មន្ត្រីសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេនឹងរង់ចាំលទ្ធផលនៃការស៊ើបអង្កេតឯករាជ្យ ៣ របស់អឺរ៉ុបលើហេតុការណ៍ផ្ទុះកាលពីខែកញ្ញាឆ្នាំមុនដែលបានធ្វើឱ្យខូចខាតបំពង់បង្ហូរឧស្ម័ន Nord Stream នៅក្នុងសមុទ្របាល់ទិក។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិប្រចាំសេតវិមានលោក John Kirby បានប្រាប់អ្នកកាសែតថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មានជំនឿជឿជាក់ថា ការស៊ើបអង្កេតនេះនឹងធ្វើឡើងដោយហ្មត់ចត់តាមដែលអាចធ្វើទៅបាន និងថាការស៊ើបអង្កេតនេះគួរតែអាចផ្ដល់នូវការពន្យល់ច្បាស់លាស់អំពីអ្វីដែលបានកើតឡើង។
លោក Kirby បាននិយាយកាលពីសប្ដាហ៍មុនថា សហរដ្ឋអាមេរិកជឿថាការផ្ទុះនេះគឺជាសកម្មភាពវិទ្ធង្សនា និងថាសហរដ្ឋអាមេរិកមិនមានការពាក់ព័ន្ធនៅក្នុងរឿងនេះទេ។
សេចក្ដីសម្រេចមួយរបស់ប្រទេសរុស្ស៊ីនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានស្នើឱ្យមានការស៊ើបអង្កេតជាអន្តរជាតិមួយលើការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream នេះ ប៉ុន្តែមិនទទួលបានការគាំទ្រនោះទេ ដោយទទួលបានការបោះឆ្នោតគាំទ្រតែ ៣ សំឡេងប៉ុណ្ណោះក្នុងចំណោម ៩ សំឡេងដែលត្រូវការដើម្បីអនុម័តលើសេចក្ដីសម្រេចនេះ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក Vassily Nebenzia បាននិយាយថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានធ្វើអ្វីៗទាំងអស់ដែលអាចធ្វើបានដើម្បីរារាំងការស៊ើបអង្កេត ចំណែកឯបេសកជនសហរដ្ឋអាមេរិកលោក Robert Wood វិញបានបញ្ជាក់ថា ប្រទេសរុស្ស៊ីទៅវិញទេដែលមិនចាប់អារម្មណ៍នៅក្នុងការស៊ើបអង្កេតដោយឯករាជ្យ។
នៅរវាងថ្ងៃទី ២៦ និងថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ មានការផ្ទុះជាច្រើនបានបណ្ដាលឱ្យមានការធ្លាយ ៤ កន្លែងនៅក្នុងបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 ដែលរត់កាត់បាតសមុទ្របាល់ទិក និងជាបំពង់ដែលរុស្ស៊ីប្រើដើម្បីផ្គត់ផ្គង់ឧស្ម័នដល់អឺរ៉ុប៕