ការស្ទង់មតិសាធារណៈថ្មីមួយរបស់សហរដ្ឋអាមេរិកបានរកឃើញថា ពីរភាគបីនៃអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump គាំទ្រ «ខ្លាំងក្លា» ឬ «បន្តិចបន្តួច» លើកិច្ចព្រមព្រៀងរបស់លោកជាមួយក្រុមតាលីបង់ ដើម្បីដកសហរដ្ឋអាមេរិកចេញពីសង្គ្រាមរយៈពេល ១៩ ឆ្នាំ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
អ្នកគាំទ្របេក្ខជនប្រធានាធីបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden ប្រមាណជិត ៦០% ក៏គាំទ្រកិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិកជាមួយក្រុមតាលីបង់នេះផងដែរ។ នេះបើយោងតាមការស្ទង់មតិដែលធ្វើឡើងដោយអង្គការ Eurasia Group Foundation ដែលមានទីតាំងនៅក្នុងទីក្រុង New York។
អង្គការនេះបានកត់សម្គាល់នៅក្នុងលទ្ធផលនៃការស្ទង់មតិនេះដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា៖ «ការបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន គឺជាអ្វីដែលគេចង់ឃើញខ្លាំង ហើយពលរដ្ឋអាមេរិកាំងមិនថាអ្នកគាំទ្របក្សនយោបាយណាក៏ដោយ ចង់ឲ្យមានការគោរពតាមកិច្ចព្រមព្រៀងកាលពីពេលថ្មីៗនេះ»។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅនេះ ចែងថា កងទ័ពអាមេរិកទាំងអស់នឹងចាកចេញពីប្រទេសអាហ្វហ្គានីស្ថានក្នុងអំឡុងពេល ១៤ ខែ ដើម្បីបញ្ចប់នូវអ្វីដែលបានក្លាយជាសង្គ្រាមដ៏យូរបំផុតរបស់សហរដ្ឋអាមេរិក។
ជាថ្នូរ [នៃការដកទ័ពនេះ] ក្រុមតាលីបង់ បានយល់ព្រមឈប់អនុញ្ញាតឲ្យក្រុមភេរវកម្មនានាដូចជាក្រុម al-Qaida ជាដើម ធ្វើប្រតិបត្តិការក្នុងប្រទេសអាហ្វហ្គានីស្ថាន និងចាប់ផ្ដើមធ្វើកិច្ចចរចាសន្តិភាពជាមួយគូសត្រូវនៅក្នុងប្រទេសទាំងឡាយ ដើម្បីបញ្ចប់អរិភាពជាច្រើនទស្សវត្សរ៍នៅក្នុងប្រទេស៕