ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​កាត់​ជំនួយ​សម្រាប់​ប្រទេស​អេហ្ស៊ីប​ដោយសារ​បញ្ហា​សិទ្ធិ​មនុស្ស


លោក​ប្រធានាធិបតី​អេហ្ស៊ីប Abdel-Fattah el-Sissi (រូប​ស្តាំ) ឈរ​ថត​រូប​ជាមួយ​នឹង​លោក Jared Kushner ទីប្រឹក្សា​របស់​សេតវិមាន នៅ​ក្នុង​ក្រុង​គែរ ប្រទេស​អេហ្ស៊ីប កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​អេហ្ស៊ីប Abdel-Fattah el-Sissi (រូប​ស្តាំ) ឈរ​ថត​រូប​ជាមួយ​នឹង​លោក Jared Kushner ទីប្រឹក្សា​របស់​សេតវិមាន នៅ​ក្នុង​ក្រុង​គែរ ប្រទេស​អេហ្ស៊ីប កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។

ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​អេហ្ស៊ីប ដែល​មាន​ភាព​ប្រសើរ​ឡើង​នៅ​ក្រោម​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump បាន​ប្រឈម​នឹង​ភាព​តឹងតែង​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​កាត់​ជំនួយ​មួយ​ចំនួន​សម្រាប់​ប្រទេស​អេហ្ស៊ីប ដោយសារតែ​បញ្ហា​សិទ្ធិ​មនុស្ស។

សហរដ្ឋ​អាមេរិក​បាន​កាត់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច និង​យោធា​ចំនួន​ជិត ១ រយ​លាន​ដុល្លារ​អាមេរិក និង​បាន​ពន្យារពេល​ផ្ដល់​ជំនួយ​ផ្នែក​យោធា​ចំនួន​ជិត ២ រយ​លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត សម្រាប់​ប្រទេស​អេហ្ស៊ីប ដែល​ជា​ប្រទេស​ទទួល​ជំនួយ​ដ៏​ធំ​មួយ​ពី​សហរដ្ឋ​អាមេរិក។

មន្ត្រី​រដ្ឋាភិបាល​អាមេរិក ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​បញ្ជាក់​ថា ការ​កាត់​ជំនួយ​នេះ គឺ​បណ្ដាល​មកពី​ប្រទេស​អេហ្ស៊ីប​បរាជ័យ​ក្នុង​ផ្នែក​សិទ្ធិ​មនុស្ស និង​បរាជ័យ​ក្នុង​ការ​បន្ធូរបន្ថយ​ការ​ដាក់​កំហិត​តឹងតែង​លើ​អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា។

ក្រសួង​ការបរទេស​អេហ្ស៊ីប​បាន​បដិសេធ​ចំពោះ​ការ​សម្រេច​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នេះ ដោយ​បាន​ហៅ​ការ​សម្រេច​នេះ​ថា «ការ​វិនិច្ឆ័យ​ខុស​ចំពោះ​ស្ថានភាព​នៃ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ​អស់​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ»។

គេ​ក៏​ឃើញ​មាន​ការ​រាយការណ៍​មក​ថា រដ្ឋាភិបាល​អេហ្ស៊ីប​បាន​លុប​ចោល​នូវ​ជំនួប​រវាង​ទីប្រឹក្សា​សេតវិមាន​សហរដ្ឋ​អាមេរិក​លោក Jared Kushner និង​រដ្ឋមន្ត្រី​ការបរទេស​អេហ្ស៊ីប​លោក Sameh Shoukry ផង​ដែរ។

ប៉ុន្តែ ក្រោយ​មក រដ្ឋមន្ត្រី​ការបរទេស​អេហ្ស៊ីប​បាន​បញ្ចេញ​នូវ​វីដេអូ​មួយ​តាម​រយៈ​ប្រព័ន្ធ Twitter ដែល​បង្ហាញ​អំពី​លោក Jared Kushner និង​ក្រុម​របស់​លោក​ជួប​ជាមួយ​នឹង​លោក Sameh Shoukry៕

XS
SM
MD
LG