ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នយោបាយ​អាមេរិកាំង​វ័យ​ក្មេង​ជួប​គ.ជ.ប​ដើម្បី​ស្វែង​យល់​ការ​បោះឆ្នោត​​កម្ពុជា


គណៈ​កម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​បាន​ជួប​ជាមួយ​នឹង​ក្រុម​អ្នក​ដឹកនាំ​នយោបាយ​វ័យ​ក្មេង​កាលពី​ថ្ងៃទី​០១ តុលា ឆ្នាំ​២០១៩​នៅ​ការិយាល័យ​គ.ជ.ប. រាជធានីភ្នំពេញ។ (ទុំ ម្លិះ/VOA)
គណៈ​កម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​បាន​ជួប​ជាមួយ​នឹង​ក្រុម​អ្នក​ដឹកនាំ​នយោបាយ​វ័យ​ក្មេង​កាលពី​ថ្ងៃទី​០១ តុលា ឆ្នាំ​២០១៩​នៅ​ការិយាល័យ​គ.ជ.ប. រាជធានីភ្នំពេញ។ (ទុំ ម្លិះ/VOA)

សមាជិក​គណៈប្រតិភូ​វ័យ​ក្មេង​របស់​អាមេរិក​ទាំង​ប្រាំពីរ​រូប​គឺជា​អ្នក​ដឹកនាំ​នយោបាយ​ឆ្នើម​មក​ពី​គណបក្ស​នយោបាយ​ទាំងពីរ​របស់​សហរដ្ឋ​អាមេរិក ​គឺ​គណបក្ស​ប្រជាធិបតេយ្យ​​ និង​គណបក្ស​សាធារណរដ្ឋ ហើយ​ពួកគេ​សុទ្ធ​តែ​មាន​អាយុ​ក្រោម​៤០ឆ្នាំ។

តំណាង​គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សា​អ្នក​ដឹកនាំ​នយោបាយ​វ័យ​ក្មេង​មក​ពី​សហរដ្ឋ​អាមេរិក​ (ACYPL) ចំនួន​ប្រាំពីរ​រូប​នា​រសៀល​ថ្ងៃអង្គារ​នេះ ​បាន​ចូល​ជួប​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​(គ.ជ.ប)​ ដើម្បី​ពិភាក្សា​និង​ស្វែង​យល់​ពី​តួនាទី​ និង​នីតិវិធី​របស់​គ.ជ.ប. ក្នុង​ដំណើរ​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នេះ​គឺ​ជាជំនួប​លើក​ទី​មួយ​រវាង​គ.ជ.ប. ​និង​គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សា​អ្នក​ដឹកនាំ​នយោបាយ​វ័យ​ក្មេង​មក​ពី​សហរដ្ឋ​អាមេរិក ក្រោយ​ពី​គ.ជ.ប​ កម្ពុជា​ទទួល​រង​ការ​រិះគន់​ក្នុង​ការ​បោះឆ្នោត​នា​ពេល​កន្លង​មក។

លោក ហង្ស ពុទ្ធា​ អ្នកនាំពាក្យ​គ.ជ.ប.​និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ជំនួប​សវនាការ​ជាមួយ​នឹង​ក្រុម​អ្នក​ដឹកនាំ​នយោបាយ​វ័យ​ក្មេង​កាលពី​ថ្ងៃទី​០១ តុលា ឆ្នាំ​២០១៩​នៅ​ការិយាល័យ​គ.ជ.ប. រាជធានីភ្នំពេញ។ (ទុំ ម្លិះ/VOA)
លោក ហង្ស ពុទ្ធា​ អ្នកនាំពាក្យ​គ.ជ.ប.​និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ជំនួប​សវនាការ​ជាមួយ​នឹង​ក្រុម​អ្នក​ដឹកនាំ​នយោបាយ​វ័យ​ក្មេង​កាលពី​ថ្ងៃទី​០១ តុលា ឆ្នាំ​២០១៩​នៅ​ការិយាល័យ​គ.ជ.ប. រាជធានីភ្នំពេញ។ (ទុំ ម្លិះ/VOA)

លោក ហង្ស ពុទ្ធា ​អ្នក​នាំ​ពាក្យ​ គ.ជ.ប.​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ពី​ជំនួប​អស់​រយៈពេល​ជិត​ពីរ​ម៉ោង​ថា​ ជំនួប​នៅ​ថ្ងៃ​នេះ​នឹង​ជួយជា​មូលដ្ឋាន​ដល់​ការ​វាយ​តម្លៃ​លើ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។​

«ថ្ងៃណា​មួយ​ពួកគាត់​អាច​ក្លាយ​ជា​មេដឹក​នាំ​សំខាន់ៗ​នៃ​សហរដ្ឋ​អាមេរិក​ផង​ដែរ ​អ៊ីចឹង​ការ​យល់​ដឹង​ឲ្យ​បាន​ច្បាស់​ពី​សភាពការណ៍​នៅ​កម្ពុជា​អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា​ នេះ​ជា​ការ​ចាំបាច់​មួយ​ដែល​ពួកគាត់​ត្រូវ​តែ​ស្គាល់​ឲ្យ​ច្បាស់ ​ចៀសវាង​ការ​វាយ​តម្លៃ​ណាមួយ​ដោយ​ភ័ន្ត​ច្រឡំ​អំពី​ការពិត​នៅ​កម្ពុជា​បាទ»។

សមាជិក​គណៈប្រតិភូ​វ័យ​ក្មេង​របស់​អាមេរិក​ទាំង​ប្រាំពីរ​រូប​គឺជា​អ្នក​ដឹកនាំ​នយោបាយ​ឆ្នើម​មក​ពី​គណបក្ស​នយោបាយ​ទាំងពីរ​របស់​សហរដ្ឋ​អាមេរិក ​គឺ​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ ហើយ​ពួកគេ​សុទ្ធ​តែ​មាន​អាយុ​ក្រោម​៤០ឆ្នាំ។​ គណៈ​ប្រតិភូ​នេះ​ដឹក​នាំ​ដោយ​លោក Ben Stratmann អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

លោក កន សាវាង្ស ​មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការឃ្លាំ​មើល​ការ​បោះឆ្នោត​ខុមហ្វ្រែល ​បាន​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ជំនួប​រវាង​ក្រុម​អ្នក​នយោបាយ​វ័យ​ក្មេង​អាមេរិកាំង​ ជាមួយ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​កម្ពុជា ​គឺ​ជា​រឿង​ល្អ​សម្រាប់​អ្នក​នយោបាយ​វ័យ​ក្មេង​អាមេរិក​ទាំង​នេះ។ លោក​លើក​ឡើង​ថា ​យុវជន​អាមេរិកាំង​គួរ​សិក្សា​ពី​ដំណើរ​ការ​បោះឆ្នោត​ពី​ប្រទេស​ផ្សេងៗ​ ជាពិសេស​កម្ពុជា​ ទោះជា​ទម្រង់​សមាសភាព​ថ្នាក់​ដឹកនាំ​របស់​ គ.ជ.ប.មាន​ការ​ខុស​ប្លែក​ក៏​ដោយ។

«អព្យាក្រិត​ឬ​ក៏​ឯករាជ​កម្រិត​ណា​ អាហ្នឹងទាល់តែ​យើង​សិក្សា​បន្ថែម​ទៀត ​ប៉ុន្តែ​សម្រាប់​ជាទូទៅ ​យើង​មើល​ឃើញ​ថា ​ទម្រង់​របស់​សមាជិក ​សមាសភាព​របស់គ.ជ.ប.​ មាន​ការ​ខុស​ប្លែក​ ហើយ​មិន​ដូចជា​ភាព​ដើម​ទេ​បាទ»។

ក្រុម​អ្នក​ដឹកនាំ​នយោបាយ​វ័យ​ក្មេងនៃ​សហរដ្ឋ​អាមេរិក​ក​បាន​ជួប​ជាមួយ​នឹង​គណៈ​កម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)កាលពី​ថ្ងៃទី​០១ តុលា ឆ្នាំ​២០១៩​នៅ​ការិយាល័យ​គ.ជ.ប. រាជធានីភ្នំពេញ។ (ទុំ ម្លិះ/VOA)
ក្រុម​អ្នក​ដឹកនាំ​នយោបាយ​វ័យ​ក្មេងនៃ​សហរដ្ឋ​អាមេរិក​ក​បាន​ជួប​ជាមួយ​នឹង​គណៈ​កម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)កាលពី​ថ្ងៃទី​០១ តុលា ឆ្នាំ​២០១៩​នៅ​ការិយាល័យ​គ.ជ.ប. រាជធានីភ្នំពេញ។ (ទុំ ម្លិះ/VOA)

ទោះ​យ៉ាង​ណា​វីអូអេ​មិន​អាច​សុំការ​អធិប្បាយ​ពី​លោក Ben Stratmann អ្នក​ដឹក​នាំ​គណៈប្រតិភូ​ទាំង​៧​រូប​នេះ​បាន​ទេ ដោយ​លោក​ជាប់​រវល់​ទៅ​ចូល​រួម​ការ​ប្រជុំ​មួយ​ផ្សេងទៀត។

ការ​បោះឆ្នោត​ថ្នាក់ជាតិ​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៨ ​បាន​ទទួល​រង​ការ​រិះគន់​ខ្លាំង​ពី​សង្គម​ស៊ីវិល​និង​សហគមន៍​អន្តរជាតិ​ ថា​មិន​មាន​ភាព​សុក្រិត​និង​យុត្តិធម៌​ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល ​ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជ័យ​ជម្នះ​ទាំងស្រុង ​សម្រាប់​នីតិកាល​ទី​៦​ ដោយ​ស្រូប​យក​អាសនៈ​ទាំង​១២៥​ក្នុង​រដ្ឋ​សភា។

កាល​ពី​ចុង​ឆ្នាំ​២០១៧ ​មន្ត្រី​គ.ជ.ប. បី​រូបមក​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លាលែង​ពី​តំណែង​បន្ទាប់​ពី​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ។ បន្ទាប់​មក​ស្ថាប័ន​រៀប​ចំ​ការ​បោះឆ្នោតមួយ​នេះ​បាន​រើស​មន្ត្រី​បី​រូប​មក​ជំនួស។ មន្ត្រី​ដែល​ត្រូវ​បាន​ជ្រើស​រើស​ថ្មី​គឺ​ម្នាក់​មក​ពី​គណបក្ស​ហ៊្វុនស៊ីនប៉ិច ​និង​ពីរ​នាក់ទៀត​មកពី​គណបក្ស​សញ្ជាតិ​កម្ពុជា និង​អង្គការ​មិនមែន​រដ្ឋាភិបាល ​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​សុទ្ធ​តែ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​គណបក្ស​កាន់អំណាច​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន៕

XS
SM
MD
LG