រដ្ឋាភិបាលអេត្យូពីបានប្រកាសបទឈប់បាញ់ជាឯកតោភាគីនៅក្នុងតំបន់ Tigray ខណៈអតីតគណបក្សកាន់អំណាច និងកងទ័ពបានចូលក្នុងទីក្រុង Mekelle នៃតំបន់ Tigray ដែលនាំឱ្យមានការស្រែកអបអរសាទរពីប្រជាជន។
រដ្ឋាភិបាលអេត្យូពីបានធ្វើការប្រកាសនេះតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីល្ងាចថ្ងៃចន្ទ ដោយនិយាយថាបទឈប់បាញ់នឹងចូលជាធរមានភ្លាមៗ។ បទឈប់បាញ់នេះកើតឡើងបន្ទាប់ពីមានជម្លោះជិត៨ខែនៅក្នុងតំបន់នេះ។
អ្នកសារព័ត៌មានរបស់ VOA នៅក្នុងទីក្រុង Mekelle បាននិយាយថា ពួកគេមិនមានឃើញទាហានរដ្ឋាភិបាលនៅក្នុងទីក្រុងនេះទេ តំាងពីថ្ងៃអាទិត្យមក។
ទាហានបះបោររបស់រណសិរ្សរំដោះប្រជាជន Tigray ហៅកាត់ថា TPLF ដែលពីមុនកាន់កាប់តំបន់នេះ បានប្រកាសតាមវិទ្យុរបស់គណបក្សថា កងកម្លាំងរបស់ពួកគេបានចូលទៅក្នុងទីក្រុង Mekelle។ របាយការណ៍ពីតំបន់នោះបានឲ្យដឹងថា ប្រជាជនជាច្រើនអបអរនៅតាមផ្លូវ។
អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអេត្យូពី និងអ្នកនាំពាក្យកងទ័ពមិនបានឆ្លើយការហៅទូរស័ព្ទ ឬសាររបស់ទីភ្នាក់ងារព័ត៌មាន Reuters ឡើយ។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា រណសិរ្សរំដោះប្រជាជន Tigray បានធ្វើការវាយលុកដ៏ធំមួយកាលពីសប្តាហ៍មុន ហើយបានស្រង់សម្តីមន្ត្រីរដ្ឋាភិបាលបណ្តោះអាសន្នមួយរូបកាលពីថ្ងៃចន្ទ ដែលបាននិយាយថា ក្រុមយុទ្ធជននោះបានវាយមកជិតទីក្រុង នៅពេលកងកម្លាំងរដ្ឋាភិបាលចាកចេញ។
ព្រឹត្តិការណ៍កាលពីថ្ងៃចន្ទកើតឡើងបន្ទាប់ពីរដ្ឋបាលបណ្តោះអាសន្នតំបន់ Tigray ដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលសហព័ន្ធ បានអំពាវនាវឲ្យមានបទឈប់បាញ់ដើម្បីអនុញ្ញាតការផ្តល់ជំនួយដល់ប្រជាជនរាប់ពាន់នាក់ដែលប្រឈមនឹងគ្រោះទុរ្ភិក្សនៅក្នុងតំបន់។
អង្គការសហប្រជាជាតិបានឲ្យដឹងថា ជម្លោះដែលមានអាយុជិត៨ខែនៅតំបន់ Tigray បានរុញច្រានមនុស្ស៣សែន៥ម៉ឺននាក់ឲ្យធ្លាក់ក្នុងគ្រោះទុរ្ភិក្ស ហើយថា នេះជាគ្រោះទុរ្ភិក្សដ៏អាក្រក់បំផុតរបស់ពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍មកនេះ៕