ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ទី​ភ្នាក់​ងារ​ផ្តល់​ជំនួយ​អាមេរិក​ជំរុញ​ការ​ដឹក​ជំនួយ​មនុស្ស​ធម៌​ទៅ​តំបន់​ Tigray


រូបឯកសារ៖ អ្នកស្រី Tsegy Kiday វ័យ ៣៤ ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ដែល​ត្រូវ​ចិញ្ចឹម​កូន​៥​នាក់​តែ​ម្នាក់​ឯង នៅ​ក្រុង Nebelet តំបន់ Tigray ប្រទេស​អេត្យូពី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។
រូបឯកសារ៖ អ្នកស្រី Tsegy Kiday វ័យ ៣៤ ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ដែល​ត្រូវ​ចិញ្ចឹម​កូន​៥​នាក់​តែ​ម្នាក់​ឯង នៅ​ក្រុង Nebelet តំបន់ Tigray ប្រទេស​អេត្យូពី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។

ប្រធាន​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍអន្តរជាតិ​អ្នកស្រី ​Samantha Power​ គ្រោង​នឹង​ជួប​មន្ត្រី​នៅ​ប្រទេស​អេត្យូពី​នៅ​ថ្ងៃ​ពុធ​នេះ​ ស្រប​ពេល​សហ​រដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នេះ​ អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ជូន​ជំនួយ​មនុស្ស​ធម៌​ទៅ​កាន់​តំបន់​ Tigray។

អ្នក​ស្រី ​Power ​កាល​ពី​ថ្ងៃ​អង្គារ​ បាន​ជួប​ជា​មួយ​ជន​ភៀសខ្លួន​ដែល​បាន​រត់​ភៀស​ខ្លួន​ពី​តំបន់ Tigray ​ ទៅ​កាន់ប្រទេស​ស៊ូដង់។​ អ្នក​ស្រី​បាន​គូស​បញ្ជាក់​ឡើងវិញ​ពី​គោល​ជំហរ​របស់​សហ​រដ្ឋ​អាមេរិក​ អង្គការ​សហ​ប្រជាជាតិ​ និង​ប្រទេស​ និង​អង្គការ​ដទៃ​ទៀត​ ដែល​ជួយ​ជ្រោម​ជ្រែង​ដល់​ពល​រដ្ឋ​ក្នុង​តំបន់​ភាគខាង​ជើង​បង្អស់​របស់​ប្រទេស​អេត្យូពី ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​ ដែល​បាន​កើត​មាន​ឡើង​អស់​រយៈ​ពេល​ជាង​៩ខែ​កន្លង​មក​ហើយ​នោះ។

​អ្នក​ស្រី ​Power​ បញ្ជាក់​ក្នុង​សារ​មួយ​ដែល​បង្ហោះ​ក្នុង Twitter ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ «សហ​រដ្ឋ​អាមេរិក​បាន​ជំរុញ​ឲ្យ​គ្រប់​ភាគី​ទាំង​អស់​ក្នុង​តំបន់ ​Tigray​ យល់ព្រម​បទឈប់​បាញ់​គ្នា​មួយ​ ដោយ​សង្ឃឹម​ថា​ មនុស្ស​ជា​ច្រើន​ដូច​ជា​ជន​ជាតិ​អេត្យូពី​ដែល​ខ្ញុំ​បាន​ជួប​ក្នុង​ប្រទេស​ស៊ូដង់​ អាច​ត្រឡប់​ទៅ​កាន់​លំនៅ​ដ្ឋាន​របស់​ពួក​គេ​វិញ។​ជម្លោះ​នេះ​បាន​ធ្វើឲ្យ​មាន​ការ​វាយ​ប្រហារ​លើ​ជន​ស៊ីវិល​ ហើយ​វា​ប៉ះពាល់​មនុស្ស​រាប់​លាន​នាក់​ ហើយ​វា​ត្រូវ​តែ​បញ្ចប់»។

អ្នក​ស្រី​លើក​ឡើង​ជា​ពិសេស​ថា​ សហ​រដ្ឋ​អាមេរិក​បាន​អំពាវ​នាវ​ឱ្យ​រណសិរ្ស​រំដោះ​ប្រជា​ពលរដ្ឋ​ Tigray ​ឬ ​TPLF ​ដក​កងកម្លាំង​ចេញ​ពី​តំបន់ ​ Amhara ​និង​តំបន់ ​ Afar ​ដែល​នៅ​ក្បែរ​ខាង​គ្នា​ ហើយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​តំបន់ ​Amhara ​ដក​កងកម្លាំង​ចេញ​ពី​តំបន់​ Tigray​ ភាគខាង​លិច​ និង​បាន​ស្នើ​ឲ្យ​ប្រទេស​ក្បែរ​ខាង​គឺ​អេរីត្រេ​ (Eritrea) ​ដក​កងទ័ព​ចេញ​ពី​ប្រទេស​អេត្យូពី​ផង​ដែរ។

​សហ​រដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្តល់​ជំនួយ​មនុស្ស​ធម៌​បន្ថែម​ប្រមាណ​១៤៩​លាន​ដុល្លារ​កាល​ពី​សប្តាហ៍​មុន​សម្រាប់​តំបន់​ Tigray​ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​បាន​អំពាវ​នាវ​ឲ្យ​បញ្ចប់​ការិយាធិបតេយ្យ​ និង​ការ​វាយ​ប្រហារ​ទៅ​លើ​ក្បួន​រថយន្ត​ដឹក​ជំនួយ ​ព្រោះ​វា​បាន​រារាំង​កិច្ច​ប្រឹង​ប្រែង​ក្នុង​ការ​បញ្ជូន​ស្បៀង​និង​សម្ភារៈ​ចាំបាច់​នានា​ទៅ​ឱ្យ​ប្រជា​ពលរដ្ឋ​ ដែល​ត្រូវ​ការ​ជំនួយ​ជា​ចាំបាច់​នោះ។​

ប្រធាន​ជំនួយ​មនុស្ស​ធម៌​អង្គការ​សហ​ប្រជាជាតិ​ លោក ​Martin Griffiths ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​ក្នុង​ទីក្រុង​ Addis Ababa ​ប្រទេស​អេត្យូពី​ថា​ នៅ​ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ ​រថយន្ត​ដឹក​ជំនួយ​ប្រមាណ​១២២​គ្រឿង​បាន​ទៅ​ដល់​ដើម្បី​រៀប​ចំ​ដឹក​ជញ្ជូន​ជំនួយ​ទៅ​ក្នុង​តំបន់ ​Tigray ​ប៉ុន្តែ​លោក​ថា​អង្គការ​មនុស្ស​ធម៌​នានា​លើក​ឡើង​ថា​តំបន់​នេះ​ត្រូវ​ការ​ជំនួយ​ច្រើន​ជាង​នេះ​គឺ​ប្រមាណ​១០០​ឡាន​ក្នុង​មួយ​ថ្ងៃ៕

(ព័ត៌មាន​មួយ​ចំនួន​ក្នុង​សេចក្ដីរាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ AP​ និង​ Reuters)

XS
SM
MD
LG