ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​គណៈកម្មាធិការ​រដ្ឋ​សភា​ថា​ មន្ត្រី​ទីភ្នាក់ងារ​ USAGM បំពាន​ដែន​សមត្ថកិច្ច​របស់​ខ្លួន


ផ្លាកសម្គាល់ទីភ្នាក់ងារសហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល ​ឬ​ USAGM នៅក្នុងទីស្នាក់ការសំឡេងសហរដ្ឋអាមេរិក Voice of America នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។

​ប្រធានគណៈកម្មាធិការកិច្ចការ​បរទេស​របស់​រដ្ឋសភា​អាមេរិក​ បានថ្លែងលើក​ឡើង​កាល​ពី​ថ្ងៃ​ច័ន្ទថា នាយក​ស្តីទី​សំឡេង​សហរដ្ឋ​អាមេរិក ឬ​វីអូអេ គួរ​បដិសេធ​រាល់​ការ​ប៉ុន​ប៉ង​ណា​មួយ​ ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល​ ឬ​ USAGM ក្នុង​ការ «​លូក​ដៃ​ដោយ​មិន​ត្រឹមត្រូវ»​ ទៅ​ក្នុង​កិច្ច​ការផ្សព្វ​ផ្សាយ​របស់​ខ្លួន។​

សេចក្តីថ្លែងការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ការ​ឆ្លើយ​តប​ ទៅ​នឹង​ការ​ចោទ​ប្រកាន់នានា​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​វិទ្យុ NPR ដែល​ថា​ មន្ត្រី​របស់​ទីភ្នាក់ងារ USAGM បាន​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​នឹង​លោក​ Steve Herman ដែល​ជា​ប្រធាន​ការិយាល័យ​យក​ព័ត៌មាន​អំពី​សេតវិមាន​របស់​វីអូអេ។

វិទ្យុ NPR បាន​រាយការណ៍ ថា ទីប្រឹក្សា​ជាន់​ខ្ពស់​ពីរ​រូប​នៅ​ក្នុង​ការិយាល័យ​របស់​នាយក​ប្រតិបត្តិ​ទីភ្នាក់ងារ USAGM បាន​ចងក្រង​របាយការណ៍​ផ្ទៃ​ក្នុង​មួយ​ស្ដី​អំពី​លោក Herman ដែល​អះអាង​ថា សេចក្ដីរាយការណ៍​ និង​បណ្ដាញ​សង្គម​របស់​លោក Herman បាន​បង្ហាញ​ថា លោក​មាន​ទំនោរ​ប្រឆាំងនឹង​លោក​ប្រធានាធិបតី Donald Trump។

សេចក្ដីថ្លែងការណ៍​នោះ​ក៏​បាន​ដក​ស្រង់​ខ្លឹមសារ​នៃ​លិខិត​ផ្ទៃ​ក្នុង​មួយ​ច្បាប់ ​ពី​នាយក​ប្រតិបត្តិ​របស់​ទីភ្នាក់ងារ​ USAGM លោក Michael Pack ដែល​បាន​ផ្សព្វ​ផ្សាយ​ដល់​បុគ្គលិក​ក្នុង​ស្ថាប័ន​ ស្តីពី​ការ​កែ​ប្រែគោល​នយោបាយ​លើ​បណ្តាញ​សង្គម​របស់​ទី​ភ្នាក់ងារ​នេះ​ផង​ដែរ។

លោក Pack បាន​ក្លាយ​ជានាយក​ប្រតិបត្តិ​របស់​ទីភ្នាក់ងារ USAGM កាល​ពី​ខែ​មិថុនា។​ ទីភ្នាក់ងារ​នេះ​ គឺ​ជា​ស្ថាប័ន​មួយ​ដែល​ត្រួតត្រា​ពី​លើ​សំឡេង​សហរដ្ឋ​អាមេរិក និង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អន្តរជាតិ​ចំនួន ៤ ​ផ្សេងទៀត​។ ​លោក​ Pack បាន​បណ្តេញប្រធានស្ថាប័ន​ព័ត៌មាន​ទាំង ៤ នោះ​ចោល​ ​និង​បាន​តែង​តាំង​លោក ​Elez Biberaj (អែឡេហ្ស ប៊ីបឺរ៉ាច) ជា​នាយក​ស្តីទី​របស់​វីអូអេ។

«សកម្មភាព​ចុង​ក្រោយ​បង្អស់​របស់លោក Michael Pack​ នេះ បាន​បង្កើត​កំណត់​ហេតុ​ប្រកាស​អាសន្ន​នៃ​ឥរិយាបថ​បែប​សង​សឹក ​និង​មិន​ត្រឹមត្រូវ ចាប់​តាំង​ពី​លោក​បាន​ក្លាយ​ជា​នាយក​ប្រតិបត្តិ​របស់​ទី​ភ្នាក់​ងារ USAGM ​កាល​ពី​ខែ​មិថុនា​មក»​។ នេះ​បើតាម​ការ​លើក​ឡើងក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋ​ New York លោក​ Eliot Engel (អែលលៀត អែង​ហ្កល)។

សមាជិកសភាខាង​គណបក្ស​សាធារណរដ្ឋ​លោក Michael McCaul ដែល​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេសនៃ​រដ្ឋ​សភា​អាមេរិក ថ្លែងនៅក្នុងសវនាការមួយនៅវិមានរដ្ឋសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។
សមាជិកសភាខាង​គណបក្ស​សាធារណរដ្ឋ​លោក Michael McCaul ដែល​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេសនៃ​រដ្ឋ​សភា​អាមេរិក ថ្លែងនៅក្នុងសវនាការមួយនៅវិមានរដ្ឋសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។

សមាជិកសភាខាង​គណបក្ស​សាធារណរដ្ឋ​លោក Michael McCaul (ម៉ៃខល មិកខល) ដែល​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេសនៃ​រដ្ឋ​សភា​អាមេរិក​ បាន​លើក​ឡើង​ថា​ លោក​នឹង​ត្រួត​ពិនិត្យ​លើ​របាយការណ៍​នានា​ ដែល​ថា ​អ្នក​ដែល​ទទួល​បាន​ការ​តែង​តាំង​ពី​គណបក្ស​នយោបាយ​ កំពុង​ស៊ើប​អង្កេត​អ្នក​សារ​ព័ត៌មាន​របស់​វីអូអេ​ម្នាក់។​

​អ្នក​នាំ​ពាក្យ​របស់​ទីភ្នាក់ងារ​ USAGM បាននិយាយ​តាម​អ៊ីមែល​ថា ទីភ្នាក់ងារ​នេះ​និង​បណ្ដាញ​ផ្សព្វ​ផ្សាយ​របស់​ខ្លួន ​មាន​គោល​នយោបាយ​ជា​យូរ​មក​ហើយ ​ស្តី​ពី​ការ​គ្រប់គ្រងទំនាស់​ផល​ប្រយោជន៍​របស់​អ្នក​សារព័ត៌មាន​ និង​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​។

ដោយ​ឡែក​នាយក​ស្តីទី​វីអូអេ​ លោក​ Biberaj​ បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ កាល​ពី​ថ្ងៃ​ច័ន្ទ​ថា អ្នក​សារព័ត៌មាន​របស់​វីអូអេ​ទាំង​អស់​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​អនុវត្តដោយ​ខ្ជាប់​ខ្ជួន​នូវ​គោល​នយោបាយ​លើ​បណ្តាញ​សង្គម​របស់​វីអូអេ ​ដែល​បាន​ដាក់​ចេញក្នុង​គោលការណ៍​ណែនាំ​ឲ្យ​បុគ្គលិក​អនុវត្ត ហើយ​ថា​ វីអូ​អេ​ចាត់​វិធានការ​លើ​បុគ្គល​ណា​ដែល​បាន​បំពាន​ធ្ងន់ធ្ងរ​ ទៅ​នឹង​គោលនយោបាយ​និង​ច្បាប់​របស់​សហព័ន្ធ​។​

លោក Herman គឺ​ជា​អ្នកសារព័ត៌មាន​ម្នាក់​ក្នុង​ចំណោម​អតីត​អ្នក​សារព័ត៌មាន និង​អ្នក​សារព័ត៌មាន​បច្ចុប្បន្ន​របស់​វីអូអេ​ចំនួន ៤០ នាក់ ដែល​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​លោក Biberaj ដែល​ជា​នាយក​ស្ដីទី​របស់​វីអូអេ អំពី​ការ​ផ្លាស់ប្ដូរ​បុគ្គលិក និង​អត្ថាធិប្បាយ​របស់​លោក Pack នៅ​ក្នុង​បទសម្ភាសន៍​មួយ។​

វីអូអេ​ មិន​បាន​ផ្លាស់ប្ដូរ​កាតព្វកិច្ច​ការងារ​របស់​លោក Herman នោះ​ទេ ដែល​រួម​មាន​ទាំង​ការ​យក​ព័ត៌មាន​អំពី​សេតវិមាន និង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ផង​ដែរ៕

XS
SM
MD
LG