ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ព្រមាន​អំពី​អំពើហិង្សា​ធ្ងន់ធ្ងរ​នៅ​អាហ្វហ្គានីស្ថាន​ថា អាច​នាំឲ្យ​អន្តរាយ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ក្រុមតាលីបង់


រូបឯកសារ៖ បុរស​អាហ្វហ្គានីស្ថាន​ម្នាក់ ត្រួតពិនិត្យ​បំណែក​នៃ​រថយន្ត​នៅ​កន្លែង​នៃ​ការបំផ្ទុះ​គ្រាប់បែក​នៅក្នុង​ស្រុក Ghani Khel ខេត្ត Nangarhar ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០។

សហរដ្ឋ​អាមេរិក​បាន​ព្រមានថា អំពើ​ហិង្សាកម្រិត​ខ្ពស់ដ៏គួរ​ឲ្យ​បារម្ភ​ក្នុងប្រទេស​អាហ្វហ្គានីស្ថាន​នោះ​ កំពុង​គំរាម​កំហែង ​និង​អាច​នាំឲ្យអន្តរាយ​ដល់កិច្ចព្រម​ព្រៀង​សន្តិភាពរបស់​រដ្ឋាភិបាល​អាមេរិក ​ជា​មួយ​ក្រុម​ឧទ្ទាម​តាលីបង់​ និងដំណើរ​ការ​ចរចា​សន្តិភាពផ្ទៃ​ក្នុងដែល​កំពុង​កើត​មាន​ ក្នុងប្រទេស​អាហ្វហ្គានីស្ថាន​។​

លោក Zalmay Khalilzad (ហ្សាល់មេ​ ខាល់លីហ្សាដ)​ បេសកជន​ពិសេសសហរដ្ឋ​អាមេរិ​ក​ ​សម្រាប់​ប្រទេស​ដែល​រងនូវ​ភាព​ច្របូក​ច្របល់​ខ្លាំង​មួយនេះ​ បាន​ចេញផ្សាយនូវ​សេចក្តី​ព្រមានកាល​ពី​ថ្ងៃ​ចន្ទ​យ៉ាងដូច្នេះ​ គឺកើត​ឡើង​ក្រោយ​ពេលដែល​ក្រុម​តាលីបង់​បាន​បង្កើនការវាយ​ប្រហារ​លើ​កង​កម្លាំង​សន្តិសុខ​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​តាម​សមរភូមិ​ជាច្រើន​ ដែល​រួម​មាន​ការ​វាយ​ប្រហារ​ក្នុង​ទ្រង់​ទ្រាយ​ធំ​កាល​ពីសបា្តហ៍​មុន​ ក្នុង​ខេត្ត​ Helmand ​(ហែល​មែន​) ស្ថិតនៅ​ភាគ​ខាង​ត្បូង​របស់ប្រទេស​នេះ​ផង​ដែរ។​

លោក​បាន​ថ្លែង​ក្នុង​សារជា​បន្ត​បន្ទាប់​លើ​បណ្តាញ​ទ្វីតធឺ​ថា​ ការ​រំពឹង​របស់​យើង​គឺ​ថា​ អំពើ​ហិង្សា​នឹង​ថមថយ​។​ ​

អំពើ​ហិង្សា​គួរ​ត្រូវ​បាន​កាត់​បន្ថយ​ជា​និរន្ត​ ក្រោយ​កិច្ច​ព្រម​ព្រៀងជា​ប្រវត្តិសាស្រ្ត​ដែល​សហរដ្ឋ​អាមេរិក​ បាន​ចុះ​ហត្ថលេខា​ ជាមួយ​ក្រុម​តាលីបង់​កាល​ពី​ខែកុម្ភៈ​កន្លង​ទៅ​ ក្នុង​ការ​លើក​កម្ពស់​ការ​បញ្ចប់​នូវ​ជម្លោះ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ​ដែល​មាន​រយៈពេល​១៩​ឆ្នាំ​ ​តាម​រយៈការ​ចរចា និង​ជា​ការ​ខិត​ខំ​ដ៏យូរ​បំផុត​របស់​អាមេរិក​នោះ​។​

កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រុម​ឧទ្ទាម​សកម្ម​ប្រយុទ្ធ​ បាន​លើក​ឡើង​ថា​ យោធា​អាមេរិកបាន​រំលោភ​ទៅ​លើ​ខ្លឹមសារ​នៃ​កិច្ច​ព្រម​ព្រៀង​នោះ​។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ អ្នក​នាំពាក្យយោធា​អាមេរិក បាន​ប្រកាស​ទាត់​ចោល​ ការ​ចោទ​ប្រកាន់​នោះ​ជា​បន្ទាន់​ ហើយ​បាន​ដាក់​ការ​ស្តី​បន្ទោស​ដល់​ក្រុម​តាលីបង់ ថាបាន​ធ្វើ​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ដំណើរ​ការ​សន្តិភាព​នោះ។​

លោក ​Khalilzad ​បានបដិសេធការ​ចោទ​ប្រកាន់​របស់​ក្រុម​ឧទ្ទាម​ប៉ះ​បោរ​ថា​ មិន​មែន​ជា​រឿង​ពិត​ និង​ប្រើវោហារ​សាស្ត្រដុតរោល។​ លោក​ថា វោហារ​សាស្ត្រ​ចោទ​ប្រកាន់​និង​ដុតរោល​ទាំង​នោះ​ មិន​បាន​ជួយឲ្យ​ដំណើរ​ការ​សន្តិភាពធ្វើ​ដំណើរ​ទៅ​មុខ​នោះ​ទេ​។ លោក​ក៏​បាន​លើក​ឡើងពី​ភាព​ចាំ​បាច់​ ក្នុង​ការ​អនុវត្តន៍​នូវ​ខ្លឹមសារ​នៃ​កិច្ចព្រម​ព្រៀងរវាង​សហរដ្ឋ​អាមេរិក​និង​ក្រុម​តាលីបង់​ និង​ការ​យោគ​យល់គ្នារបស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​រដ្ឋាភិបាល​ក្រុង​កាប៊ុល​ ក្នុង​ការ​កាត់​បន្ថយ​នូវ​អរិភាព​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថា​ននោះ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG