រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានកត់សម្គាល់កាលពីថ្ងៃអង្គារម្សិលមិញថា កិច្ចចរចាសន្តិភាពដែលកំពុងបន្តស្ដីពីអនាគតរបស់ប្រទេសអាហ្វហ្គានីស្ថានគឺជា ដំណើរការដ៏ពិបាកមួយ ប៉ុន្តែវានឹងជួយកាត់បន្ថយផលវិបាកនៃសង្គ្រាម និងហានិភ័យចំពោះសហរដ្ឋអាមេរិក។
លោក Pompeo ថ្លែងដូច្នេះក្នុងរដ្ឋធានីវ៉ាស៊ីនតោន ស្របពេលដែលក្រុមតាលីបង់ និងក្រុមតំណាងឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានបន្តកិច្ចចរចារបស់ពួកគេនៅថ្ងៃទី ៤ នៅក្នុងទីក្រុងដូហា ប្រទេសកាតា ដើម្បីសម្រេចចុងក្រោយលើរបៀបវារៈសម្រាប់ការចរចាសន្តិភាពដ៏សំខាន់មួយដើម្បីបញ្ចប់ជម្លោះជាច្រើនទស្សវត្សរ៍នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ភាគីទាំងពីរមានភារកិច្ចចរចាធ្វើយ៉ាងណាសម្រេចឲ្យបាននូវការឯកភាពគ្នាលើការឈប់ប្រយុទ្ធគ្នាជាអចិន្ត្រៃយ៍ និងលើការព្រមព្រៀងចែករំលែកអំណាចគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ក្រោយពីកងទ័ពអាមេរិក និងកងទ័ពសម្ព័ន្ធមិត្តអាមេរិកទាំងអស់នឹងត្រូវដកចេញពីប្រទេសនេះ។
លោក Pompeo បានថ្លែងក្នុងព្រឹត្តិការណ៍តាមអ៊ីនធឺណិតមួយដែររៀបចំដោយអង្គការក្រុមប្រឹក្សាអាត្លង់ទិក (Atlantic Council) ថា៖ «យើងកំពុងរៀបចំឲ្យមានលទ្ធផលមួយដែលនឹងកាត់បន្ថយការបាត់បង់អាយុជីវិតរបស់ទាហានអាមេរិក កាត់បន្ថយការចំណាយ [លើសង្គ្រាម] ដែលបានពីការបង់ពន្ធរបស់ពលរដ្ឋអាមេរិក និងកាត់បន្ថយហានិភ័យចំពោះសហរដ្ឋអាមេរិក»៕