ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បច្ចេកទេស​ក្រោយ​ឆាក​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​មាន​សន្តិសុខ


រូបឯកសារ៖ បុគ្គលិក​រៀបចំ​ការបោះឆ្នោត​សម្អាត​កន្លែង​បោះឆ្នោត​ បន្ទាប់​ពី​ពលរដ្ឋ​ម្នាក់​បាន​បោះឆ្នោត​នៅ​ទីក្រុង Cleveland រដ្ឋ Ohio កាល​ពី​ថ្ងៃ​អង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិក​រៀបចំ​ការបោះឆ្នោត​សម្អាត​កន្លែង​បោះឆ្នោត​ បន្ទាប់​ពី​ពលរដ្ឋ​ម្នាក់​បាន​បោះឆ្នោត​នៅ​ទីក្រុង Cleveland រដ្ឋ Ohio កាល​ពី​ថ្ងៃ​អង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។

ឆ្នាំ​នេះ​នឹង​ក្លាយ​ជា​ឆ្នាំ​មាន​ការ​បោះឆ្នោត​ដោយផ្ញើ​សន្លឹក​ឆ្នោត​ទៅ​ប្រៃសណីយ៍​ច្រើន​បំផុត​នៅ​ក្នុង​ការ​បោះឆ្នោត​ស.រ.អា.​ហើយ​ការណ៍​នេះ​បាន​បង្កើន​កង្វល់​អំពី​សន្តិសុខ​ អំពី​ដំណាក់​កាល​នីមួយៗ​នៃ​ដំណើរ​ការ​នេះ។​

ក៏​ប៉ុន្តែ​ពួក​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​និយាយ​ថា ​ពួក​គេ​មាន​ប្រព័ន្ធ​ដើម្បី​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​មាន​ជោគជ័យ​ទោះណា​ជា​ការ​ខ្វល់​ខ្វាយ​ខាង​សុខភាព​អំពី​ការ​បោះឆ្នោត​នៅ​ពេល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩បាន​ជំរុញ​ឱ្យ​រដ្ឋ​មួយ​ចំនួន​ពង្រីក​ជម្រើស​បច្ចុប្បន្ន​របស់​ពួក​គេដោយ​ធ្វើ​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​ក៏​ដោយ។​

លោក​ Eddy Perez ​ជា​នាយក​សាកល​អភិវឌ្ឍន៍​បច្ចេកវិទ្យា​នៅ​ឯ​វិទ្យាស្ថាន​ OSET ​ដែល​ ជា​អង្គការ​មួយ​មិន​គិត​កម្រៃ​ខាង​បច្ចេកវិជ្ជា។​ លោក​បាន​និយាយ​ថា៖​«នឹង​មាន​សន្លឹក​ឆ្នោត​ពី​រវាង​៩០​លាន​និង​១០៥​លាន​ត្រូវ​ផ្ញើ​តាម​ប្រៃសណីយ៍។ ​ប្រសិន​បើ​អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​ឯ​ទៀតៗ​គឺ​ជា​ការ​ណែនាំ​ដែល​ធ្វើតាម​យើង​ប្រហែល​ជា​អាច​និយាយ​បាន​ថា​ សន្លឹក​ឆ្នោត​រវាង​ពី​៦៥​ភាគ​រយ​ទៅ​៧៥​ភាគ​រយ​នៃ​សន្លឹក​ឆ្នោត​ទាំង​អស់​នៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះអាច​ជា​សន្លឹក​ឆ្នោត​ផ្ញើ​តាម​រយៈ​ប្រៃសណីយ៍។នេះ​ជា​ចំនួន​ច្រើន​ណាស់​តាម​រយៈ​ការ​បោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍»។​

ដើម្បី​ឱ្យ​ដឹង​អំពី​សារៈសំខាន់​នៃ​ចំនួន​អ្នក​បោះឆ្នោត​តាម​វិធី​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​ ​ គេ​គួរ​ពិនិត្យ​មើល​ការ​វិភាគ​មួយ​ដោយ​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ ​Pew ​អំពី​ទិន្នន័យ​បន្ថែម​របស់​ការិយាល័យ​ស្ថិតិ​ស្តីពី​ពួក​អ្នក​បោះឆ្នោត​។ ​ ចំនួន​នេះ​បាន​កើន​ឡើង​បី​ដង​រវាង​ឆ្នាំ​១៩៩៦​និង​ឆ្នាំ​២០១៦​គឺ​ពី​៧,៨%​ទៅ​ដល់​២១%។​ ជា​ការណ៍​ពិត​ ចំនួន​ក្រុម​អ្នក​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​នីមួយៗ​មិន​ដូច​គ្នា​ទេ​ហើយ​គេ​ក៏​មិន​ដឹង​អំពី​ចំនួន​អ្នក​បោះឆ្នោត​ក្នុង​ឆ្នាំ​២០២០​នេះ​ដែរ។​ ដូច្នេះ​ការ​ប្រៀប​ធៀប​នេះ​មិន​ប្រាកដ​ប្រជា​ទេ។​ក៏​ប៉ុន្តែ​ការ​កើន​ឡើង​ពី​ចំនួន​ជិត​២១%​ទៅ​ដល់​៧៥%​ឬ​ទោះ​ណា​តែ​៦៥%​នៃ​ចំនួន​សន្លឹក​ឆ្នោត​ទាំង​អស់​នៃ​ការ​បោះឆ្នោត​តាម​រយៈ​ប្រៃសណីយ៍​ក៏​ដោយ​ ក៏​តួ​លេខ​នេះ​គឺ​ជា​ចំនួន​ច្រើន​គួរ​សម​ដែរ។​

ឧបសគ្គ​ជា​ច្រើន​ខាង​ភស្តុភារ​និង​ខាង​សន្តិសុខ​ត្រូវ​តែ​ដោះស្រាយ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាមប្រៃសណីយ៍​ប្រព្រឹត្ត​ដោយ​រលូន។​ កង្វល់​ជា​ពិសេស​គឺ​អំពី​សន្តិសុខ​នៃ​មូលដ្ឋាន​ទិន្នន័យ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​របស់​រដ្ឋ​ក្នុង​ស.រ.អា.​ដែល​អាច​ជា​ទី​ដៅ​សំខាន់​មួយ​របស់​ពួក​ចោរ​តាម​អ៊ីនធើណិត។​

ពួក​អ្នក​ជំនាញ​ខាង​ការ​បោះឆ្នោត​ថ្លែង​ថា​ ​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​មាន​ការ​ពិនិត្យ​មើល​ហ្មត់ចត់​ណាស់​ដោយ​ប្រើ​បច្ចេកវិជ្ជា​និង​កម្មវិធី​ការ​បោះឆ្នោត​ដោយ​ចាប់​ផ្តើម​ពី​ការ​បញ្ជូន​សន្លឹក​ឆ្នោត​ទៅ​ឱ្យ​ពួក​អ្នក​បោះឆ្នោត។​

លោក​ Perez ​ បាន​និយាយ​ថា៖​«នៅ​ពេល​ខ្លះ​ លោក​អ្នក​បាន​ឮ​ថា​ សន្លឹកឆ្នោត​ទទេ​ត្រូវ​បញ្ជូន​ទៅ​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ ហើយ​នេះ​មិន​មែន​ជា​ករណី​មាន​បញ្ហា​ទេ។ជានិច្ចកាល​មាន​ទិន្នន័យ​ទាក់​ទង​គ្នា​ច្បាស់លាស់​រវាង​អ្នក​បោះឆ្នោត​ដែល​សិទ្ធិ​បោះឆ្នោត​របស់​គេ​ត្រូវ​ពិនិត្យ​ផ្ទៀងផ្ទាត់​ហើយ​ក៏​មាន​វិធាន​ការ​បញ្ជូន​សន្លឹក​ឆ្នោត​ទៅ​អ្នក​បោះឆ្នោត​នេះ​ដែរ»។​

បុគ្គលិក​រៀបចំ​ការ​បោះឆ្នោត​បើក​ហិប​ឆ្នោត​នៅ​មណ្ឌល​រាប់​សន្លឹក​ឆ្នោត​ក្នុង​ទីក្រុង Cleveland រដ្ឋ Ohio កាល​ពី​ថ្ងៃ​អង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។
បុគ្គលិក​រៀបចំ​ការ​បោះឆ្នោត​បើក​ហិប​ឆ្នោត​នៅ​មណ្ឌល​រាប់​សន្លឹក​ឆ្នោត​ក្នុង​ទីក្រុង Cleveland រដ្ឋ Ohio កាល​ពី​ថ្ងៃ​អង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។

វិធាន​ផ្ទៀងផ្ទាត់​តាម​ឌីជីថល​

នៅ​ពេល​ណា​អ្នក​បោះឆ្នោត​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍ប្រព័ន្ធ​កម្ម​វិធី​នៃ​ការ​បោះឆ្នោត​របស់​អាជ្ញាធរ​រៀបចំការ​បោះ​ឆ្នោត​ក៏​ដំណើរការ។ប្រដាប់​ស្កេន​ថត​ស្រោម​សំបុត្រ​ដែល​មាន​ដាក់​សន្លឹក​ឆ្នោត​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ​ហត្ថលេខា​របស់​អ្នក​បោះឆ្នោត​នៅ​លើ​ស្រោម​សំបុត្រ​នេះ​ដូច​ហត្ថលេខា​ដែល​មាន​នៅ​ក្នុង​សំណុំ​ឯកសារ។​ ព័ត៌មាន​គំនូស​លេខ​កូដ​នៅ​លើ​សន្លឹកឆ្នោត​ត្រូវ​ស្កេន ​ ហើយ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ហ្មត់ចត់​ជា​មួយ​ឯកសារ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត។​

លោក ​Eddy Perez ​ដែល​ជា​នាយក​សាកល​អភិវឌ្ឍន៍​បច្ចេក​វិជ្ជា​នៅ​ឯ​វិទ្យាស្ថាន​OSET​ បាន​និយាយ​ថា៖​«អាជ្ញាធរ​រៀបចំ​ការ​បោះ​ឆ្នោត​តែង​តែ​ដឹង​ថានរណា​ផ្ញើ​សន្លឹក​ឆ្នោត​មក។​ តើ​ជន​នេះ​មាន​សិទ្ធិ​បោះឆ្នោត​ឬ​ទេ?​តើ​សន្លឹក​ឆ្នោត​នីមួយៗ​ត្រូវ​បាន​ទទួល​ពី​មនុស្ស​មាន​សិទ្ធិ​បោះឆ្នោត​ឬ​ទេ?​ក្រៅ​ពី​ការ​ផ្ទៀងផ្ទាត់​ទាំង​នេះនៅមាន​ដំណើរ​ការ​សំខាន់​មួយ​ទៀត​ដោយ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ថា​ សន្លឹក​ឆ្នោត​និង​ឈ្មោះ​អ្នក​បោះឆ្នោត​ប្រាកដ​ជា​មក​ពី​អ្នក​បោះឆ្នោត​រូប​នេះ​មែន​ឬ​ទេ»។

ឧបករណ៍​ស្កេន​ឌីជីថល​ក៏​ស្កេន​សន្លឹក​ឆ្នោតហើយ​ការ​រាប់​សន្លឹកឆ្នោត​ក៏​ចាប់​ផ្តើម​ធ្វើ។​លក្ខណៈ​មិន​ប្រក្រតី​ដូច​ជា​ការ​គ្មាន​ហត្ថលេខា​ជា​ដើមត្រូវ​បញ្ជូន​ទៅ​ឱ្យ​ពួក​អ្នក​ចាត់​ចែង​ការ​បោះឆ្នោត​មួយ​ក្រុម​ដើម្បី​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ថែម​ទៀត។​

លោក ​Neal Kelly ​ជា​អ្នក​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ក្នុង​ស្រុក ​Orange ​រដ្ឋ​ California។​លោក​រំពឹង​ថា ​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​៣០​ថ្ងៃ​នៅ​មុន​ថ្ងៃ​បោះឆ្នោត​ជា​ផ្លូវ​ការ។​

លោក​បាន​និយាយ​ថា៖​«ជា​ច្រើន​ដង​មក​ហើយ​ ​សន្លឹក​ឆ្នោត​ទាំង​នោះ​មាន​ដំណើរ​ការ​ស្វ័យ​ប្រវត្តិ​ពី​ព្រោះ​វា​ដូច​នៅ​ក្នុង​រោងចក្រ​ដែរ។​ នេះ​ជា​ការ​គ្រប់គ្រង​ស្តង់ដារ​មាន​គុណភាព​ខ្ពស់ពីព្រោះ​យើង​ត្រូវ​តែ​ពិនិត្យ​មើល​ហត្ថលេខា​ឱ្យ​បាន​ដិត​ដល់​ជាង​មុន»។​

លោក​ Kelly ​បាន​ថ្លែង​ថា​ ​ក្រុម​អ្នក​បោះឆ្នោត​អាច​តាម​ដាន​ដំណើរ​ការ​នៃ​សន្លឹក​ឆ្នោត​ពួក​គេ​គឺ​ដូច​ជា​វិធី​ដែល​ពួក​គេ​អាច​តាមដាន​កញ្ចប់​ទំនិញ​ដែល​បាន​ត្រូវ​ប្រគល់​ពិនិត្យ​សារ​ជា​ អក្សរ​ ឬ​ជា​កម្ម​វិធី​តាម​ដាន។​

លោក​បាននិយាយ​ថា៖​« កម្មវិធី​ តាម​ដាន​នេះ​ផ្តល់​ទិន្នន័យ​ឱ្យ​លោក​អ្នក​ច្រើន​ជាង​ទិន្នន័យ​អំពី​កញ្ចប់​ទំនិញ​ផ្ញើ​ដោយ​ក្រុម​ហ៊ុន​Amazon​ទៅ​ទៀត»។​

សន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍​ដែល​មិន​ត្រូវ​រាប់​

ក៏ប៉ុន្តែ​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​មិន​មែន​ជា​ដំណោះ​ស្រាយ​ដល់​ការ​ពិបាកៗ​ទាំង​អស់​ទេ។​មិន​មែន​សន្លឹក​ឆ្នោត​របស់​អ្នក​បោះឆ្នោត​ទាំង​អស់​ត្រូវ​រាប់​ទេ។​ បើ​តាម​ទីភ្នាក់​ងារ​ព័ត៌មាន ​AP​ ថា​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​កាលពី​ខែ​មីនា​ឆ្នាំ​២០២០​នៅ​ក្នុង​រដ្ឋ ​Californiaសន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍ប្រហែល​១​សែន​សន្លឹក​គឺ​ប្រមាណ​១,៥%​នៃ​សន្លឹក​ឆ្នោត​៧​លាន​សន្លឹក​ដែល​បាន​ត្រូវ​ផ្ញើ​តាម​ប្រៃសណីយ៍​នោះ មិន​បាន​ត្រូវ​រាប់​ទេ។​

បញ្ហា​ក្នុង​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​មាន​រួម​បញ្ចូល​សន្លឹក​ឆ្នោត​ដែល​បាន​ត្រូវ​ផ្ញើ​យឺត​ពេក​ឬ​ ពួក​អ្នក​បោះឆ្នោត​មិន​បាន​ចុះ​ហត្ថលេខា​លើ​ស្រោម​សំបុត្រ​ដាក់​សន្លឹក​ឆ្នោត​និង​ហត្ថលេខា​ពួក​អ្នក​បោះឆ្នោត​មិន​ដូច​ហត្ថលេខា​ដែល​អាជ្ញាធរ​រៀបចំ​ការ​បោះឆ្នោត​មាន​នៅ​ក្នុង​សំណុំ​ឯកសារ។​

កំណែ​ទម្រង់​នៅ​ទូទាំង​ប្រទេស​បាន​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ហើយ។​ នៅ​ឆ្នាំ​នេះ​រដ្ឋ​ California ​បាន​ពន្យារ​ពេល​ទទួល​សន្លឹក​ឆ្នោត​ដើម្បី​រាប់​គឺ​១៧​ថ្ងៃ​ក្រោយ​ថ្ងៃ​បោះឆ្នោត។​ បើ​សន្លឹក​ឆ្នោត​មាន​បញ្ហា​ ​ដូច​ជា​បញ្ហា​ហត្ថលេខា​មិន​ដូច​គ្នា​នឹង​ហត្ថលេខា​នៅ​ក្នុង​សំណុំ​ឯកសារ​ អាជ្ញាធរ​រៀបចំ​ការ​បោះឆ្នោត​ត្រូវទាក់​ទង​អ្នក​បោះឆ្នោត​ដើម្បី​អាច​ឱ្យ​ពួក​គេ​អាច​កែ​តម្រូវ​បញ្ហា​នេះ​បាន។​

ក៏​ប៉ុន្តែ​ទោះ​ជា​មាន​ការ​កែ​ទម្រង់​ទាំង​នោះ​ក៏​ដោយ ក៏​អ្នក​ស្រី​ Kim Alexander ​ប្រធាន​និង​ជា​អ្នក​បង្កើត​មូលនិធិ​អ្នក​បោះឆ្នោត​រដ្ឋ ​California ​បាន​និយាយ​ថា​ អ្នក​ស្រី​បារម្ភ​អំពី​ពួក​អ្នក​បោះឆ្នោត​វ័យ​ក្មេង​និង​ក្រុម​អ្នក​បោះឆ្នោត​ថ្មី។​

អ្នក​ស្រី​បាន​ថ្លែង​ថា៖​«ពួក​អ្នក​បោះឆ្នោត​វ័យ​ក្មេង​និង​ក្រុម​អ្នក​បោះឆ្នោត​ថ្មី​មាន​បញ្ហា​បី។​ពួក​គេ​មិន​ធ្លាប់​បោះឆ្នោត​ទេ។​ពួក​គេ​មិន​ដឹង​ថា​តើ​សេវា​ប្រៃសណីយ៍​ស.រ.អា.​មាន​ដំណើរ​បែប​ណា​ទេ។​ពួក​គេ​មិន​ដែល​ចុះ​ហត្ថលេខា​ទេ។​ពួក​គេ​មិន​ដែល​សរសេរ​សែក​ទេ។​ពួក​គេ​មិន​ដែល​ចុះ​ហត្ថលេខា​លើ​សែក​ទេ។​ដូច្នេះ​លោក​អ្នក​បូក​សរុប​បញ្ហា​ទាំងបី​នេះ​ហើយ​ការណ៍​នេះ​មានន័យ​ថា​ ​ត្រូវ​មាន​ការ​ទាក់ទង​ណែនាំ​ក្រុម​អ្នក​បោះឆ្នោត​ទាំង​នេះនិង​ពន្យល់​ពួក​គេ​អំពី​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​បែប​នេះ»។​

នេះ​ជា​អ្វី​ដែល​ពួក​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​កំពុង​ប្រញាប់​ប្រញាល់​ធ្វើ​នៅ​ពេល​នេះ​ដោយ​ពិនិត្យ​មើល​ការ​ចុះ​ឈ្មោះ​ក្រុម​អ្នក​បោះឆ្នោត​និង​បញ្ជូន​ឯកសារ​ដែល​ពន្យល់​អំពី​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍។

ក្រុម​មន្ត្រី​ទាំង​នេះ​បាន​និយាយ​ថា មិនមែន​អ្វីៗ​គ្រប់​យ៉ាង​សុទ្ធតែ​ដំណើរ​ការ​រលូន​ទាំង​អស់​ទេ​ហើយ​សាធារណ​ជន​ត្រូវតែ​មាន​ការ​អត់ធ្មត់។​

លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រហែល​នឹង​ចេញ​នៅ​ច្រើន​សប្តាហ៍​ក្រោយ​ថ្ងៃ​បោះឆ្នោត​គឺ​ប្រហែល​រហូត​ដល់​ខែ​ធ្នូ៕​

ប្រែសម្រួល​ដោយ​លោក​ ឈឹម សុមេធ

XS
SM
MD
LG