ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស្រ្តី​អាមេរិក​ម្នាក់​​ត្រូវ​បាន​តុលាការកាត់​ទោស​ពី​ការ​រត់​ពន្ធ​ម៉ាស៊ីន​យន្តហោះ​យោធា​លក់​ឲ្យ​ចិន


ស្រ្តី​ឈ្មោះ Wenxia Man ​ត្រូវ​បាន​ចាប់​ខ្លួន​ចំពោះ​​ការ​ប៉ុនប៉ង​ធ្វើ​ជា​ឈ្មួញ​កណ្តាល​នៃ​ការ​លក់​ឧបករណ៍​យោ​ធា​ ដែល​មាន​តម្លៃ​៥០​លាន​ដុល្លារ​ទៅ​ឲ្យ​រដ្ឋាភិបាល​ចិន។

មុន​ពេល​ស្រ្តី​ឈ្មោះ Wenxia Man ​ត្រូវ​បាន​ចាប់​ខ្លួន​ចំពោះការ​ប៉ុនប៉ង​ធ្វើ​ជា​ឈ្មួញ​កណ្តាល​នៃ​ការ​លក់​ឧបករណ៍​យោ​ធា​ ដែល​មាន​តម្លៃ​៥០​លាន​ដុល្លារ​ទៅ​ឲ្យ​រដ្ឋាភិបាល​ចិន ​បុគ្គល​ខ្លួន​គាត់​ផ្ទាល់បាន​ដឹង​ពី​ភាព​គ្រោះ​ថ្នាក់។

នៅ​ក្នុង​ការ​សន្ទនា​ជាមួយភ្នាក់ងារ​សហព័ន្ធ​បង្កប់​ខ្លួនជា​អ្នក​ជំនួញ ​ស្រ្តី​រស់​នៅ​ក្នុង​រដ្ឋកាលីហ្វ័ញ៉ា​រូប​នេះ​បាន​សារភាព​ថា ​គាត់​បាន​ដឹង​ថា ​ការរត់​ពន្ធ​ម៉ាស៊ីន​យន្តហោះ​ចំនួន​បី និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ចេញ​ពី​សហរដ្ឋ​អាមេរិកនឹង​ក្លាយ​ជាការ​ខុសច្បាប់។ នេះ​យោ​ងតាមឯកសារ​របស់​តុលាការ​សហព័ន្ធ។

ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ​ពួក​អាជ្ញាធរ​និយាយ​ថា អ្នកស្រី​នៅ​តែ​ធ្វើ​ដោយទាក់​ទង​ជាមួយឈ្មួញ​ក្លែងក្លាយនិងចារកម្ម​បច្ចេក​វិទ្យា​ចិន​ឈ្មោះ Xinsheng Zhangដែល​បាន​ធ្វើ​ជា​ភ្នាក់​ងារ​ផ្លូវការ​ឲ្យ​រដ្ឋាភិបាល​ចិន​ ដើម្បី​នាំចូល​ឧបករណ៍​និង​ទិន្ន​ន័យយោធា។

ឥឡូវ​នេះ អ្នកស្រី Man មាន​អាយុ​៤៥ឆ្នាំ ​ដែល​រៀប​ការ​មាន​កូន​ជំទង់​ពីរ​នាក់​ និង​ជា​អនុប្រធាន​ក្រុម​ហ៊ុន​គ្រឿង​បម្លាស់​បច្ចេក​វិទ្យា​នៅ​ក្រុង San Diego ​ដែល​មាន​ឈ្មោះ Wency ​ដែរ​នោះ ​នឹង​ត្រូវ​ជាប់​គុក​៥០​ខែ ចំពោះ​តួនាទី​របស់​គាត់​នៅ​ក្នុង​ផែនការ​នេះ។​ចៅក្រម​បានសម្រេចកាត់​សេចក្តី​នេះ​នៅ​ក្នុង​តុលាការ​ស្រុក Florida ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​កាល​ពី​សប្តាហ៍​មុន។

អ្នកស្រី ​Man ​បាន​ទទួល​ប្រាក់​ទឹក​តែ​មួយ​លានដុល្លា​ពី​ការ​លក់​នេះ ​ប្រសិន​បើការលក់​នេះធ្វើ​ទៅ​បាន។

សហរដ្ឋ​អាមេរិក ​បាន​ដាក់​ទណ្ឌ​កម្ម​មិនលក់អាវុធ​ឲ្យ​ចិន​ចាប់​តាំង​ពី​ឆ្នាំ​១៩៩០មក ​ក្រោម​លក្ខខណ្ឌ​ថា គ្មាន​ឧបករណ៍​ការពារ​ប្រទេស​ណា ​អាច​ត្រូវ​បាន​លក់​ឬ​ផ្ទេរ​ទៅ​ឲ្យ​ប្រទេស​នោះ​ដោយ​គ្មាន​ការ​ព្រម​ព្រៀងជាលាយលក្ខណ៍​អក្សរ​ពី​រដ្ឋាភិបាល​បាន​ទេ​ហើយ​អ្នក​ស្រី Manមិន​បាន​ចុះ​បញ្ជី​ជាមួយ​រដ្ឋាភិបាលជា​ឈ្មួញ​កណ្តាលទេ។ អ្នកស្រី Man ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខែ​កញ្ញា​ ឆ្នាំ​២០១៥​ ហើយ​មិន​បាន​សារភាព​ទទួល​ទោស​លើ​បទ​ចោទ​ប្រកាន់​សហព័ន្ធ​ពីការ​ឃុប​ឃិត​នាំ​ចេញ​ និង​មាត្រា​នៃ​ការ​នាំ​ចេញឧបករណ៍​ការ​ពារ​ប្រទេស​ពី​សហរដ្ឋ​អាមេរិក​ និង​ជា​ឈ្មួញ​កណ្តាល​គ្មាន​អាជ្ញាបណ្ណ។គណៈ​វិនិច្ឆ័យ​បានចោទ​ប្រកាន់​អ្នកស្រី​នៅ​ខែ​កក្កដា។

អ្នកស្រី Man ដែល​កើត​នៅ​ក្នុង​ប្រទេស​ចិន ​បាន​ទទួល​សញ្ជាតិ​អាមេរិក​តាំង​ពី​ឆ្នាំ​២០០៦៕

XS
SM
MD
LG