកនៃរដ្ឋ Kentucky រដ្ឋ New York រដ្ឋ Idaho និងរដ្ឋ Georgia បានរាយការណ៍អំពីកញ្ចប់គ្រាប់ពូជដំណាំដ៏អាថ៌កំបាំងនេះ ទោះបីជាគេមិនទាន់ដឹងថាមានកញ្ចប់ចំនួនប៉ុន្មានដែលបានផ្ញើមកក៏ដោយ។
ទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងពេលប៉ុន្មានខែថ្មីៗនេះ ទាក់ទិននឹងបញ្ហាជំងឺកូវីដ១៩ បញ្ហាយោធានៅសមុទ្រចិនខាងត្បូង បញ្ហាទីក្រុងហុងកុង និងបញ្ហាពាក់ព័ន្ធនឹងកម្មវិធី TikTok ជាដើម។
ក្រសួងកសិកម្មសហរដ្ឋអាមេរិកមិនបានរិះគន់រដ្ឋាភិបាលចិនរឿងគ្រាប់ពូជដំណាំនេះទេ ប៉ុន្តែផ្ទុយទៅវិញបានចាត់ទុកគ្រាប់ពូជដំណាំទាំងនេះថាជា «អំពើទុច្ចរិតបែបផ្សព្វផ្សាយផលិតផល» ដែលមនុស្សទទួលបានផលិតផលដោយមិនដឹងខ្លួនពីអ្នកលក់ ហើយអ្នកលក់នោះបានបង្ហោះមតិក្លែងក្លាយរបស់អតិថិជនអំពីការវាយតម្លៃលើផលិតផលនោះ ដើម្បីបង្កើនការលក់ឲ្យបានច្រើន៕