កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានអះអាងថា នាវាចម្បាំងអាមេរិកមួយគ្រឿងបានបើកឆ្លងកាត់តំបន់ក្បែរប្រជុំកោះ Paracel ដ៏មានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីប្រឆាំងនឹងការទាមទាររបស់ចិននៅក្នុងតំបន់សមុទ្រនេះ។
ការបើកឆ្លងកាត់របស់នាវាចម្បាំងអាមេរិកកាលពីថ្ងៃព្រហស្បតិ៍នេះកើតមានឡើងមួយថ្ងៃក្រោយពីប្រទេសចិនបានធ្វើសមយុទ្ធយោធាដោយបាញ់កាំជ្រួចផ្លោងទៅក្នុងសមុទ្រចិនខាងត្បូង ដែលព្រឹត្តិការណ៍នេះកាន់តែដុតកម្តៅនៃភាពតានតឹងខាងយោធារវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលប៉េកាំងក្នុងប៉ុន្មានថ្ងៃនេះ។
បញ្ជាការដ្ឋាននៃកងនាវាប្រចាំមហាសមុទ្រប៉ាស៊ីហ្វិករបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាចម្បាំង USS Mustin ដែលបំពាក់ដោយមីស៊ីលស្វ័យប្រវត្តិផងនោះ បានធ្វើនាវាចរណ៍កាលពីថ្ងៃព្រហស្បតិ៍ «នៅក្នុងតំបន់ក្បែរប្រជុំកោះ Paracels ដើម្បីធានាថាផ្លូវនាវាចរណ៍សំខាន់ៗនៅក្បែរនោះនៅតែបើកចំហ»។
សហរដ្ឋអាមេរិកជារឿយៗតែងធ្វើអ្វីដែលខ្លួនហៅថាជា«ប្រតិបត្តិការសេរីភាពនាវាចរណ៍» នៅសមុទ្រចិនខាងត្បូង ដើម្បីប្រឆាំងនឹងការទាមទាររបស់ចិនថា តំបន់សមុទ្រនេះជាអធិបតេយ្យភាពរបស់ខ្លួន។
យោធាចិនកាលពីថ្ងៃសុក្របានចោទប្រកាន់ថា នាវាសហរដ្ឋអាមេរិកបានចូលដែនទឹករបស់ចិននៅជិតប្រជុំកោះ Paracels នោះ ដោយគ្មានការអនុញ្ញាត។ អ្នកនាំពាក្យលោក Li Huamin និយាយថា កងកម្លាំងចិនបានតាមដានដំណើររបសនាវាអាមេរិកនេះរួមបានជូនដំណឹងឲ្យនាវានេះត្រូវចាកចេញពីតំបន់នោះ៕