ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទោះ​ត្រូវ​រារាំង​មិន​ឲ្យ​វិល​មក​កម្ពុជា​ក្តី លោក សម រង្ស៊ីតាំងចិត្ត​ថា​នឹង​វិល​មក​វិញ


រូបេកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​​សុន្ទរកថា​ទៅកាន់​សមាជិក​គណបក្ស​សង្គ្រោះជាតិ នៅ​សណ្ឋាគារមួយនៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ (REUTERS/Romeo Ranoco)

លោក ​សម​ ​រង្ស៊ី ថា លោក​នឹង​វិល​ចូល​ប្រទេស​វិញ​ ឲ្យ​ទាន់​ការ​បោះ​ឆ្នោត​នានា​ ដែល​គ្រោង​នឹង​រៀប​ចំ​នៅ​ក្នុង​​មាតុ​ប្រទេស​របស់​លោក​។​​ ​ក៏ប៉ុន្តែ​ លោក​មិន​បាន​ពន្យល់​ថា​ ​លោក​នឹង​វិលត្រឡប់​ក្នុង​ពេល​ណា​ ឬ​ដោយ​វិធី​ណា​នោះ​​ដែរ​។​

លោក​ សម​ ​រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​ថ្លែងថា​ សេចក្តី​ភ័យ​ខ្លាច​របស់​គណបក្ស​គ្រប់គ្រង​រដ្ឋា​ភិ​បាលអំពី​ការ​កើន​ឡើង​ប្រជាប្រិយ​ភាព​របស់​លោក​ ជា​ហេតុផល​ដែល​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​រាំង​ខ្ទប់​លោក​មិន​ឲ្យ​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​។​

អាជ្ញាធរ​កម្ពុជា​ បាន​ចេញ​សេចក្តី​ណែនាំ​កាល​ពី​ថ្ងៃ​ទី​ ១២​ ខែ​តុលា​ ​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ទាំង​អស់​ដែល​ធ្វើ​ប្រតិបតិ្តការ​ហោះហើរ​មកកាន់​ប្រទេស​កម្ពុជា​ ​មិនត្រូវផ្តល់​សេវា​ដឹកជញ្ជូន​ដល់​លោក​ សម​ រង្ស៊ី​ មក​ក្នុងប្រទេស​កម្ពុជា ឬ​ក៏​ត្រូវ​ប្រឈម​នឹង​ការ​បញ្ជា​ឲ្យ​យន្តហោះ​ដែល​ដឹក​លោក វិល​ត្រឡប់ទៅ​អាកាស​យាន​ដ្ឋាន​ដើមជាទី​ដែល​លោកបាន​ចេញ​ដំណើរ។​

​ឆ្លើយ​ទៅនឹង​សំណួរ​របស់​ VOA ​តាម​រយៈ​សារ​អេឡិច​ត្រូនិក​ ឬ​ អ៊ីម៉ែល អំពី​ជំហរ​របស់​លោក​ក្នុង​ការ​វិល​ត្រឡប់​មក​កាន់ប្រទេស​កម្ពុជា​ លោក​ សម​ រង្ស៊ី​ ដែល​កំពុងរស់​នៅនិរទេស​ខ្លួន​ក្នុង​ប្រទេស​បារាំង​ និយាយ​ថា​ ​លោក​នឹង​វិល​ចូល​ប្រទេស​វិញ​ ឲ្យ​ទាន់​ការ​បោះ​ឆ្នោត​នានា​ ដែល​គ្រោង​នឹង​រៀប​ចំ​នៅ​ក្នុងមាតុ​ប្រទេស​របស់​លោក​។ ​ក៏ប៉ុន្តែ​ លោក​មិន​បាន​ពន្យល់​ថា​ ​លោក​នឹង​វិលត្រឡប់​ក្នុង​ពេល​ណា​ ឬ​ដោយ​វិធី​ណា​នោះដែរ​។​

លោក​បញ្ជាក់​ប​ន្ថែម​ថា​ រដ្ឋាភិបាល​ប្រហែល​ជា​ចង់​បំផ្លាញ​ក្រុម​ប្រឆាំង​ ដែល​អាច​បើក​ផ្លូវ​ឲ្យ​របៀប​ដឹក​នាំ​ពុករលួយ​ និងផ្តាច់​ការ​បាន​បន្ត​ទៅ​មុខ​ទៀត​។​

«​ពួកគេ​ប្រហែល​ជា​ចង់ធ្វើ​អញ្ចឹង​។​ ប៉ុន្តែ​ពួកគេ​នឹង​មិន​អាច​ធ្វើ​រឿង​នេះបាន​ទេ​ ដោយ​មាន​មនុស្ស​កាន់​តែ​ច្រើន​ទៅៗ និង​នៅ​ទីបំផុតមនុស្ស​សឹង​តែ​ទាំង​អស់គ្នា ​ចង់​ឃើញ​ការ​ផ្លាស់​ប្តូរ​បែប​ប្រជាធិប​តេយ្យ​មួយ​»​។

លោក​សម​ រង្ស៊ី​ ​បាន​គេច​ទៅ​រស់​នៅ​ប្រទេស​បារាំង​ បន្ទាប់​ពី​សភាជាតិ​ខ្មែរ​ ​ដែល​មាន​តែ​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៥​ ​លុបចោល​សមាជិកភាព​របស់​លោក​ ជា​អ្នក​តំណាង​រាស្ត្រ​ ​ដើម្បី​ឲ្យ​លោក​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​ ក្នុង​សំណុំរឿង​បរិហារ​កេរ្តិ៍​ ទាក់​ទង​នឹង​ការ​ថ្លែង​របស់​លោក​ដែល​ថា​ ​លោកហោ​ ​ណាំ​ហុង​ ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសកម្ពុជា​ ​បាន​ឃុប​ឃិត​ជាមួយ​នឹង​ក្រុម​ខ្មែរ​ក្រហម​ ​ពេល​ដែល​លោក​ហោ​ ណាំ​ហុង​ នៅ​ជាប់​ក្នុង​ពន្ធ​នាគារ​បឹង​ត្រ​បែក​។​

លោក​សុខ ឥសាន​ ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជារបស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន ​ប្រាប់​ VOA នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ ថា​ ​ការ​ថ្លែង​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ​គ្រាន់​តែ​ជា​លេស​ បិទបាំងភាព​ទន់​ខ្សោយ​របស់​លោក​ ដែល​មិន​ហ៊ាន​ប្រឈម​នឹង​ការ​ជាប់​ក្នុង​ពន្ធគារ​។​ លោក​បញ្ជាក់​ថា គណបក្ស​កាន់​អំណាច​គ្មាន​ចេតនា​ ឬ​ផែនការ​ធ្វើ​ឲ្យ​គណបក្ស​ជំទាស់​ចុះខ្សោយ​នោះ​ឡើយ​ ហើយ​បានចោទ​គណបក្ស​ជំទាស់វិញ​ថា​ បាន​ព្យាយាម​ធ្វើ​ឲ្យ​ការ​គាំទ្រ​គណបក្ស​កាន់​អំណាច​ចុះ​ខ្សោយ​។​

«វាមិន​មែន​ដូចគាត់​ថាទេ​ គាត់​ទេ​ដែល​ចង់​ ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ចុះ​ខ្សោយ​នោះ ពីព្រោះ​គាត់​ដើរ​និយាយ​បរិហាកេរ្តិ៍​គណបក្ស​កាន់​អំណាច​រហូត​ហ្នឹង​ គាត់​និយាយ​មួល​បង្កាច់​ តាំង​ពី​ការ​អភិវឌ្ឍន៍​គ្មាន​ការ​រីក​ចម្រើន​ តាំង​ពី​ស្អីៗ​ ហូរហែរ​តាប៉ែ​លត​ហ្នឹង​ធ្វើ​ចេញពី​មាត់​គាត់​ ដើម្បី​អី​?​ ដើម្បីចង់ឲ្យ​គណបក្ស​កាន់​អំណាចហ្នឹងចុះ​ខ្សោយ»។​

​ក្រុម​អ្នក​សង្កេតការ​ណ៍​នយោបាយ​ក្នុង​ប្រទេស​ នៅ​បន្ត​មានក្តី​មន្ទិល​អំពី​សេចក្តី​កា្លហាន​របស់​ ​លោក​ ​សម រង្ស៊ី​ ​ចំពោះ​ការ​វិល​ត្រឡប់​របស់​លោក​មក​កម្ពុជា​ ​ដោយ​សារ​មេដឹកនាំ​គណបក្ស​ប្រឆាំងរូប​នេះ ​ជា​រឿយ​ៗ​មិន​ធ្វើ​តាម​សម្តី​របស់​ខ្លួន​ ​ដែល​ថា​នឹង​មក​កម្ពុជា​វិញ​ តែ​មិន​ឃើញ​ថា​លោក​មក​ម្តង​ណា​ឡើយ​ ក្នុង​គ្រា​ដែល​កម្ពុជា​កំពុង​ជួប​វិបតិ្ត​នយោបាយ​។​ ​

​លោក​មាស​ នី​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ ​បានប្រាប់ VOA​ កាល​ពី​ថ្ងៃ​ចន្ទ​ថា​ លោក​ សម ​រង្ស៊ី​ ហាក់ដូច​ជាមិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​ ​ក្នុង​ការ​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្និញ​ របស់​រដ្ឋាភិបាលដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។​ ​

​លោក​និយាយ​ថា​ក្នុង​គ្រា​ដែលមេដឹក​នាំ​គណបក្ស​ប្រឆាំងរូប​នេះ​ ​កំពុង​ជួប​ការ​គាប​សង្កត់​បន្ថែមទៀតពី​រដ្ឋា​ភិបាល​ក្រុង​ភ្នំពេញ​ ​ ​អ្នក​នយោបាយនៃ​គណបក្ស​ជាប់​ឆ្នោត​នៅ​សភា​ ​ត្រូវ​បង្ហាញ​ឆន្ទះ ​ជជែក​គ្នា​តាម​ផ្លូវ​នយោបាយ​ ​ដើម្បី​ដោះ​ស្រាយ​វិបតិ្ត​នយោបាយ​នាពេល​បច្ចុប្បន្ន​ ​ជា​ជាង​ទុក​ឲ្យ​វិបត្តិ​នេះ​ កាន់​តែ​មាន​សភាពអាក្រក់​ទៅ​ ​និង​មិន​ផ្តល់​ផល​ប្រយោជន៍ដល់​ភាព​ចម្រើន​ទៅ​មុខរបស់​ប្រទេស​។

«ខ្ញុំគិត​ថា​ វា​អត់​មាន​អី​ចំណេញ ហើយ​វាគ្រាន់​តែជា​ការ​ប្រណាំង​ប្រជែង​ដើម្បី​អំណាច​រវាង​អ្នក​នយោ បាយ​តែប៉ុណ្ណឹង​ទេ។​ប៉ុន្តែ​សម្រាប់​ជាតិ​ វាមិនបានផល​ចំណេញ​អី​ទេបាទ»។​ ​ ​

​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​សេចក្តី​ណែនាំ​បង្គាប់​ឲ្យ​ ​ក្រុម​ហ៊ុន​ អាកាស​ចរណ៍​រាយការណ៍ឲ្យ​ទៀង​ទាត់​ដល់អាជ្ញាធរ​កម្ពុជា​ចំពោះ​សកម្មភាព​លោក​ សម​ រង្ស៊ី ទាក់​ទិន​ការ​ទិញ​សំបុត្រ​យន្តហោះ​ ដើម្បី​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​។​ សេចក្តី​ណែនាំ​នោះ​ក៏​បាន​ ​ព្រមានយន្តហោះ​ណាមួយ​ដែល​ដឹក​លោក​សម រង្ស៊ីមក​កម្ពុជា​ថា​ ​នឹង​ត្រូវ​បាន​បង្គាប់​ឲ្យ​វិល​ត្រឡប់​ទៅកាន់​អាកាស​យានដ្ឋាន​ដើម​ ប្រសិន​បើ​យន្តហោះ​នោះ​បាន​មក​ដល់ទឹក​ដី​កម្ពុជា​។​

បន្ថែម​លើនេះ​ មន្ត្រី​ជាន់​ខ្ពស់​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ អាជ្ញាធរ​កម្ពុជា​មាន​ការ​បារម្ភ​ពីការ​ធ្វើ​បាតុកម្ម​ ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​នៅ​ព្រលាន​យន្ត​ហោះ​ ក្នុង​តម្លៃ​រាប់​សិប​ រាប់​រយ​លាន​ដុល្លារ​ ​ប្រសិន​បើ​លោក​ សម​ រង្ស៊ី​ ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ចូល​ក្នុង​កម្ពុជាវិញ​នោះ​។

​កាល​ពី​ឆ្នាំ​២០១៣​ លោក​ សម រង្ស៊ី​ បាន​មក​ដល់​ប្រទេស​កម្ពុជា​ តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ​មុនការ​បោះ​ឆ្នោត​ជាតិ​ដ៏​ចម្រូង​ចម្រាស។​ ប្រជារាស្ត្រ​ខ្មែរ​ជា​ច្រើន​សែន​នាក់​ បាន​ទៅ​ទទួល​ស្វាគមន៍​ និង​ហែហម​រូប​លោក​ចេញ​ពី​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ដែល​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ តែ​ពុំ​មាន​អំពើ​ហិង្សា​ណា​មួយ​បាន​កើត​ឡើង​នោះ​ទេ​។​

ការ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​របស់​លោក​ សម រង្ស៊ី​ កាល​ពី​ឆ្នាំ​ ២០១៣​នោះ​ ​បាន​កើត​ឡើង​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​ដាក់​សម្ពាធ​មក​រដ្ឋាភិបាល​កម្ពុជា ​ជា​បន្ត​បន្ទាប់​ដើម្បី​អនុញ្ញាត​ឱ្យ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​ចូលរួមការបោះ​ឆ្នោត​។​ ​

លោក​ស្រី​ Wan-Hea Lee​ តំណាង​ប្រចាំ​ប្រទេស​នៃ​ការិយាល័យ​ឧត្តម​ស្នង​ការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ដែល​ចេញ​ផ្សាយ​ជាភាសា​អង់គ្លេស​ បាន​ដក​ស្រង់សម្តី​ថា​ ​ការ​សម្រេច​បិទច្រក​មិន​ឲ្យ​លោក​ សម រង្ស៊ី​ ចូល​ប្រទេស​កម្ពុជា​ វិញ​ដែល​ត្រូវបាន​ប្រកាស​ជា​សាធារណៈ​ គ្មាន​ធាតុ​ផ្សំ​ណាមួយ​ដែល​អាច​ឲ្យ​វាយ​តម្លៃ​បាន​ថា​ វា​សមហេតុផល​ឡើយ​ ពោល​គឺ​វាបង្ហាញ​ថា​ ការ​សម្រេច​នេះ​គ្មាន​ហេតុ​ផល​ និង​ធ្វើ​ឡើង​តាម​អំពើ​ចិត្ត។​មន្ត្រី​សហ​ប្រជាជាតិ​រូបនេះ​ បាន​ស្នើ​ឲ្យមាន​ការបកស្រាយ​ជាបន្ទាន់​អំពីការ​ហាម​ឃាត់​ដដែល​នេះ​ផងដែរ​៕​

XS
SM
MD
LG