ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ទីរបញ្ចកោណ​៖ ​ការ​វាយ​ប្រហារ​លើ​មន្ទីរ​ពេទ្យ​នៅ​អាហ្វហ្គានីស្ថាន​មិន​មែន​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម


ឧត្តម​សេនីយ៍​ Joseph Votel មេ​បញ្ជាការ​នៃ​ទីបញ្ជាការ​កណ្តាលយោធា​សហរដ្ឋអាមេរិក​ ​បាន​ថ្លែងត្រួសៗ​​ប្រាប់​អ្នក​សាព័ត៌មាន​អំពី​ការ​ចេញ​សេចក្តី​សន្និដ្ឋាន​លើ​ការ​ស៊ើប​អង្កេត កាល​ពី​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ២០១៦។
ឧត្តម​សេនីយ៍​ Joseph Votel មេ​បញ្ជាការ​នៃ​ទីបញ្ជាការ​កណ្តាលយោធា​សហរដ្ឋអាមេរិក​ ​បាន​ថ្លែងត្រួសៗ​​ប្រាប់​អ្នក​សាព័ត៌មាន​អំពី​ការ​ចេញ​សេចក្តី​សន្និដ្ឋាន​លើ​ការ​ស៊ើប​អង្កេត កាល​ពី​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ២០១៦។

កង​យោធា​ស.រ.អា.​បាន​ដាក់​ទណ្ឌកម្ម​ទាហាន​ស.រ.អា.​១៦​នាក់​ចំពោះ​មុខនាទី​របស់​ពួក​គេ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​ដ៏​ប្រល័យ​នៅ​ក្នុង​ប្រទេស​ អាហ្វហ្គានីស្ថាន​ កាល​ពី​ឆ្នាំ​ទៅ​មិញ​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​៤២​នាក់​ស្លាប់​និង​បាន​បំផ្លាញ​មន្ទីរ​ពេទ្យ​មួយ​ដែល​ធ្វើ​កិច្ចការអង្គការ​សប្បុរសធម៌​អន្តរជាតិរបស់​អង្គការ​វេជ្ជបណ្ឌិត​គ្មាន​ព្រំដែន។ ​

កងយោធា​អាមេរិកាំង​បាន​សន្និដ្ឋាន​ថា​ឧប្បត្តិហេតុ​នេះ​មិន​មែន​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទេ។​

លោក​ឧត្តមសេនីយ៍​ Joseph Votel ​អគ្គ​មេបញ្ជាការ​នៃ​ទី​បញ្ជាការ​កណ្តាល​ស.រ.អា.​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​អ្នក​កាសែត​នៅ​ឯ​ក្រសួង​ការពារ​ប្រទេស​ស.រ​.អា.​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ការស៊ើប​អង្កេត​អំពី​ឧប្បត្តិហេតុ​នេះ​បាន​រក​ឃើញ​ថា​សោកនាដកម្ម​នេះ​ជា​លទ្ធផល​មួយ​នៃ​«ស្ថានការណ៍​តឹង​តែង​ខ្លាំង»​ដែល​មាន​រួម​បញ្ចូល​ទាំង​ការ​ខូច​គ្រឿង​ឧបករណ៍​ច្រើន​ផង​ដែរ។​

លោក​ Votel ​បាន​ថ្លែង​ថា​ការ​វាយ​ប្រហារ​តាម​អាកាស​នេះ​មិន​អាចត្រូវ​ចាត់​ទុក​ថា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​បាន​ទេ​ ពី​ព្រោះ​«ពួក​បុគ្គលិក​យោធាដែល​មាន​ទាក់​ទិន​ទាំង​នេះ​មិន​បាន​ដឹង​ទេ​ថា​ ពួក​គេ​បាន​យក​អាគារ​ពេទ្យ​ជា​ទីដៅ​នៃ​កាវាយ​ប្រហារ​ឡើយ»។

លោក​ Votel ​បាន​គូស​បញ្ជាក់​ថា​ «ពួក​ទាហាន​ទាំងនេះ​បានខិត​ខំព្យាយាម​គាំ​ទ្រ​ពួកដៃ​គូអាហ្វហ្គានីស្ថាន​របស់​យើង។​ ពួក​គេ​គ្មាន​បំណង​ធ្វើអ្វី​តាម​ផ្លូវ​កាត់​ឬ​រំលោភ​លើ​បទ​បញ្ញត្តិ​ណា​មួយ​ដែល​មាន​ចែង​សម្រាប់​ពួក​គេ​ទេ»។

ការ​រក​ឃើញ​នេះ​មាន​ភាព​ស៊ីសង្វាក់​ជាមួយ​ការ​ស៊ើប​អង្កេត​ដំបូង​មួយ​ដែល​បាន​ត្រូវ​ចេញ​ផ្សាយ​ដោយ​កង​យោធា​ស.រ.អា.​កាល​ពី​ខែ​វិច្ឆិកា​ ដែល​នៅ​ពេល​នោះ​ពួក​មេបញ្ជាការ​យល់​ថា​ កង​កម្លាំង​ស.រ.អា.​ទាំង​នៅ​លើ​ដី​និង​ទាំង​នៅ​ក្នុង​អាកាស​មិន​បាន​យក​មន្ទីរ​ពេទ្យ​នេះ​ជាទី​ដៅ​នៃ​ការ​វាយ​ប្រហារ​ដោយ​ចេតនា​ទេ។

បើ​តាម​លោក ​Votel ​ការ​ដាក់​ទណ្ឌកម្ម​យោធា​មាន​រួម​បញ្ចូល​លិខិត​ស្តី​បន្ទោស​ដែល​អាច​នាំ​ឱ្យ​មាន​«ការ​មិន​ឱ្យ​ឡើង​ឋានន្តរស័ក្តិ»​និង​«លទ្ធភាព​នៃ​ការ​ការ​ដក​ចេញ​ពី​សេវាកម្ម​យោធា​ផងដែរ»។​ សមាជិក​១៦​នាក់​នៃ​ក្រុម​យោធា​អាមេរិកាំង​ដែល​បាន​ត្រូវ​រក​ឃើញ​ថា​មាន​កំហុស​ មាន​រួម​បញ្ចូល​ឧត្តមសេនីយ៍​ផ្កាយ​ពីរ​ម្នាក់​ផង​ដែរ៕

XS
SM
MD
LG