លោក សម រង្ស៊ី ប្រឈមនឹងការបាត់ឱកាសវិលមកធ្វើនយោបាយក្នុងប្រទេសកម្ពុជា ដោយសារអាជ្ញាធររដ្ឋាភិបាលកម្ពុជា យល់ថា ជាការបំផ្លិចបំផ្លាញដល់សន្តិសុខជាតិ ប្រសិនបើមានការអនុញ្ញាតឲ្យមេដឹកនាំគណបក្សប្រឆាំងរូបនេះជាន់ទឹកដីកម្ពុជា។ ក្រុមអ្នកសង្កេតការណ៍នយោបាយកម្ពុជាលើកឡើងថា រដ្ឋាភិបាលកាន់តែបារម្ភពីកម្លាំងគាំទ្រគណបក្សប្រឆាំង ដែលជាហេតុធ្វើឲ្យមានការរាំងខ្ទប់លោក សម រង្ស៊ី មិនឲ្យវិលចូលប្រទេសកំណើតលោក។
មន្ត្រីជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងនៅថ្ងៃច័ន្ទនេះថា អាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋមានការព្រួយបារម្ភនៃការផ្ទុះឡើងសកម្មភាពធ្វើបាតុកម្មនានា ទើបអាជ្ញាធរសម្រេចហាមឃាត់មិនឲ្យលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងវិលត្រឡប់ចូលក្នុងប្រទេសកម្ពុជា ខណៈដែលមេដឹកនាំរូបនេះកំពុងធ្វើនិរទេសខ្លួននៅប្រទេសបារាំង។
ក្រុមអ្នកសង្កេតការណ៍នយោបាយកម្ពុជាយល់ផ្ទុយពីការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាល ដោយពួកគេមើលឃើញថា រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបង្ហាញឲ្យកាន់តែច្បាស់ពីភាពភ័យខ្លាចរបស់ខ្លួនចំពោះកម្លាំងគាំទ្រលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ ហើយថា មេដឹកនាំគណបក្សប្រជាជនកម្ពុជាកំពុងព្យាយាមបញ្ចប់ជីវិតនយោបាយរបស់មេដឹកនាំគណបក្សប្រឆាំងរូបនេះ។
លោក តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ប្រាប់ VOA នៅរសៀលថ្ងៃច័ន្ទនេះថា ឆ្លងតាមបទពិសោធន៍នៃការប្រមូលផ្តុំរបស់ក្រុមអ្នកគាំទ្រលោក សម រង្ស៊ី យ៉ាងច្រើនសន្ធឹកសន្ធាប់នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីពេលកន្លងមក អាជ្ញាធរបានសន្និដ្ឋានថា សកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តក្នុងព្រលានយន្តហោះអាចនឹងកើតមានឡើង ប្រសិនបើការមកដល់របស់លោក សម រង្ស៊ី បានកើតឡើងក្នុងស្ថានភាពចម្រូងចម្រាស។
មន្ត្រីរដ្ឋាភិបាលរូបនេះពន្យល់ថា៖
«ដូចជាគាត់មកលើកមុន គឺមានបាតុកម្ម មានកេណ្ឌមនុស្សទៅជាច្រើន ហើយលើកនេះក្នុងនាមជាអាជ្ញាធររដ្ឋហ្នឹង មិនពាក់ព័ន្ធគណបក្សអីទេ ព្រោះកាលណាគាត់ យើងគិតថា គាត់អាចមានមនុស្សច្រើនហួសហេតុទៅកន្លែងហ្នឹង ហើយមានបញ្ហា។ អញ្ចឹងបើសិនមានបញ្ហាណាមួយកើតឡើង គឺអាចប៉ះពាល់ច្រើនណាស់ ចំពោះ infrastructure (ហេដ្ឋារចនាសម្ព័ន្ធ) ចំពោះវាលយន្តហោះ ចំពោះរចនាសម្ព័ន្ធដែលមានតម្លៃរាប់សិបលានដុល្លារ រាប់រយលានដុល្លារ អញ្ចឹងដើម្បីទប់ស្កាត់ដើម្បីកុំឲ្យវាមានបញ្ហា នៅក្នុងនាមអាជ្ញាធររដ្ឋគឺ យើងត្រូវពិនិត្យដោះស្រាយជាមុន»។
យោងទៅតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះហត្ថលេខាដោយលោក តឹករ៉េត សំរេច នៅថ្ងៃទី១២ ខែតុលា បានលើកឡើងវិធានការបួនសំខាន់ៗនៃការរារាំងមិនឲ្យលោក សម រង្ស៊ី ដែលចាត់ទុកថា ជាបុគ្គលម្នាក់មិនឲ្យវិលចូលក្នុងទឹកដីកម្ពុជា។ វិធានការទីមួយ គឺគ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលធ្វើប្រតិបត្តិការហោះហើរមកកម្ពុជា មិនត្រូវអនុញ្ញាតឲ្យបុគ្គល [លោក សម រង្ស៊ី] នេះឡើងយន្តហោះមកកម្ពុជាទេ ហើយត្រូវផ្តល់របាយការណ៍ទៀងទាត់ក្នុងករណីបុគ្គលនេះទិញសំបុត្រយន្តហោះធ្វើដំណើរមកកម្ពុជា។
វិធានការទីពីរ ក្នុងករណីដែលបុគ្គល សម រង្ស៊ី ធ្វើដំណើរមកកាន់កម្ពុជាតាមរយៈយន្តហោះណាមួយ យន្តហោះនោះនឹងត្រូវបង្ខំឲ្យវិលត្រឡប់ទៅកាន់អាកាសយានដ្ឋានដើមវិញ ដោយមិនអនុញ្ញាតឲ្យធ្វើការចុះចតនៅកម្ពុជាឡើយ។
វិធានការទីបី ក្នុងករណីយន្តហោះដឹកបុគ្គល សម រង្ស៊ី ចុះចតដល់អាកាសយានដ្ឋានណាមួយនៅកម្ពុជា នឹងមិនត្រូវបានអនុញ្ញាតឲ្យភ្ញៀវចាកចេញពីយន្តហោះឡើយ និងត្រូវបញ្ជាឲ្យត្រឡប់ទៅអាកាសយានដ្ឋានដើមវិញ។ វិធានការចុងក្រោយគឺ ក្នុងករណីដែលបុគ្គលនេះ បានចាកចេញផុតពីយន្តហោះ នគរបាលអន្តោប្រវេសន៍ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីកុំឲ្យបុគ្គលនេះចូលក្នុងកម្ពុជាបាន និងចាត់វិធានការផ្សេងទៀតតាមការចាំបាច់។
នៅពេល VOA សួរលោកថា តើការរារាំងមិនឲ្យលោក សម រង្ស៊ី ជាន់ទឹកដីកម្ពុជា ជាចេតនាធ្វើឲ្យកម្លាំងបក្សប្រឆាំងចុះខ្សោយ និងជាទង្វើប្រឆាំងនឹងរដ្ឋធម្មនុញ្ញដែរឬទេ លោក តឹករ៉េត សំរេច បានបញ្ជាក់ថា ការវិលត្រឡប់របស់លោក សម រង្ស៊ី ចូលក្នុងទឹកដីកម្ពុជាអាចបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ។ លោកថ្លែងថា៖
«មិនដឹងជាអ្នកនយោបាយលើកឡើងក្នុងបំណងបែបអីទេបាទ បើយើងដឹងថា គាត់មកបញ្ហាធំ ឧទាហរណ៍ថា បើឆេះព្រលានយន្តហោះ ឬក៏ខូចកប៉ាល់ហោះគេមួយ ១០០ ២០០លានដុល្លារមួយគ្រឿង តើអ្នកណាទទួលខុសត្រូវ? បើសិនយើងគិតថា អនុញ្ញាតឲ្យបុគ្គលម្នាក់មកបង្កចលាចល ហើយរដ្ឋធម្មនុញ្ញត្រូវតែធ្វើអញ្ចឹង បើកឲ្យមនុស្សហ្នឹងបំផ្លាញទៀត អាហ្នឹងឲ្យគេបកស្រាយអញ្ចឹងចុះ។ ប៉ុន្តែអ្វីដែលយើងធ្វើនេះ គឺក្នុងនាមជារដ្ឋ គឺក្នុងនាមជាអាជ្ញាធររដ្ឋ ដែលត្រូវតែការពារ នូវការអ្វីដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន»។
កាលពីឆ្នាំ២០១៣ លោក សម រង្ស៊ី បានមកដល់ប្រទេសកម្ពុជា តែមួយសប្តាហ៍ប៉ុណ្ណោះមុនការបោះឆ្នោតជាតិដ៏ចម្រូងចម្រាស។ ប្រជារាស្ត្រខ្មែរជាច្រើនសែននាក់ បានទៅទទួលស្វាគមន៍ និងហែរហមរូបលោកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ តែពុំមានអំពើហិង្សាណាមួយបានកើតឡើងនោះទេ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម ប្រាប់ VOA ថា រដ្ឋាភិបាលមិនមានចេតនាអនុញ្ញាតឲ្យលោក សម រង្ស៊ី មានវត្តមានក្នុងប្រទេសកម្ពុជានោះទេ ព្រោះថា គណបក្សប្រជាជនកម្ពុជាដែលដឹកនាំរដ្ឋាភិបាលកំពុងភ័យខ្លាចពីការកើនឡើងខ្លាំងនៃប្រជាប្រិយភាពរបស់លោក សម រង្ស៊ី។ លោកថា រដ្ឋាភិបាលក៏មិនអាចចាប់លោក សម រង្ស៊ី បញ្ជូនទៅឃុំនៅពន្ធនាគារផងដែរ ព្រោះបារម្ភក្រែងមានចលនាតស៊ូណាមួយកើតឡើងប្រឆាំងនឹងរដ្ឋាភិបាល។
លោកបញ្ជាក់បន្ថែមថា រដ្ឋាភិបាលកំពុងតែប្រើគ្រប់មធ្យោបាយ ក្នុងការគាបសង្កត់ និងធ្វើឲ្យក្រុមបក្សប្រឆាំងកាន់តែចុះខ្សោយទៅ ដូចគ្រាចុងឆ្នាំ១៩៤០ ដែលក្រុមអ្នកប្រជាធិបតេយ្យត្រូវបានរំលាយចោល នៅពេលពួកគេព្យាយាមនាំលទ្ធិប្រជាធិបតេយ្យមកកាន់កម្ពុជា។
អ្នកវិភាគរូបនេះបញ្ជាក់ថា៖
«អញ្ចឹងសព្វថ្ងៃនេះ ខ្ញុំមើលទៅក៏ វាហាក់ដូចមានជីវិតដូចប្រហែលគ្នា ដែលថា គំនាបទាំងឡាយបានធ្វើមកលើអ្នកប្រជាធិបតេយ្យ ឬក៏គណបក្សប្រឆាំងហ្នឹងគឺស្រដៀងគ្នា ហើយវាអាចនឹងឈានចូលទៅ ការរំលាយគណបក្សធំៗ ដែលជាគណបក្សប្រឆាំងហ្នឹង ក៏អាចថាបានដែរ បើសិនជាស្ថានភាពនៅតានតឹងបែបនេះ»។
លោក សម រង្ស៊ី បានគេចទៅរស់នៅប្រទេសបារាំង បន្ទាប់ពីសភាដែលមានតែក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បោះឆ្នោតកាលពីឆ្នាំ២០១៥ លុបចោលសមាជិកភាពរបស់លោក ជាអ្នកតំណាងរាស្ត្រ ដើម្បីឲ្យលោកប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ទាក់ទងនឹងការថ្លែងរបស់លោកដែលថា លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានឃុបឃិតជាមួយនឹងក្រុមខ្មែរក្រហម ពេលដែលលោក ហោ ណាំហុង នៅជាប់ក្នុងពន្ធនាគារបឹងត្របែក។
លោក សូ ចន្ថា សាស្រា្តចារ្យវិទ្យាសាស្ត្រនយោបាយ ប្រាប់ VOA ថា គណបក្សគ្រប់គ្រងប្រទេស បានកំពុងបង្ហាញចេតនារបស់ខ្លួនក្នុងការផ្តាច់ជីវិតនយោបាយរបស់លោក សម រង្ស៊ី ដែលលោកយល់ថា នៅមិនទាន់មានសេចក្តីក្លាហានវិលចូលប្រទេសដើម្បីប្រឈមនឹងគំនាបនានាពីរដ្ឋាភិបាល។
លោកសាស្ត្រាចារ្យថ្លែងបញ្ជាក់ថា៖
«ការណ៍ដែលរារាំងបែបនេះ គោលដៅធំបំផុតគឺចង់បញ្ចប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី ពីព្រោះនៅពេលដែលលោក សម រង្ស៊ី នៅក្រៅប្រទេស ហើយមិនអាចវិលត្រឡប់មកស្រុកវិញបាន អញ្ចឹងមានន័យថា គាត់ពិបាកក្នុងធ្វើនយោបាយ ហើយក៏ជាចំណែកមួយដែលធ្វើឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិហ្នឹងមើលឃើញអំពីភាពជាអ្នកដឹកនាំរបស់លោក សម រង្ស៊ី ដែលលោកប្រកាសថា ត្រឡប់មកស្រុកវិញជារឿយៗ ក៏ប៉ុន្តែលោកហាក់ដូចជាមិនអាចត្រឡប់មកបាន ហើយគួបផ្សំនឹងការរារាំងរបស់រដ្ឋាភិបាលទៀតនោះបាទ»។
លោកសាស្ត្រាចារ្យថ្លែងបន្តថា លោក សម រង្ស៊ី អាចបង្ហាញសេចក្តីកា្លហានរបស់លោក ក្នុងការវិលត្រឡប់មកប្រទេស នៅគ្រាមានការរារាំងនេះ ប្រយោជន៍ដើម្បីទាញយកសំឡេងឆ្នោត ដើម្បីឈ្នះការបោះឆ្នោតខាងមុខ។ លោកបន្ថែមថា សហគមន៍អន្តរជាតិ ក៏នឹងមិននៅស្ងៀមចំពោះបម្រាមដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាល ដែលមានបំណងបិទទាំងស្រុងច្រកចេញចូលប្រទេសកម្ពុជាដល់លោក សម រង្ស៊ី ដែលជាអ្នកទោសនយោបាយនិងមិនមែនជាឧក្រិដ្ឋជននោះ។
លោក សម រង្ស៊ី មិនបានឆ្លើយតបសំណួរតាមសារអេឡិចត្រូនិក ឬ Email ពាក់ព័ន្ធនឹងជំហររបស់លោកក្នុងការវិលត្រឡប់មកកាន់ប្រទេសកម្ពុជា។ ប៉ុន្តែលោកបានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា លោកប្តេជ្ញាចិត្តនឹងវិលមកប្រទេសកម្ពុជា តែមិនបានបញ្ជាក់ថា តើលោកនឹងវិលមកវិញតាមវិធីណានោះទេ។
មេដឹកនាំបក្សប្រឆាំងរូបនេះក៏បានបញ្ជាក់កាលពីពេលកន្លងមកថា ការរស់នៅក្រៅប្រទេសអាចបើកផ្លូវឲ្យលោកធ្វើការតស៊ូនយោបាយជាមួយរដ្ឋាភិបាលក្រុងភ្នំពេញផងដែរ។ លោកបានលើកពីលោកប្រធានាធិបតីបារំាង Charles de Gaulle ដែលគេចខ្លួនទៅប្រទេសអង់គ្លេស ដើម្បីធ្វើការតស៊ូរំដោះប្រទេសបារាំងពីការគ្រប់គ្រងរបស់ប្រទេសអាល្លឺម៉ង់ក្នុងសម័យសង្គ្រាមលោកលើកទី២៕