ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

USAID ​តែងតាំង​ប្រធាន​បេសកកម្ម​​ថ្មី​នៅ​កម្ពុជា​និង​ថ្លែង​ពី​ការ​​ធ្លាក់​ចុះ​សិទ្ធិ​សេរីភាព​


រូប​ឯកសារ៖ អ្នកស្រី Nancy Eslick នៅ​ក្នុង​រូបថត​ចែក​ផ្សាយ​ដោយ​ទីភ្នាក់ងារ USAID ប្រចាំ​ប្រទេស​ហ្ស៊កដានី​​តាម​ទំព័រ​ហ្វេសប៊ុក កាល​ពី​ឆ្នាំ​២០១៧ ក្នុង​អំឡុង​អ្នកស្រី​ថ្លែង​នៅ​កម្មវិធី​​មួយ​អំពី​យុវជន។ (Facebook/USAID)
រូប​ឯកសារ៖ អ្នកស្រី Nancy Eslick នៅ​ក្នុង​រូបថត​ចែក​ផ្សាយ​ដោយ​ទីភ្នាក់ងារ USAID ប្រចាំ​ប្រទេស​ហ្ស៊កដានី​​តាម​ទំព័រ​ហ្វេសប៊ុក កាល​ពី​ឆ្នាំ​២០១៧ ក្នុង​អំឡុង​អ្នកស្រី​ថ្លែង​នៅ​កម្មវិធី​​មួយ​អំពី​យុវជន។ (Facebook/USAID)

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​តែងតាំង​ប្រធាន​បេសកកម្ម​ថ្មីប្រចាំ​នៅប្រទេស​កម្ពុជាដែល​ជា​អ្នក​ជំនាញ​ខាង​ការអភិវឌ្ឍ​ជាងពីរ​ទសវត្សរ៍​ខណៈ​ស្ថានភាព​សុខាភិបាល​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ​១៩​និង​ការធ្លាក់ចុះ​សិទ្ធិសេរីភាព​កំពុង​ក្លាយជា​បញ្ហា​ប្រឈម​ថ្មី​នៅ​ក្នុង​តំបន់។

អ្នកស្រី Nancy J. Eslick​ ដែល​ទើប​ទទួល​ការតែង​តាំង​កាលពី​ថ្ងៃពុធសប្តាហ៍​មុន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ដ៏ឆាប់ខាង​មុខ​នេះ ដើម្បី​ដឹកនាំ​ដំណើរ​ប្រតិបត្តិការ​អភិវឌ្ឍន៍​របស់​ទីភ្នាក់ងារ USAID ក្នុង​វិស័យ​ជា​ច្រើន​រួមមាន​កសិកម្ម សុខាភិបាល អប់រំ បិរស្ថាន​និង​ការ​ប្រែប្រួល​អាកាសធាតុ សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ។

អ្នកស្រី Samantha Power​ ប្រធាន​ USAID ​បាន​លើក​ឡើង​ក្នុង​ពិធី​ប្រកាស​តែងតាំង​នោះអំពីសមិទ្ធិផល​ធំៗ​ដែលកម្ពុជា​បាន​សម្រេច​ជា​បន្តបន្ទាប់ ក្រោយ​ពេល​ដែល​កម្ពុជា​បាន​បញ្ចប់​ជម្លោះ​និង​សង្គ្រាម​ស៊ីវិល ចាប់តាំង​ពី​ឆ្នាំ ១៩៩១ មក។ ប៉ុន្តែ​ អ្នកស្រី​ក៏​បាន​កត់សម្គាល់​ពី​ការ​ធ្លាក់​ចុះ​នៃ​សិទ្ធិសេរីភាព​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ជាង​៤ឆ្នាំ​មកនេះ។

ទីភ្នាក់ងារ ​USAID បាន​ចាប់​ផ្តើម​ដំណើរ​ប្រតិបត្តិការ​បេសកកម្ម​របស់​ខ្លួន​ឡើងវិញ ដើម្បី​ជួយ​កម្ពុជា​ក្នុង​ការកសាង​និង​ស្តារ​ប្រទេស​ជាតិ​ចាប់តាំង​ពី​ឆ្នាំ​១៩៩២ក្រោយពី​ភាគី​ជម្លោះ​នយោបាយ​ទាំង​៤​របស់​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញាសន្តិភាព​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​១៩៩១។ កិច្ចព្រមព្រៀង​នេះ​មាន​គោល​បំណងនាំ​មក​នូវ​សន្តិភាព​និង​ដំណើរការ​ស្តារ​សង្គម​ជាតិ​និង​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​សង្គ្រាម​ស៊ីវិល​ជាង​២​ទសវត្សរ៍។

អ្នកស្រី Samantha Power បាន​ថ្លែង​ក្នុង​ន័យ​ដើម ហើយ​ត្រូវបាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «មួយ​ឆ្នាំ​ក្រោយ​កិច្ច​ព្រមព្រៀង​នោះ​ត្រូវបាន​ចុះ​ហត្ថលេខា​ទីភ្នាក់ងារ​ USAID បាន​ធ្វើ​ប្រតិបត្តិការ​ឡើង​វិញ​នៅ​កម្ពុជា ដោយ​ផ្តោត​លើ​វិស័យ​សុខាភិបាល អប់រំ សុខមាលភាព​របស់​កុមារ និង​សន្តិសុខ​ស្បៀង​អាហារ។ ហើយ​អ្វី​ដែល​យើង​បាន​ឃើញ​ក្នុង​អំឡុង​ពេល​នេះ គឺ​ស្ថិរភាព​ល្អ និង​ការ​រីក​ចម្រើន​ទៅ​មុខ​ខ្លះៗ»។​

រូប​ឯកសារ៖ អ្នកស្រី Samantha Power ប្រធាន​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ថ្លែង​កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២១។
រូប​ឯកសារ៖ អ្នកស្រី Samantha Power ប្រធាន​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ថ្លែង​កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២១។

អ្នកស្រី​ Power ​បាន​កត់សម្គាល់​ថា​ក៏​ប៉ុន្តែ​ទោះបី​ជា​មាន​សមិទ្ធិផល​ដ៏​ធំធេង​ទាំង​នេះ​ក្តី​ក៏​នៅតែ​មាន​ឧបសគ្គ​ចម្បង​ជា​ច្រើន​ដែល​កម្ពុជា​ត្រូវ​ជម្នះ ស្រប​ពេល​ដែល​កម្ពុជា​ព្យាយាម​សម្រេច​ទៅ​តាម​ទស្សនវិស័យ​របស់​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ។

អ្នកស្រី​បាន​បន្ថែម​ថា៖ «សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ប្រទេស​បាន​ធ្លាក់​ចុះ ធនធាន​ធម្មជាតិ​កំពុង​រង​ការ​បំផ្លិច​បំផ្លាញ ហើយ​ពលរដ្ឋ​ជាច្រើន​នាក់​នៅ​តែ​មិន​ទាន់​ទទួល​បាន​ប្រយោជន៍​ពី​វិស័យ​អប់រំ​និង​សុខាភិបាល​នៅ​ឡើយ»។

កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ធានា​ឲ្យកម្ពុជាគោរព​តាម​គោលការណ៍​សិទ្ធិ​សេរីភាព​របស់ពលរដ្ឋ និង​សិទ្ធិនយោបាយ​ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ។ ក៏ប៉ុន្តែ​ស្ថានភាព​នយោបាយ​និង​ការ​គោរព​សិទ្ធិ​ពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន​នេះ នៅតែ​បន្ត​ធ្លាក់​ចុះ ជាពិសេស ចាប់​តាំង​ពី​ការ​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ ២០១៧ ដែល​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ទទួលបាន​សំឡេង​គាំទ្រ​ដ៏​ខ្លាំង​ក្លា​មួយ។

នៅចុងឆ្នាំ​២០១៧​តុលាការ​កំពូល​របស់​កម្ពុជា​បានរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​សិទ្ធិ​សេរីភាព​របស់​អ្នក​សារព័ត៌មាន​និង​អង្គការ​សង្គម​ស៊ីវិលត្រូវ​បានរឹតត្បិត។ រីឯ​សកម្មជន​នយោបាយ​និង​សកម្មជន​បរិស្ថាន​មួយ​ចំនួន​ដែល​បាន​តវ៉ាប្រឆាំង​ឬ​រិះគន់​រដ្ឋាភិបាល​ត្រូវបាន​បង្ក្រាប​និង​រង​ការ​ចោទ​ប្រកាន់​និង​កាត់ទោស​តាម​ប្រព័ន្ធ​តុលាការ។

អ្នកស្រី Samantha Power ដែល​ជា​អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ ក៏​បាន​កត់សម្គាល់ដែរ​ថា​ទន្ទឹម​គ្នា​នេះ​ដែរជំងឺ​កូវីដ១៩​នៅតែ​ជា​«ការ​គំរាម​កំហែង​ដ៏​ចម្បង​មួយ»​ដល់ការ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​បើទោះ​បីជា​ជាង ៥០ភាគរយ​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចាក់វ៉ាក់សាំង​បង្ការ​បាន​គ្រប់​ពីរដូស​ក្តី។

ប៉ុន្តែ​អ្នកស្រី​Power​បាន​បង្ហាញ​សុទិដ្ឋិនិយម​ដល់​ប្រទេស​កម្ពុជា​និង​មានជំនឿ​ថា​អ្នកស្រី Nancy J. Eslickនឹង​អាច​ធ្វើ​កិច្ចការ​«ប្រកប​ដោយ​សមិទ្ធផល​ធំៗ»។

អ្នកស្រី​ Power បាន​បញ្ជាក់​ថា៖ «ជា​សំណាង​ល្អ ខណៈ​កម្ពុជា​ប្រឈម​នឹង​បញ្ហា​ពាក់ព័ន្ធ​នឹង​លទ្ធិ​ប្រជាធិបតេយ្យ និង​ភាព​ចាំបាច់​ក្នុង​ការ​ការពារ​និង​លើក​កម្ពស់​សិទ្ធិមនុស្ស កម្ពុជា​មិន​ត្រឹម​តែ​ទទួល​បាន​បុគ្គល​ដ៏​មាន​សមត្ថភាព​មួយ​រូប​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ទទួល​បាន​បុគ្គល​ដែល​អាច​«សម្រេច​បាន​សមិទ្ធផល​ធំៗ​ជា​បន្តបន្ទាប់» ឬ (supernova)»។

មុន​នឹង​ក្លាយ​ជា​ប្រធាន​បេសកកម្ម​របស់​ទីភ្នាក់ងារ​USAID ប្រចាំ​ប្រទេស​កម្ពុជា​អ្នកស្រី Nancy J. Eslick បាន​បំពេញ​តួនាទី​ជាប្រធាន​បេសកកម្ម​របស់​ទីភ្នាក់ងារនេះ នៅ​ប្រទេស​បូស្ន៊ី​និង​តំបន់ Herzegovina ដោយ​ដឹកនាំ​ក្នុង​វិស័យ​ចម្បងៗ ដូចជា​សេដ្ឋកិច្ច ការ​ប្រឆាំង​អំពើ​ពុករលួយ និង​ការ​ពង្រឹង​នីតិរដ្ឋ។​

អ្នកស្រី Nancy J. Eslick​មាន​បទពិសោធន៍​ក្នុង​តួនាទី​ជា​អ្នក​ដឹកនាំ​ឲ្យផ្នែក​ផ្សេងៗ​ប្រចាំ​ទីភ្នាក់ងារ​USAID រួមមាន​តួនាទី​ជា​ប្រធាន​បេសកកម្ម​ស្តីទី​និង​អនុ​ប្រធាន​បេសកកម្ម​ប្រចាំ​ជា​ដើម។ បន្ថែម​លើ​នេះ អ្នកស្រី​ក៏​មាន​បទ​ពិសោធន៍​ដឹកនាំ​គម្រោង​ផ្តួចផ្តើម​ផ្នែក​សន្តិសុខ​ប្រចាំ​តំបន់​អាមេរិក​កណ្តាល ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា និង​អសន្តិសុខ ក្នុង​តំបន់​នេះ។ កាលពី​ឆ្នាំ ២០១៣ អ្នកស្រី Eslick ក៏​បាន​ចូលរួម​បង្កើត​គម្រោង​ពង្រឹង​ដំណើរការ​ផ្តល់​ជំនួយ​របស់​ទីភ្នាក់ងារ USAID សម្រាប់​អភិវឌ្ឍន៍​របស់​ប្រទេស​មីយ៉ាន់ម៉ា​ផងដែរ។​

អ្នកស្រី Nancy J. Eslick​ បាន​បម្រើ​ការងារ​ឲ្យ​ទីភ្នាក់ងារ​USAID នៅតាមប្រទេស​ផ្សេង​ទៀត​រួមមាន​ប្រទេស​ប៉ាគីស្ថាន និង​អាហ្វាហ្គានីស្ថាន។ មុន​នឹង​ចូល​បម្រើ​ការងារ​ជា​ផ្លូវការ​លើក​ដំបូង​ឲ្យ​ទីភ្នាក់ងារ​USAID នា​ឆ្នាំ ២០០១ អ្នកស្រី Eslick គឺ​ជា​សមាជិក​នៃ​ក្រុម​អ្នកស្ម័គ្រចិត្ត​អាមេរិក Peace Corps Volunteer នៅ​ប្រទេស​អ៊ូងហ្កង់ដា​ក្នុងទី្វប​អាហ្វ្រិក៕

XS
SM
MD
LG