ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដូច​រំពឹងទុក​លទ្ធផល​បឋម​បង្ហាញ​ថា ​គណបក្ស​របស់​លោក​ហ៊ុន សែន​ឈ្នះ​លើសលប់​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​រាជធានីខេត្ត​ក្រុងស្រុក​ខណ្ឌ


សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ​ ចូល​រួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ ក្រុង​ ស្រុក ​ខណ្ឌ ​នៅ​សាលា​បឋមសិក្សា​ទួលគោក​ រាជធានី​ ភ្នំពេញ​ កាលពី​ថ្ងៃទី​២៦ ខែ​ ឧសភា​ ឆ្នាំ​ ២០១៩។ (ហ៊ុល រស្មី/VOA)

ប្រទេស​កម្ពុជា​បាន​ធ្វើ​ការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​រាជធានីខេត្ត​ក្រុងស្រុក​ខណ្ឌនៅ​តាម​ការិយាល័យបោះឆ្នោត​ចំនួន​២០៣ដែល​មតិជាច្រើន​និយាយ​ថា ​ជាការ​បោះឆ្នោត​បង្គ្រប់​កិច្ច​ ព្រោះគ្មាន​ការ​ប្រកួត​ប្រជែង​ពិតប្រាកដ​ក្រោយពី​តុលាការ​គណបក្សកាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពីខែវិច្ឆិកា​ឆ្នាំ​២០១៧។

គណបក្ស​កាន់​អំណាច​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ត្រូវ​អ្នក​ឃ្លាំមើល​នយោបាយ​កម្ពុជា​ មើល​ឃើញ​ជា​មុនថា​ នឹង​ក្តោប​យក​អាសនៈ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ ស្រុក​ខណ្ឌ​ ស្ទើរ​តែ​ទាំង​អស់​ ជាង​៤០០០ ព្រោះ​អង្គ​បោះឆ្នោត​ស្ទើរតែ​ទាំងអស់​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ក្រោយពី​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) បាន​ដក​អាសនៈ​ក្រុម​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​របស់​គណបក្ស​សង្គ្រោះជាតិ​ជាង​៥ពាន់​ដែល​ជា​អង្គបោះឆ្នោត​អសកល​នេះ​ ហើយ​ឲ្យ​ទៅ​គណបក្ស​របស់​លោក​ហ៊ុន សែន​ ​ភាគ​ច្រើនតាម​រូបមន្ត​បែង​ចែក​អាសនៈ​ឡើង​វិញ។

ដូចការ​រំពឹងទុក​ការ​បោះឆ្នោត​នេះ​មិនមាន​ការ​តវ៉ា​ ឬ​អំពើហិង្សា​ទេ ​ហើយ​លទ្ធផល​ក៏នឹង​មិនខុស​ពី​ការ​រំពឹង​ទុក​ដែរ​គឺ​គណបក្ស​របស់​លោក​ហ៊ុន សែន​នឹង​ឈ្នះ​ភ្លូក​ទឹកភ្លូក​ដី​តែ​ម្នាក់​ឯង។​

តាម​ច្បាប់​បោះឆ្នោត​កម្ពុជា​ អាសនៈចំនួន​៤ពាន់​១១៤​ សម្រាប់​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត ក្រុងស្រុក​ខណ្ឌ​ មិន​ត្រូវ​បាន​ជ្រើសរើស​ដោយ​សាធារណជន​នោះ​ទេ​ ប៉ុន្តែ​អ្នក​ដែល​អាច​ជ្រើស​រើស​បាន​នោះ​ មានតែ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​១ម៉ឺន១ពាន់​៥៧២​នាក់​ ដែល​ភាគ​ច្រើន​មក​ពីគណ​បក្ស​កាន់​អំណាច។​

តាម​សេចក្តី​ប្រកាស​របស់​គ.ជ.ប.​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​បាន​ឲ្យ​ដឹង​ថា​ ដំណើរ​ការបោះឆ្នោត​នៅ​តាម​ការិយាល័យ​ទូទាំង​ប្រទេស​សរុប​២០៣​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ គ្មាន​ការ​រាំងស្ទះ​ និង​គ្មាន​អំពើហិង្សា។ តែ​ជា​អកសល​ មាន​អង្គ​បោះឆ្នោត​មួយ​រូប​បានស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ក្នុង​ឃុំ​ក្រែក​ ស្រុក​ពញាក្រែង​ ខេត្ត​ត្បូងឃ្មុំ។

គ.ជ.ប.​បាន​ចេញ​លទ្ធផល​បណ្តើរៗ​អំពីការ​បោះឆ្នោត​ដែលមាន​គណបក្ស​ចំនួន​៦​ចូល​រួម។ ​ដូចរំពឹងទុក​យោង​តាម​លទ្ធផល​បណ្តើរៗ​នេះ​ ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែន​ឈ្នះ​ដាច់៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG