ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ USAGM ថា លោក Robert Reilly នឹង​វិល​មក​កាន់តំណែង​នាយក​វីអូអេ​វិញ


រូប​ឯកសារ៖ នេះ​ ជា​ទិដ្ឋភាព​ខាង​ក្រៅ​នៃ​អគារ​របស់​ VOA នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
រូប​ឯកសារ៖ នេះ​ ជា​ទិដ្ឋភាព​ខាង​ក្រៅ​នៃ​អគារ​របស់​ VOA នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

នៅ​ក្នុង​អ៊ីម៉ែល (email) ឬសារ​អេឡិចត្រូនិក​មួយ​ ​ផ្ញើ​ទៅ​កាន់​បុគ្គលិក​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយសាកល USAGM លោក Michael Pack នាយកប្រតិបត្តិ​នៃទីភ្នាក់​ងារ​នេះ​ ​បាននិយាយ​ថា ​បទ​ពិសោធន៍​និងភាពជា​មេដឹកនាំ​វីអូអេ​របស់​លោក Reilly ជា​អត្ថ​ប្រយោជន៍​សម្រាប់​ទី​ភ្នាក់ងារ​នេះ។

លោក​ Pack បាន​សរសេរ​ថា «លោក Bob បានតាំង​ចិត្ត​ក្នុង​អាជីពលោក​ដើម្បី​ឧបត្ថម្ភ​ផ្ចុង​ផ្តើម និង​ពិតជា​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​លើកស្ទួយ​ផលប្រយោជន៍​ជាតិ​ និងជំរុញ​គោលនយោបាយ​ការបរទេស​សហរដ្ឋ​អាមេរិក»។

លោក Pack បាន​ដក​ស្រង់​ពាក្យ​សម្តីលោក Reilly នៅ​ក្នុង email នោះដែល​ថា «ខ្ញុំតែងតែ​ប្រកាន់​ខ្ជាប់តាមបេសកកម្ម​របស់​វីអូអេក្នុងការ​និយាយប្រាប់​រឿងនៅ​ក្នុង​ប្រទេស​អាមេរិក​ ទៅ​កាន់​ពិភពលោក»។

រូបឯកសារ៖ លោក Robert Reilly ដែល​ជា​អ្នកនិពន្ធ និង​ជា​អ្នកការទូត ធ្លាប់​កាន់​តំណែង​ជា​នាយក​វីអូអេ ពី​ឆ្នាំ២០០១ ដល់​ឆ្នាំ២០០២។
រូបឯកសារ៖ លោក Robert Reilly ដែល​ជា​អ្នកនិពន្ធ និង​ជា​អ្នកការទូត ធ្លាប់​កាន់​តំណែង​ជា​នាយក​វីអូអេ ពី​ឆ្នាំ២០០១ ដល់​ឆ្នាំ២០០២។

លោក Reilly ជា​នាយក​នៃវិទ្យាស្ថាន​ Westminster ដែល​ជា​អង្គការ​ស្រាវជ្រាវមួយបង្កើត​ឡើង​កាល​ពី​ឆ្នាំ២០០៩ ដើម្បី​លើកស្ទួយ​សេរីភាព​ដោយផ្តោត​ការយក​ចិត្ត​ទុកដាក់​លើការ​គំរាម​កំហែង​ដោយ​មនោគមវិជ្ជាជ្រុល​និយម។

លោក​បាននិពន្ធសៀវភៅ​មួយ​ចំនួន​ដោយ​មានរួមទាំង​សៀវ​ភៅ​មួយក្បាល​ដែល​មាន​ចំណង​ជើង​ថា «America on Trial» បោះពុម្ព​ផ្សាយក្នុង​ឆ្នាំ​នេះ សៀវភៅ​ដែល​មាន​ចំណងជើង​ថា «Making Gay Ok: How Rationalizing Homosexual Behavior Is Changing Everything» បោះពុម្ព​ផ្សាយក្នុង​ឆ្នាំ​២០១៥​ និង​«The Closing of the Muslim Mind»​ បោះពុម្ព​ផ្សាយក្នុង​ឆ្នាំ​២០១១។

វីអូ​អេ ​បាន​ទាក់​ទង​ទៅលោក Reilly កាល​ពី​ថ្ងៃ​ពុធ​ទី​៩ ខែ​ធ្នូ ​តាមទូរសព្ទតែ​លោក​បាននិយាយ​ថា​ លោក​មិន​អាចទទួល​ទូរស័ព្ទ​បានទេ។

លោក Elez Biberaj នាយកវីអូអេ​ស្តី​ទីបានប្រកាសនៅ​ក្នុង​ email មួយ​ផ្ញើទៅ​ឱ្យ​ក្រុម​បុគ្គលិកកាល​ពី​យប់​ថ្ងៃ​អង្គារ​ថា​ ​លោក​នឹង​វិលទៅ​កាន់តំណែងលោក​ជា​នាយក​ផ្នែក​អាស៊ី​អ៊ឺរ៉ុបនៃវីអូអេវិញ​នៅ​ក្រោយនាយក​ថ្មីចូល​កាន់​តំណែង។

លោក Biberaj បាន​និយាយ​ថា ​រយៈពេល​៦​ខែ​មុន​នេះ ​ជា​រយៈពេល​មាន​ការ​លំបាក​ជាទី​បំផុតនៅ​ក្នុងប្រវត្តិ​របស់វីអូអេ​នាពេល​ថ្មីៗ​នេះ។ លោក​បានសរសេរថា «មន្ត្រីខ្លះ​នៃ​ទីភ្នាក់ងារ​នេះ​ ​មិន​បានគោរពតាមបទបញ្ញត្តិ ​ពិធីការនិង​ដំណើរ​ការ​ដែលខ្ញុំ​ចាត់​ទុក​ថា​ មិន​អាច​រំលោភបាន​ឡើយ»។

លោក Elez Biberaj នាយកវីអូអេ​ស្តី​ទី។
លោក Elez Biberaj នាយកវីអូអេ​ស្តី​ទី។

លោក​ក៏​បាននិយាយដោយ​មិន​បាន​បរិយាយ​ឱ្យ​បាន​ក្បោះក្បាយ​ថា «ការ​ប៉ុន​ប៉ងជាន់​ឈ្លីឯករាជ្យភាពខាងវិស័យកាសែត​របស់​វីអូអេ​ គំរាមកំហែងភាព​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​ដែល​យើង​មាន​ការ​លំបាក​ជាច្រើន​ទម្រាំ​ទទួលបាន»។

ចាប់​តាំងពីការ​តែងតាំងលោក​ Pack ជា​នាយក​ប្រតិបត្តិនៃ​ទីភ្នាក់ងារ USAGM ​កាល​ពីខែមិថុនា​មក​ ប្រធាននៃ​បណ្តាញ​នេះ​ បានត្រូវដក​ចេញពី​តំណែង​ ឬ​លាលែង។​ លោក​ Pack បាន​បញ្ឈប់​ការយល់ព្រម​បន្តទិដ្ឋាការឱ្យ​ក្រុម​អ្នក​កាសែតបរទេស​របស់​ទីភ្នាក់ងារ​នេះ​ ​ហើយ​ក្រុមជន​ដែល​លោក​បានតែងតាំង​តាម​និន្នាការ​នយោបាយ​បាន​ធ្វើការ​ស៊ើបអង្កេតផ្ទៃក្នុង​លើក្រុម​អ្នក​រាយការណ៍​ព័ត៌មាន ​និងក្រុម​បណ្ណាធិការ​។​

កាល​ពី​ខែមុនចៅក្រម​សហព័ន្ធម្នាក់បានសម្រេចថា​ ចំណាត់​ការខ្លះ​របស់​លោក​ Pack រំលោភ​លើសិទ្ធិដែល​មានចែង​ក្នុង​វិសោធនកម្ម​ទី​មួយ​របស់​ពួក​អ្នក​កាសែត​របស់​ទីភ្នាក់ងារ​នេះ។​ ចៅក្រម​រូបនេះ​ បានបញ្ជា​ឱ្យលោក​ Pack ឈប់​ជ្រៀត​ជ្រែក​ក្នុង​ការរាយការណ៍​ព័ត៌មានរបស់​វីអូអេនិង​ឱ្យ​ឈប់ធ្វើការ​ស៊ើប​អង្កេត​អំពី​កិច្ចការ​ផ្សាយ​ព័ត៌មាន​ផង​ដែរ។​ តែ​យ៉ាងណា​ក៏​ដោយក៏​លោក​ Pack នៅ​មាន​សិទ្ធ​ក្នុង​ការជ្រើសរើសនាយកវីអូអេ​ថ្មី​ម្នាក់ដែរ។

លោក Michael Pack នាយកប្រតិបត្តិ​នៃទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយសាកល USAGM។
លោក Michael Pack នាយកប្រតិបត្តិ​នៃទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយសាកល USAGM។

លោក​ប្រធានាធិបតី​ Donald Trump បានតែងតាំងលោក​ Pack កាល​ពី​ជាង​ពីរ​ឆ្នាំមុន​ឱ្យ​កាន់​តំណែង​ជានាយក​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល ដែលមើល​ការខុស​ត្រូវលើវីអូអេ វិទ្យុ​អាស៊ី​សេរី​ វិទ្យុ​អឺរ៉ុប​សេរី​ និង​ស្ថានីយ៍​វិទ្យុ​ និង​ទូរទស្សន៍អន្តរជាតិ​ ដែល​សហរដ្ឋ​អាមេរិកផ្តល់​ប្រាក់សម្រាប់​ប្រតិបត្តិការ។

ការតែងតាំង​សម្រាប់​រយៈពេល​បី​ឆ្នាំ​ផ្តល់​ឱ្យ​នាយក​ប្រតិបត្តិ​នូវអំណាច​ជួល និងដក​ចេញ​ពី​តំណែងនូវ​ក្រុម​ប្រធានបណ្តាញផ្សព្វផ្សាយ​ទាំង​អស់​។​ តែ​យ៉ាង​ណាក៏ដោយ​ក៏​សេចក្តី​ព្រាង​ច្បាប់​មួយក្នុង​សភា ​អាចបន្ថយ​អំណាច​ទាំង​នេះ ហើយ​តម្រូវ​ឱ្យប្រធាន​ប្រតិបត្តិ​ស្វះស្វែងរក​ការយល់ព្រម​ពី​គណៈកម្មាធិការ​ផ្តល់​យោបល់​មួយ មានការ​ចូលរួម​ពី​សមាជិក​នៃគណបក្ស​ទាំង​ពីរដែល​ត្រូវ​តែងតាំង​ដោយ​ប្រធានាធិបតី៕

ប្រែសម្រួលដោយលោក ឈឹម សុមេធ

អត្ថបទ​ទាក់ទង

XS
SM
MD
LG