ក្រសួងការបរទេសស.រ.អា.បាននិយាយថាស.រ.អា.«នឹងចាត់វិធានការម៉ឺងម៉ាត់និងសមរម្យ»ជាការឆ្លើយតបនឹងការរំលោភណាមួយដោយរដ្ឋាភិបាលស៊ីរីនៅក្នុងតំបន់និរតីនៃប្រទេសស៊ីរីនៅខាងក្នុងព្រំដែននៃតំបន់បន្ថយសង្គ្រាម។
កិច្ចព្រមព្រៀងសម្រាប់ឱ្យមានការយល់ព្រមគ្នាអំពីការបន្ថយសង្គ្រាមបានត្រូវធ្វើការចរចាកាលពីឆ្នាំទៅមិញដោយស.រ.អា., ប្រទេសហ្សកដានី និងប្រទេសរុស្ស៊ី។
លោកស្រី Heather Nauert អ្នកនាំពាក្យនៃក្រសួងការបរទេសស.រ.អា.បានមាន ប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងបន្ថយសង្គ្រាមនិងការរៀបចំឱ្យមានការឈប់បាញ់គ្នាជា«ការផ្តើមគំនិត»ដោយលោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី Vladimir Putin «ដើម្បីកាត់បន្ថយជម្លោះនៅក្នុងប្រទេសស៊ីរី ជួយជីវិតមនុស្សនិងបង្កើតស្ថានភាពសម្រាប់ឱ្យពួកជនខ្ចាត់ព្រាត់ពីលំនៅដ្ឋានវិលត្រឡប់ដោយសុវត្ថិភាពនិងដោយស្ម័គ្រចិត្តទៅកាន់ផ្ទះសម្បែងពួកគេវិញ»។
លោកស្រី Nauert បាននិយាយថា៖ «ការវាយលុកយោធាណាមួយដោយរបបគ្រប់គ្រងស៊ីរីទៅក្នុងតំបន់មានការឈប់បាញ់គ្នាជាការរំលោភលើការផ្តើមគំនិតទាំងនេះ»។
លោកស្រី Nauert បានថ្លែងថា ស.រ.អា.«នៅតែប្តេជ្ញាដល់ស្ថិរភាពនៃតំបន់កាត់បន្ថយសង្គ្រាមក្នុងប៉ែកនិរតីនៃប្រទេសស៊ីរីនិងដល់ការឈប់បាញ់គ្នានៅក្នុងតំបន់នោះផងដែរ»៕