ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អាមេរិក​និង​​អូស្ត្រាលី​ស្វះស្វែងរក​កិច្ចសហប្រតិបត្តិការ​ថ្មី​ខាង​យោធា​ក្នុង​ការប្រឈម​ជាមួយ​ចិន


រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo និងរដ្ឋមន្រ្តីការបរទេសអូស្រ្តាលីអ្នកស្រី Marise Payne ឈរថតរូបនៅក្រសួងការបរទេស ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo និងរដ្ឋមន្រ្តីការបរទេសអូស្រ្តាលីអ្នកស្រី Marise Payne ឈរថតរូបនៅក្រសួងការបរទេស ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​អូស្ត្រាលី​បាន​និយាយ​កាលពី​ថ្ងៃអង្គារម្សិលមិញថា ប្រទេស​ទាំងពីរនឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ខាង​យោធា​នៅពេល​ដែល​មាន​ភាពតានតឹងកាន់តែ​ខ្លាំង​ឡើង​ជាមួយ​ចិន ដែល​បង្ហាញ​ពីរណសិរ្ស​រួម​រវាង​សម្ព័ន្ធ​មិត្ត។​

នៅក្នុងការចរចាប្រចាំឆ្នាំ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន រដ្ឋមន្ត្រី​ការបរទេស និង​រដ្ឋមន្ត្រីការពារប្រទេសអូស្ត្រាលី បាន​ធ្វើ​ការបញ្ជាក់​យ៉ាង​ច្បាស់លាស់​ពី​ការគាំទ្រ​ដល់​រដ្ឋបាល​របស់​ប្រធានាធិបតីត្រាំ​លើ​ចិន។

លោករដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ Mike Pompeo បាន​ប្រាប់​រដ្ឋ​មន្ត្រី​អូស្ត្រាលី​ថា៖ «សហរដ្ឋ​អាមេរិកដឹងពីការគំរាម​កំហែង​ដែលពួកលោក​និង​ពិភព លោក​សេរី​ផ្សេង​ទៀត​ប្រឈម។ ហើយ​សហរដ្ឋអាមេរិក​នឹង​ឈរ​ជាមួយ​អស់​លោក​ក្នុង​សម្ព័ន្ធភាព​ដែល​មិន​អាច​បំបែក​បំបាក់​បាន»។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិកលោក Mark Esper បាន​សរសើរ​ការចូលរួម​របស់​នាវា​ចំបាំង​៥គ្រឿងរបស់​អូស្រ្តាលី​កាលពី​សប្តាហ៍​មុន​ក្នុងសមយុទ្ធ​ជាមួយ​ក្រុម​នាវាផ្ទុក​យន្តហោះ​សហរដ្ឋ​អាមេរិក​និង​នាវា​ពិឃាត​របស់​ជប៉ុន​នៅ​ក្នុង​សមុទ្រ​ហ្វីលីពីន។​

លោក Esper រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក បាន​មានប្រសាសន៍​ទៀត​ថា «សមយុទ្ធ​ទាំង​នេះមិនត្រឹមតែ​គាំទ្រ​ខាង​ឧបករណ៍​ខាង​យោធា​ទេ ប៉ុន្តែក៏​បញ្ជូន​សញ្ញា​យ៉ាង​ច្បាស់​ទៅកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា យើងនឹង​ហោះហើរ​ យើងនឹង​បើកបរ​កប៉ាល់​ ហើយ​យើងនឹង​ប្រតិបត្តិការ​ទីកន្លែ​ណា​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត​និង​ការ ពារ​សិទ្ធិ​របស់​សម្ព័ន្ធ​មិត្ត​និង​ដៃគូ​របស់​យើងឲ្យធ្វើ​ដូចគ្នា​»។

លោកស្រី Linda Reynolds រដ្ឋមន្ត្រី​ការពារ​ប្រទេស​អូស្ត្រាលី​បាន​និយាយ​ថា ប្រទេស​ទាំង២ នឹង​ស្ថាបនា​ចំណង​ទាក់ទង​លើ​វិស័យការពារ​ប្រទេស​ជាច្រើន​ទៀតរួមមាន​យន្តហោះ​លឿនជាង​សំឡេងអេឡិចត្រូនិចនិង​សង្គ្រាម​ដែល​ផ្អែក​លើអវកាស។

លោកស្រី​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អូស្ត្រាលី​បាន​មាន​ប្រសាសន៍​ទៀត​ថា កិច្ចសហប្រតិបត្តិការ​នឹង​ពង្រឹង​សមត្ថភាព​រួម​របស់​យើង​ដើម្បី​រួមវិភាគ​ទាន​ដល់​សន្តិសុខ​ក្នុង​តំបន់​និង​កំញ៉ើញ​ឥរិយាបទ​អាក្រក់​នៅក្នុង​តំបន់​របស់​យើង។

ក្នុង​សេចក្តីថ្លែងការណ៍​រួម រដ្ឋមន្ត្រីប្រទេស​ទាំង​២ បាន​និយាយ​ថា ពួកអស់​លោក​បាន​ពិភាក្សា​ពីការ​ពង្រីក​កិច្ចប្រតិបត្តិការ​ក្នុង​ទីក្រុង​ Darwin ភាគ​ខាង​ជើង​ប្រទេស​អូស្ត្រាលី​ ដែល​នៅទីនោះកងម៉ារីន​សហរដ្ឋ​អាមេរិក​បានធ្វើការ​ឆ្លាស់គ្នា​ចាប់តាំង​ពីឆ្នាំ២០១២មក​នៅក្រោម​កិច្ចផ្តួចផ្តើម​របស់​អតីត​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា៕

XS
SM
MD
LG