ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ការ​ដាក់​ឲ្យ​មាន​វត្តមាន​យោធា​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង


រូបឯកសារ៖ កប៉ាល់​របស់​ចិន​ត្រូវ​យក​ទៅប្រើ​ប្រាស់​ដើម្បី​ពង្រីក​រូបរាង និង​ទំហំដី​នៅ​តំបន់​កោះ Spratly នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង កាល​ពី​ថ្ងៃទី២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
រូបឯកសារ៖ កប៉ាល់​របស់​ចិន​ត្រូវ​យក​ទៅប្រើ​ប្រាស់​ដើម្បី​ពង្រីក​រូបរាង និង​ទំហំដី​នៅ​តំបន់​កោះ Spratly នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង កាល​ពី​ថ្ងៃទី២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៤។

រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក​ ចន ឃែរី (John Kerry) បាន​ធ្វើ​ការ​រិះគន់​ចិន​ហើយ​បាន​ថ្លែង​ថា​ មិន​គួរ​មាន​វត្តមាន​យោធា​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ទេ។

រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក​ ចន ឃែរី (John Kerry) បាន​ធ្វើ​ការ​រិះគន់​ចិន​ហើយ​បាន​ថ្លែង​ថា​ មិន​គួរ​មាន​វត្តមាន​យោធា​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ទេ។ ការ​ថ្លែងនេះ​កើត​ឡើង​ក្រោយពី​ទទួល​បាន​ព័ត៌មាន​មក​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដាក់​ពង្រាយ​កាំជ្រួច​មីស៊ីល ដែល​បាញ់​ពី​ផ្ទៃដី​ទៅ​លើ​អាកាស​ នៅ​ឯ​កោះ​កំពុង​មាន​ជម្លោះ​ ដែល​ខ្លួន​ត្រួត​ត្រា​នៅ​តាម​ផ្លូវ​ទឹក​យុទ្ធសាស្ត្រ។​

លោក​ Kerry បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា៖​«ពួក​យើង​បាន​និយាយ​ដដែលៗ​ ដោយ​ការ​គោរព​ចំពោះ​ចិន​ថា​ បទដ្ឋាន​ដែល​ប្រទេស​ទាំង​អស់​ត្រូវ​តែ​គោរព​ទៅ​តាម​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ គឺ​មិន​ត្រូវ​មាន​វត្តមាន​យោធា​នោះ​ទេ»។​ លោក​បាន​បញ្ជាក់​ដោយ​ចំពោះ​ថា​ នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​ចិន​ ស៊ី ជិនពីង បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ឆ្នាំ​មុន ​និង​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា ​នោះ​ លោក​បាន​សន្យា​ថា​ នឹង​មិន​ដាក់​យោធា​នៅ​ក្នុង​ដែន​សមុទ្រ​នោះ​ទេ។​

លោក​ ឃែរី ថ្លែង​បន្ថែម​ថា៖​«ប៉ុន្តែ​មាន​គ្រប់​ភស្តុតាង​ ជា​រៀង​រាល់​ថ្ងៃ​អំពី​ការ​កើន​ឡើង​នៃ​ការ​ដាក់​វត្តមាន​យោធា​គ្រប់​បែប​យ៉ាង។​ នេះ​ជា​ការ​ព្រួយ​កង្វល់​ដ៏​ធ្ងន់​ធ្ងរ​មួយ។​ ពួក​យើង​បាន​ធ្វើ​ការ​ពិភាក្សា​ជាមួយ​នឹង​ចិន​ ហើយ​ខ្ញុំ​មាន​ជំនឿ​ថា​ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​យើង​នឹង​មាន​ការ​ពិភាក្សា​កាន់តែ​ធ្ងន់ធ្ងរ​ស៊ី​ជម្រៅ​ជាង​នេះ​ទៅ​លើ​បញ្ហា​នេះ»។​

រូបឯកសារ៖ លោក ចន ឃែរី រដ្ឋមន្ត្រីការបរទេស​អាមេរិក ថ្លែងសុន្ទរកថានៅ​ក្នុង​សន្និសីទ​សន្តិសុខ Munich នៅ​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់ កាលពីថ្ងៃទី១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
រូបឯកសារ៖ លោក ចន ឃែរី រដ្ឋមន្ត្រីការបរទេស​អាមេរិក ថ្លែងសុន្ទរកថានៅ​ក្នុង​សន្និសីទ​សន្តិសុខ Munich នៅ​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់ កាលពីថ្ងៃទី១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

ថ្លែង​នៅ​ឯ​មន្ទី​របញ្ចកោណ​ ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ VOA​ ថា​ ការ​ដាក់​កាំជ្រួច​មីស៊ីល​របស់​ចិន​ គឺ​ជា​ទិដ្ឋភាព​នៃ​ជម្លោះ​ទឹកដី​ដ៏​ស្មុគស្មាញ​មួយ​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ប្រទេស​ជា​ច្រើន ​ដែល​មាន​ព្រំប្រទល់​ជាមួយ​នឹង​សមុទ្រ​ចិន​ខាង​ត្បូង។​ ប្រភព​ដដែល​បាន​បន្ថែម​ថា​ សហរដ្ឋ​អាមេរិក​កំពុង​ឃ្លាំ​មើល​ស្ថានការណ៍​នេះ​យ៉ាង​ដិតដល់។​

មន្ត្រី​អាមេរិកាំង​មួយ​រូប​ទៀត​បាន​ថ្លែង​ប្រាប់​ VOA ថា​ កាំជ្រួច​របស់​ចិន​ គឺ​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ការពារ​តាម​អាកាស​ HQ-9​ ដែល​អាច​មាន​វង់​ប្រតិបត្តិការ​ក្នុង​រយៈ​ចម្ងាយ​ ២០០គីឡូម៉ែត្រ។​

ការ​មក​ដល់​នៃ​កាំជ្រួច​ចិន​នៅ​លើ​កោះ​ Woody ដែល​ជា​កោះ​តូច​មួយ​នៅ​ក្នុង​តំបន់ ​ដែល​ចិន​បាន​ពង្រីក​ដែន​ដី​របស់​ខ្លួន​តាមរយៈ​ការ​បូម​ខ្សាច់​ និង​ការ​សាង​សង់​នានា​ ត្រូវ​បាន​រាយការណ៍​ដំបូង​តាម​រយៈ​បណ្តាញ​ទូរទស្សន៍​ Fox News របស់​អាមេរិក​ ដោយ​សម្អាង​ទៅ​លើ​រូបភាព​តាម​ផ្កាយ​រណប ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​ស៊ីវិល​មួយ។​ អ្វី​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​នោះ​គឺ​ ទម្រ​នៃ​កាំជ្រួច​មុខ​ប្រាំបី​ដែល​បាញ់​ពី​ផ្ទៃដី​ទៅ​កាន់​អាកាស​ និង​ប្រព័ន្ធ​ Radar​មួយ។​

អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​ VOA​ ប្រចាំ​នៅ​មន្ទីរ​បញ្ចកោណ​បាន​ប្រាប់​ថា៖​«មិន​មាន​ហេតុផល​ណា​មួយ​ត្រូវ​មាន​ការ​សង្ស័យ​ទៅ​លើ​រូប​ភាព​ទាំង​នោះ​ឡើយ»។​
បញ្ហា​កាំជ្រួច​មីស៊ីល​នេះ​បាន​ផ្ទុះ​ឡើង​ ខណៈ​ដែល​លោក​ប្រធានាធិបី​ អូបាម៉ា​ កំពុង​បញ្ចប់​កិច្ច​ប្រជុំ​ដ៏​សំខាន់​មួយ​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ នៅ​ក្នុង​រដ្ឋ​ កាលីហ្វរញ៉ា។ លោក​ អូបាម៉ា​ បាន​ជំរុញ​ឲ្យ​ភាគី​ទាំង​អស់​អត់ធ្មត់​នៅ​ក្នុង​តំបន់ ​និង​ផ្អាក​ការ​ដាក់​វត្តមាន​យោធា​នៅ​ក្នុង​តំបន់​ដែន​សមុទ្រ​ដែល​មាន​ជម្លោះ។​

ការ​បញ្ជាក់​របស់​អាមេរិក​និង​តៃវ៉ាន់

មន្ត្រី​ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក​មួយ​រូប ​បាន​ធ្វើ​ការ​បញ្ជាក់​ក្រោយ​មក​ទៀត​អំពី​ការ​ដាក់​កាំជ្រួច​មីស៊ីល​ ដូច​ទៅ​នឹង​អ្វី​ដែល​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ ​លោក​ឧត្តម​សេនីយ៍​ទោ​ David Lo​ បាន​លើក​ឡើង​ផង​ដែរ។​

លោក​ Lo បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា៖​«ភាគី​ដែល​ចាប់​អារម្មណ៍​គួរ​តែ​ធ្វើ​ការ​រួម​គ្នា​ ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​ត្រូវ​អត់​ធ្មត់​ដោយ​មិន​ត្រូវ​ចាត់​វិធានការ​ឯកតោ​ភាគី​ ដែល​នឹង​បង្កើន​ភាព​តានតឹង​នោះ​ទេ»។​

កោះ​ Woody ឬ​ដែល​ចិន​ហៅ​ថា​កោះ​ Yongxing និង​វៀតណាម​ហៅ​ថា​កោះ Phu Lam គឺ​ជា​កោះ​ដ៏​ធំ​បំផុត​នៃ​ប្រជុំ​កោះ​ Paracel ហើយ​ស្ថិត​នៅ​ភាគ​ខាង​ជើង​បំផុត​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ ភាគ​ខាង​កើត​នៃ​ទីក្រុង​ Da Nangដែល​ជា​ទីក្រុង​ស្ថិត​នៅ​ភូមិភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម។​ កោះ​ Woody ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ចិន​តាំង​ពី​ឆ្នាំ​១៩៥៦​ ហើយ​និង​ជា​ទីក្រុង​ ដែល​ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​របស់​អភិបាល​ខេត្ត​ Hainan ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​របស់​ចិន។​ កោះ​នេះ​ក៏​ត្រូវ​បាន​ទាមទារ​ដោយ​វៀតណាម​ និង​តៃវ៉ាន់​ផង​ដែរ។

លោក Wang Yi រដ្ឋ​មន្ត្រី​ការបរទេស​ចិន ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅទីក្រុង ប៉េកាំង ប្រទេសចិន កាលពី​ថ្ងៃទី១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
លោក Wang Yi រដ្ឋ​មន្ត្រី​ការបរទេស​ចិន ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅទីក្រុង ប៉េកាំង ប្រទេសចិន កាលពី​ថ្ងៃទី១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

ប្រតិកម្ម​របស់​ចិន​

រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​របស់​ចិន​លោក​ Wang Yi​ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​បស្ចិម​ប្រទេស​គួរ​ផ្តោត​ទៅ​លើ​ ប៉ម​បំភ្លឺ​ផ្លូវ​ និង​អគារ​ឧត្តុនិយម ​ដែល​ចិន​កំពុង​សាងសង់​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។
នៅ​ក្នុង​អំឡុង​ពេល​សន្និសីទកាសែត​ ក្រោយ​ពី​មាន​ការ​ប្រជុំ​ជា​មួយ​នឹង​លោកស្រី​ Julie Bishop សមភាគី​អូស្ត្រាលី ដែល​កំពុង​តែធ្វើទស្សនកិច្ច​នៅចិន​ លោក​ Wang មិន​បាន​បដិសេធ​សេចក្តី​រាយការណ៍​ជុំវិញ​បញ្ហា​ការ​ដាក់​កាំជ្រួច​មីស៊ីល​នោះ​ទេ​ ប៉ុន្តែ​បាន​ហៅ​ព័ត៌មាន​ជុំវិញ​ការ​ដាក់​កាំ​ជ្រួច​មីស៊ីល​នោះ​ គឺ​ជា​ការ​ប៉ុនប៉ង​បង្កើត​ព័ត៌មាន​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​បស្ចិម​ប្រទេស​តែ​ប៉ុណ្ណោះ»។​

លោក​ Wang បាន​សម្គាល់​ពី​អ្វី​ ដែល​លោក​បាន​លើក​ឡើង​ជុំវិញ​សិទ្ធិ​របស់​ចិន​ក្នុង​ការ​ដាក់​កំហិត​ ហើយ​នឹង​ការសាង​សង់​អគារ​ ដែល​ចាំបាច់​សម្រាប់​ការពារ​ខ្លួន​នៅ​ក្នុង​ប្រជុំ​កោះ​ និង​តំបន់​ថ្ម​ប៉ប្រះទឹក​នោះ។​
លោក Wang​ ថ្លែង​ថា៖​«ទង្វើ​នេះ​វា​ស្រប​ទៅ​តាម​ការ​ប្រុងប្រៀង​ខ្លួន​និង​ការ​ពារ​ខ្លួន​ ដែល​ចិន​មាន​សិទ្ធិ​ធ្វើ​ឡើង​ក្រោម​ច្បាប់​អន្តរជាតិ។​ ដូច្នេះ​មិន​គួរ​មានបញ្ហា​ណា​មួយ​ជុំវិញ​បញ្ហា​នេះ​នោះ​ទេ»។​

ការ​ទាមទារ​របស់​ចិន​

ការ​ទាមទារ​របស់​ចិន​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ និង​ការ​ទាមទារ​ ក្នុង​ការ​សាង​សង់​កោះ​សិប្បនិម្មិត​ទៅ​ភាគ​ខាង​ត្បូង​ បាន​បង្ក​ឲ្យ​ប្រទេស​ជិតខាង​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​តំបន់​ ទោះ​បី​ជា​ក្នុង​ខណៈ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ធ្វើ​ការ​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​ពង្រីក​ចំណង​ពាណិជ្ជកម្ម​របស់​ខ្លួន​ក៏​ដោយ។​ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ចិន​បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​សាងសង់​ផ្លូវ​យន្តហោះ និង​កោះ​សិប្បនិម្មិត​ដើម្បី​ពង្រឹង​ការ​ពង្វាត​ទឹក​ដី​របស់​ខ្លួន។​

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ថ្លែង​ដដែលៗ​ថា​ ខ្លួន​មិន​បាន​ដាក់​យោធា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ​ ប៉ុន្តែ​ចិន​មាន​ការ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ ចំពោះ​បេសកកម្ម​របស់​អាមេរិក​ជុំវិញ​ការ​លើក​កម្ពស់​សេរីភាព​ ក្នុង​ការ​ធ្វើ​នាវាចរណ៍​នៅ​ក្នុង​តំបន់​ ទាំង​តាម​សមុទ្រ​និង​តាម​ផ្លូវ​អាកាស។

រូបឯកសារ៖ ឧទ្ធម្ភាគចក្រ និង​កប៉ាល់​យាមកាម​របស់​កោះតៃវ៉ាន​នៅ​តំបន់​ឆ្នេរ Kaohsiung ភាគ​ខាង​ត្បូង​កោះតៃវ៉ាន់ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦។
រូបឯកសារ៖ ឧទ្ធម្ភាគចក្រ និង​កប៉ាល់​យាមកាម​របស់​កោះតៃវ៉ាន​នៅ​តំបន់​ឆ្នេរ Kaohsiung ភាគ​ខាង​ត្បូង​កោះតៃវ៉ាន់ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦។

អត្ថន័យ​នៃ​ការ​ដាក់​កាំ​ជ្រួច​មីស៊ីល​

លោក​ Alexander Huang ​សាស្ត្រាចារ្យ​ជំនួយ​ការ​មួយ​រូប​នៅ​ឯ​សាកលវិទ្យាល័យ​ Tamkang របស់​តៃវ៉ាន់​ បាន​ថ្លែង​ថា​ ការ​ដាក់​កាំជ្រួច​កំពុង​បញ្ជូន​សារ​មួយ​ បើ​ទោះ​បី​ជា​ទង្វើ​នេះ​បង្ហាញ​ពី​សញ្ញា​ផ្ទុយ​នឹង​គោល​បំណង​នា​ពេល​អនាគត​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​

លោក​ Huang បាន​ថ្លែង​ថា​ ការ​ដាក់​កាំជ្រួច​មីស៊ីល​បាន​បញ្ជូន​សញ្ញា​ផ្ទុយគ្នា​មួយ ពី​ព្រោះ​ចិន​បាន​ថ្លែង​ដដែលៗ​ថា ​ទង្វើ​របស់​ខ្លួន​មិន​មែន​ជា​ការ​ដាក់​វត្តមាន​យោធា​នៅ​ក្នុង​កោះ​ជម្លោះ​នោះ​ទេ។​ លោក​បន្ថែម​ថា​ ខណៈ​ដែល​ជម្លោះ​នៅ​កោះ​ Woody គឺ​រវាង​ចិន ​និង​វៀតណាម​ ហើយ​មិន​ចាំបាច់​មាន​ការ​លូកដៃ​របស់​អាមេរិក​នោះ៖​«វា​អាច​ជា​សញ្ញា​ ឬ​តម្រុយ​បង្ហាញ​ពី​ការ​ដាក់​យោធា​នៅ​កោះ​ Spratlys នា​ពេល​អនាគត»។​

លោក​បន្ថែម​ថា៖​«ចិន​រង​សម្ពាធ​យ៉ាង​ខ្លាំង​ក្នុង​ពេល​ឥឡូវ​នេះ​ ដោយ​សារ​តែ​សន្និសីទ​នៅ​រមណីដ្ឋាន​ Sunnylands ហើយ​នឹង​ការ​ពិភាក្សា​រវាង​អាមេរិក​ និង​កូរ៉េខាង​ត្បូង​ជុំវិញ​ការ​ពង្រាយ​ប្រព័ន្ធ​ការ​ពារ​អាកាស​ THAAD»។

លោក​ អូបាម៉ា/ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​

ខណៈ​ដែល​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ កំពុង​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​រយៈពេល​ពីរ​ថ្ងៃ​របស់​លោក​ជាមួយ​នឹង​មេដឹកនាំ​នៃ​ប្រទេស​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​នោះ​ លោក​បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ថា​ អ្វី​ដែល​សំខាន់​ជាង​គេ​នៅ​អាមេរិក​មាន​ពីរ​យ៉ាង​គឺ៖​«ការ​ប្តេជ្ញាចិត្តដ៏​មុត​មាំ​ក្នុង​ការ​គោរព​ទៅ​តាម​ច្បាប់​ក្នុង​តំបន់​ ដែល​ច្បាប់​ និង​បទដ្ឋាន​អន្តរជាតិ​ ហើយ​និង​សិទ្ធិ​របស់​បណ្តា​ប្រទេស​ទាំង​ឡាយ​ មិន​ថា​តូច​ឬ​ធំ​ត្រូវ​បាន​គោរព»។​

លោក​ក៏​បាន​ថ្លែង​នៅ​ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​នេះ​ថា​ មេដឹកនាំ​សហរដ្ឋអាមេរិក​ និង​អាស៊ាន​«បាន​ពិភាក្សា​អំពី​តម្រូវ​ការ​ឲ្យ​មាន​ជំហាន​ជាក់​ស្តែង​ណា​មួយ​ ក្នុង​ការ​បន្ធូរ​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ រួម​មាន ​ការ​ផ្អាក​ការ​ទាមទារ​ទឹក​ដី​ ការ​សាងសង់​ថ្មីៗ និង​ការ​ដាក់​វត្តមាន​យោធា​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​ជម្លោះ»។​
ទោះ​ជា​យ៉ាង​នេះ​ក្តី​ ការ​ឆ្លើយ​តប​របស់​អាមេរិក​ និង​បណ្តា​ប្រទេស​អាស៊ាន​នៅ​តែ​មិន​មាន​ភាព​ច្បាស់​លាស់។​ ខណៈ​ដែល​បណ្តា​ប្រទេស​អាស៊ាន​ប្រហែល​ជា​ចង់​មាន​ចំណង​ជិតស្និទ្ធ​ដ៏​ពិត​ប្រាកដ​ជា​មួយ​នឹង​អាមេរិក​ ពួក​គេ​ក៏​កំពុង​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ ក៏​ដូច​ជា​បង្កើន​ពាណិជ្ជកម្ម​ជា​មួយ​នឹង​ចិន។​

ហើយ​ប្រសិន​បើ​អាមេរិក​ចង់​ឆ្លើយ​តប​នោះ​ សំណួរ​ដ៏​លំបាក​ជាង​នេះ​នោះ​គឺ​ថា តើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន​អាចធ្វើអ្វី​បាន​ដើម្បី​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ចិន។

សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរណ៍​

លោក Ross Darrell Feingold​ ទី​ប្រឹក្សា​ជាន់​ខ្ពស់​ប្រចាំ​នៅ​ទីក្រុង​ តៃប៉ិ​ របស់​ក្រុម​ប្រឹក្សា​អន្តរជាតិ​ DC ដែល​ជា​កន្លែង​ប្រឹក្សា​ហានិភ័យ​នយោបាយ​ បាន​សម្គាល់​ថា​ សកម្មភាព​នៃ​សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរណ៍​របស់​កង​ទ័ព​ជើង​ទឹក​របស់​សហរដ្ឋអាមេរិក​មិន​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផ្លាស់​ប្តូរ​ឥរិយាបថ​នោះ​ទេ។​

លោក​ Feingold បាន​បន្ថែម​ថា​ អ្វី​ដែល​សំខាន់​ជាង​នេះ​ប្រហែល​ជា​អ្វី​ដែល​សកម្មភាព​ទាំង​នេះ​បាន​បង្ហាញ​ពី​សមត្ថភាព​របស់​ចិន​ ក្នុង​ការ​គ្រប់​គ្រង​លើ​បញ្ហា​ដ៏​សំខាន់​ក្នុង​ពេល​ជា​មួយ​គ្នា។

លោក​ថ្លែង​ថា​៖«ក្រោយ​ពី​មាន​ព្រឹត្តិការណ៍ ដូច​ជា​ការ​សាកល្បង​កាំជ្រួច​មីស៊ីល​ និង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ការ​ផ្លាស់​ប្តូរ​នយោបាយ​ដ៏​សំខាន់​នៅ​កោះតៃវ៉ាន់​ បញ្ហា​សេដ្ឋកិច្ច​ក្នុង​ស្រុក​ដែល​កំពុង​តែ​បន្ត​ ការ​ស៊ើប​អង្កេត​ជុំវិញ​អំពើ​ពុក​រលួយ​ក៏​ដោយ​ នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ មេដឹកនាំ​របស់​ចិន​នៅ​តែ​មាន​ជំនឿ​ថា​ ចិន​នៅ​តែ​អាច​គ្រប់គ្រង​ប្រតិកម្ម​របស់​អន្តរជាតិ​ទៅ​លើ​ការ​ដាក់​កាំជ្រួច​មីស៊ីល​របស់​ខ្លួន»។​

ប្រែ​សម្រួល​ដោយ​ ស្រេង​ លក្ខិណា

XS
SM
MD
LG