ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ទីភ្នាក់ងារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល​អាមេរិក​ការពារ​​ការ​​សម្រេច​បណ្តេញ​​បុគ្គលិក


រូប​ឯកសារ៖ នេះ​ជា​ទិដ្ឋាភាព​ខាង​ក្រៅ​នៃ​អគារ​របស់​ VOA នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។

ខណៈដែល​មាន​ការ​បារម្ភ​ពី​សមាជិក​ព្រឹទ្ធសភា​នៃគណបក្ស​ទាំង​ពីរ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ចំណាត់ការ​ខ្លះ​របស់ប្រធាន​ថ្មី​នៃទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល ហៅ​កាត់​ថា USAGM លោក Michael Pack ប្រធាន​ទីភ្នាក់ងារ​នេះ​បាន​ថ្លែង​នៅ​ក្នុង​លិខិត​មួយ​របស់​លោក​ថា ​លោក​មាន​ការ​ប្តេជ្ញា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ការ​គ្រប់គ្រង​នៅ​ក្នុង​ទីភ្នាក់ងារ​នេះ ក្រោយ​ពី​លោក​ត្រូវ​បាន​ប្រគល់​តួនាទី​ឱ្យ​ «ធ្វើ​ការ​ផ្លាស់​ប្តូរ​មោះមុត ​និង​ស៊ី​ជម្រៅ»។

​លិខិត​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា​ របស់​លោក ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន AP និង ទូរទស្សន៍ CNBC ​បាន​ទទួល​ជា​ការ​ឆ្លើយតប​ទៅ​នឹងលិខិត​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​ដែល​ថា លោក Michael Pack មិន​បាន​ពិភាក្សា​ ឬ​ជូន​ដំណឹង​ដល់​សភា​ជាតិ នៅ​ពេល​លោក​បាន​សម្រេច​បណ្តេញ​ប្រធាន​វិទ្យុ​អាស៊ី​សេរី វិទ្យុ​អឺរ៉ុប​សេរី បណ្តាញ​ផ្សព្វផ្សាយ​មជ្ឈឹមបូព៌ា​ និង​មូលនិធិ Open Technology Fund» ដែល​នេះ​នាំ​ឱ្យ​មាន​សំណួរ​សំខាន់​ជា​ច្រើន​អំពី​អនាគត​នៃ​ទីភ្នាក់ងារ​នេះ​ដែល​គ្រប់គង​សំឡេង​សហរដ្ឋ​អាមេរិក VOA​ផង​ដែរ។​

លោក Michael Pack បាន​និយាយ​នៅ​ក្នុង​លិខិត​នោះ​ថា៖ «លោក​ប្រធានាធិបតី ពលរដ្ឋ​អាមេរិកាំង និង​ព្រឹទ្ធសភា​បាន​ស្នើ​ឱ្យ​ខ្ញុំធ្វើ​ការ​ផ្លាស់​ប្តូរ​មោះមុត​និង​ស៊ី​ជម្រៅ។ ជា​ការ​ពិត ក្នុងដំណើរការ​សក្ខីកម្ម​សភា​ដើម្បី​តែងតាំង​ខ្ញុំ និង​ជា​ច្រើន​សប្តាហ៍​តាំង​ពីខ្ញុំ​ចូល​កាន់​តំណែង​មក ខ្ញុំ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​ប្តេជ្ញា​របស់​ខ្ញុំ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ខាង​ការ​គ្រប់គ្រង​ដែល​គេ​បាន​ដឹងយ៉ាង​ទូលំទូលាយ​ និង​ដែល​បាន​រឹតត្បិត​ស្ថាប័ន​ទី​ភ្នាក់ងារ USAGM»។

​លោក Michael Pack ក៏​បាន​បញ្ជាក់​ថា​លោក​គោរព​ និង​ការពារ​ឯករាជ្យភាព​នៃ​ការងារ​របស់​អ្នក​សារព័ត៌មាន​ USAGM និង​ VOA។

កន្លង​មក​សមាជិក​រដ្ឋសភា​១១​រូប​ពី​គណបក្ស​ប្រជាធិបតេយ្យ​ក៏​បាន​សម្តែង​ការ​បារម្ភ​ស្រដៀង​គ្នា​នឹងក្រុម​សមាជិក​ព្រឹទ្ធសភា​ដែរ៕

XS
SM
MD
LG