ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក ចង់​ឃើញ​បរិយាកាស​អំណោយផល​ដល់​គ្រប់​គណបក្ស​​នយោបាយ​នៅ​កម្ពុជា


ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​លោក William A. Heidt (ឆ្វេង) និង​​​លោក Daniel Russel (ស្តាំ) ឧបការី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក និយាយទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃ ព្រហស្បត៍ ទី២៧ ខែតុលា ឆ្នាំ ២០១៦ នៅ​រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​លោក William A. Heidt (ឆ្វេង) និង​​​លោក Daniel Russel (ស្តាំ) ឧបការី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក និយាយទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃ ព្រហស្បត៍ ទី២៧ ខែតុលា ឆ្នាំ ២០១៦ នៅ​រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

លោក Russel បាន​លើកឡើង​​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​និង​សន្ធិសញ្ញា​សន្តិភាព​​ទីក្រុង​ប៉ារីស​បាន​ចែង​ថា កម្ពុជា​គឺជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ហើយ​លោក​រំពឹង​ថា​ កម្ពុជា​ នឹង​ដើរ​តាម​គោលការណ៍​នេះ។

លោក Daniel Russel ឧបការី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​លោក​បាន​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល គណបក្ស​ប្រឆាំង​ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល។

ថ្លែង​ទៅ​កាន់ក្រុម​អ្នកសារព័ត៌មាន​ក្រោយពី​បញ្ចប់​ទស្សនកិច្ច​របស់​លោក​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នៅ​ឯ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Russel បាន​លើកឡើងថា រដ្ឋធម្មនុញ្ញ​កម្ពុជា​និង​សន្ធិសញ្ញា​សន្តិភាពទីក្រុង​ប៉ារីស​បាន​ចែង​ថា កម្ពុជា​គឺជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ហើយ​លោក​រំពឹង​ថា​ កម្ពុជា​ នឹង​ដើរ​តាម​គោលការណ៍​នេះ។

«យើង​សង្ឃឹម​ជា​ខ្លាំង​ថា កម្ពុជា​នឹង​ដំណើរការ​ដោយ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ គ្មាន​ចម្ងល់​ទេ​ដែល​ថា​យើង​ចង់ឃើញ​បរិយាកាស​មួយ​ដែល​គ្រប់​តួអង្គ​នយោបាយ ​អាច​ធ្វើ​ការ​ឃោសនា និង​ប្រតិបត្តិការ​ដោយ​សុវត្ថិភាព និង​សេរី​នៅ​ទូទាំង​ប្រទេស»។

មេដឹកនាំ​ទាំង​ពីរ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្សប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវ​បាន​តុលាការ​កាត់​ទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ​ក្នុង​រឿង​ក្ដី​ផ្សេងៗ​គ្នា។

បច្ចុប្បន្ន លោក សម រង្ស៊ី កំពុង​ស្ថិតនៅ​ក្រៅ​ប្រទេស ចំណែក​ឯ​លោក កឹម សុខា កំពុង​ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាលគណបក្ស ដើម្បី​គេច​ពី​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា។

លើស​ពី​នេះ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ អាជ្ញាធរ​កម្ពុជា​បាន​ចេញ​សេចក្ដី​ណែនាំ​មួយ ដោយស្នើ​ឲ្យ​ក្រុម​ហ៊ុន​អាកាសចរណ៍​ទាំង​អស់​ដែល​ធ្វើ​ប្រតិបត្តិការ​ហោះហើរ​មកកាន់​ប្រទេស​កម្ពុជា​ ​មិន​ត្រូវ​ផ្ដល់​សេវា​ដឹកជញ្ជូន​ដល់​លោក​ សម​ រង្ស៊ី​ មក​ក្នុង​ប្រទេស​កម្ពុជា ឬ​ក៏​ត្រូវ​ប្រឈម​នឹង​ការ​បញ្ជា​ឲ្យ​យន្តហោះ​ដែល​ដឹក​លោក វិល​ត្រឡប់​ទៅ​អាកាស​យានដ្ឋាន​ដើម​វិញ។​

លោក Daniel R. Russel ឧបការី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក និយាយទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃ ព្រហស្បត៍ ទី២៧ ខែតុលា ឆ្នាំ ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
លោក Daniel R. Russel ឧបការី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក និយាយទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃ ព្រហស្បត៍ ទី២៧ ខែតុលា ឆ្នាំ ២០១៦ នៅរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

បើ​តាម​លោក Russel អាមេរិក​នឹង​បន្ត​ជួយ​កម្ពុជា​ក្នុង​ការ​បង្កើត​បរិយាកាស​ដែល​វិជ្ជមានដល់​ការ​ប្រើប្រាស់​សិទ្ធិ​ដោយ​សេរី​និង​ស្មើភាព និង​ធានា​ឱ្យ​មាន​ការ​បោះឆ្នោត​មួយ​ដែល​លទ្ធផល​អាច​ទទួល​យក​បាន​ដោយ​គ្រប់​ភាគី។

«យើង​មិន​គាំទ្រ​គណបក្ស​មួយ​នៅ​ក្នុង​ការ​បោះឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ។ យើង​មិន​គាំទ្រ​ខាងណា​នោះ​ទេ ប៉ុន្តែ​យើង​ប្ដេជ្ញា​ខ្ពស់​មិន​ត្រឹមតែក្នុង​ការ​ជួយ​ធានា​ក្នុង​ការ​បង្កើត​បរិយាកាស​ដែល​អំណោយផល​ដល់​ការ​ប្រើប្រាស់​សិទ្ធិ​ដោយសេរី​និង​ស្មើ​ភាព​ប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​ជួយ​ផ្នែក​យន្តការ​ដើម្បី​ដោះស្រាយ​ផង​ដែរ»។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាប់​VOA​ថា គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​តែ​បន្ត​ប្រកាន់​យក​វប្បធម៌​សន្ទនា​ដើម្បី​ដោះស្រាយ​ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន។

«គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​តែ​រក្សា​ជំហរ​វប្បធម៌​សន្ទនា​ជជែក​គ្នា​រវាង​ខ្មែរ​នឹង​ខ្មែរ​ដើម្បី​ដោះស្រាយ​បញ្ហា។ ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា យើង​យល់​ឃើញ​ថា គួរ​ឱ្យ​មាន​បរិយាកាស​មួយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ សំឡេង​ភាគ​តិច​និង​សំឡេង​ភាគ​ច្រើន​ហ្នឹង​ អាច​ជជែក​គ្នា​បា​ន»។

យ៉ាង​នេះ​ក្ដី លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​ប្រាប់​VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ​មាន​លក្ខណៈ​ធម្មតា ដោយ​លោក​ថា ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​មេ​ដឹក​នាំ​ និង​មន្ត្រី​បក្ស​ប្រឆាំង ​គឺ​ជា​ការ​អនុវត្ត​ច្បាប់​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា មាន​គណបក្ស​ជាច្រើន​ផ្សេង​ទៀត ​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត ​មិនមែន​មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។

«បក្ស​នយោបាយ​រាល់​ថ្ងៃ​នេះ​ដែល​ចុះ​បញ្ជី​ផ្លូវការ​ដែល​ទទួល​ស្គាល់​ពីក្រសួង​មហាផ្ទៃ​ មាន​ជិត៦០​ឯណោះ។ អ៊ីចឹង​យើង​ជឿ​ជាក់​ថា​ ​ក្នុង៦០​គណបក្ស​ហ្នឹង​យ៉ាង​ហោច​បំផុតក៏​មាន​១០ ឬ​ជាង១០​ដែរ​ដែល​ប្រកួត​ប្រជែង​បោះឆ្នោត​នៅ​ពេល​ខាងមុខ​នោះ។ អ៊ីចឹង​បើ​បោះឆ្នោត​ខ្ទង់១០​គណបក្ស​ឬ​ទាប​ជាង​១០​គណបក្សហ្នឹង​ ក៏​មានន័យ​ថា​យើងដើរ​តាម​គន្លង​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ហើយ​បាទ»។

លោក សុខ ឥសាន បន្ថែម​ថា ការ​ចរចា​នយោបាយ​ដោយ​ផ្អែក​លើ​ស្មារតី​នៃ​វប្បធម៌​សន្ទនា​ អាច​ធ្វើ​ទៅ​បាន​ នៅ​ពេល​ដែល​នីតិវិធី​តុលាការ​ត្រូវ​បាន​បញ្ចប់។

បើ​តាមលោក Russel សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា​មាន​ការ​រីកចម្រើន​ ហើយ​តាម​រយៈវត្តមាន​របស់​អង្គការ​សង្គម​ស៊ីវិល និង​បទ​ពិសោធ​ក្នុង​ការ​រៀបចំ​ការបោះឆ្នោត​៥​ដង​កន្លង​មក​នោះ លោក​សង្ឃឹម​ថា​ការ​បោះឆ្នោត​ខាង​មុខ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹមត្រូវ​ និង​អាច​ទុកចិត្ត​បាន៕

XS
SM
MD
LG