ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជនជាតិ​រ៉ូហ៊ីងយ៉ា​ជិត​៦ម៉ឺន​នាក់​​បាន​រត់​ទៅ​បង់ក្លាដែស​តាំង​ពី​ខែសីហា


ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ាដែល​​ឆ្លង​តំបន់​ព្រំ​ដែន​ពីរ​ថ្ងៃមុន​ ដើរ​បន្ទាប់​ពី​ពួកគេ​បាន​ទទួល​ការ​អនុញ្ញាត​ពី​កង​ទ័ព​បង់ក្លាដែស​​ដើម្បី​បន្ត​ដំណើរ​ទៅ​ជំរំ​ជនភៀស​ខ្លួន​Kutupalong ក្បែរទីក្រុង​ Cox's Bazar ប្រទេស​បង់ក្លាដែស​ កាលពី​ថ្ងៃទី​១៩ តុលា ២០១៧។

អ.ស.ប.បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ពួក​ជន​ភៀសខ្លួន​ Rohingya ៥សែន​៨ម៉ឺន​៩ពាន់​នាក់​បាន​រត់គេច​ខ្លួនចេញ​ពី​ប្រទេស​ភូមា​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​ចាប់តាំង​ពី​ថ្ងៃ​ទី​២៥ខែ​សីហា​មក។​

អ្នកនាំ​ពាក្យ Farhan Haq បាន​និយាយ​ប្រាប់​ពួក​អ្នកកាសែត​ថា​ចំនួន​ពាក់​កណ្តាល​នៃ​ក្រុម​ជនភៀសខ្លួន​ទាំង​នេះ​កំពុង​ឋិត​នៅ​ក្នុង​កន្លែង​ធំមួយដែល​មានឈ្មោះ​ថា​ Kutupalong Expansion ដែល​នៅ​ទី​នោះពួក​ដៃគូ​ខាង​ការ​ផ្តល់​ជំនួយកំពុង​ធ្វើការ​ដើម្បី​កែលម្អ​សេវាកម្ម​ជា​មូល​ដ្ឋាន ហេដ្ឋា​រចនាសម្ព័ន្ធនិង​ការ​ទៅ​ដល់​តាមផ្លូវ។​

លោក Eric Paul Schwartz ប្រធាន​នៃ​ក្រុម​ផ្តល់ជំនួយ Refugees International បានទៅ​ទស្សនា​ប្រទេស​បង់ក្លាដែស​កាល​ពីខែមុន។ ​លោក​បាននិយាយ​ថា​នៅ​ដើម​កញ្ញា វា​ជា​ការ​ច្បាស់លាស់​ហើយ​ តាមរយៈការ​សុន្ទនា​ជាមួយ​ពួក​ជនភៀស​ខ្លួន​ទាំង​នេះ ថា​ស្ថានការណ៍​បានក្លាយ​ទៅ​ជា​ការ​សម្អាត​ខាង​ពូជសាសន៍​ហើយ​ថា​មាន​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នៅ​ក្នុង​ប្រទេស​ភូមា។​

លោក Schwartz បាន​និយាយ​ប្រាប់ក្រុម​អ្នកស្តាប់នៅ​ឯក្រុមប្រឹក្សា​ទំនាក់ទំនង​បរទេសនៅ​ក្នុង​បូរី New York ថា «អ្វីដែល​នាំ​ឱ្យ​ព្រឺក្បាលគឺ​ភាព​មិន​ផ្លាស់ប្តូរ​នៃ​ការ​សន្ទនា​ដែល​យើង​ធ្វើជាមួយមនុស្សទាំង​នេះ​អំពី​អ្វី​ដែល​បាន​កើត​មានឡើងនៅ​ក្នុងប្រទេសភូមា។» លោកបានថ្លែង​ថា​ក្រុមយោធា​របស់​រដ្ឋាភិបាល​ភូមា​បាន​គប់​ដប​សាំង​ដុតភ្លើង​ក្នុង​ភូមិ ជា​ញឹកញយ​ដោយមិន​បាន​ប្រាប់ឱ្យ​ដឹងជាមុន​ឬ​ដោយ​គ្មាន​ការ​ព្រមាន ហើយ​នៅពេលពួក​ជន​ស៊ីវិល​រត់ចេញ​ពីភូមិ​ពួក​ទាហាន​ភូមា​ក៏​បាន​បាញ់​ទៅលើ​ពួក​គេជា​ប្រព័ន្ធ។

XS
SM
MD
LG