កាសែត The New York Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថារដ្ឋបាលរបស់លោកអូបាម៉ា បានព្រមានប្រទេសចិនអំពីវត្តមានភ្នាក់ងារអនុវត្តន៍ច្បាប់របស់ខ្លួនបង្កប់នៅក្នុងសហរដ្ឋអាមេរិកដែលដាក់គំនាបទៅលើជនជាតិចិនដែលល្បីៗឲ្យវិលត្រឡប់ទៅកាន់មាតុភូមិវិញដែលជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។ការតានតឹងបានកើតមានឡើងប៉ុន្មានសប្តាហ៍មុនដំណើរបំពេញទស្សនៈកិច្ចផ្លូវរដ្ឋដោយប្រធានាធិបតីចិន ស៊ី ជីងពីងមកកាន់សហរដ្ឋអាមេរិក។
កាសែតនោះ បានដកស្រង់សម្តីពួកមន្រ្តីអាមេរិកាំងដែលមិនប្រាប់ឈ្មោះមកចុះផ្សាយថារដ្ឋាភិបាលទីក្រុងប៉េកាំង បានហៅកិច្ចខំប្រឹងប្រែងប្រតិបត្តិការនោះថា«ការប្រមាញ់ឆ្កែចចក» ហើយដែលជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយកាន់តែខ្លាំងឡើងរបស់ប្រធានាធិបតីស៊ី ជីងពីង ដែលមានប្រជាប្រិយភាពជាមួយសាធារណជនចិន។ កាសែត The New York Times បានរាយការណ៍ទៀតថាភ្នាក់ងារចិន ដែលបានពាក់ព័ន្ធក្នុងកិច្ចប្រតិបត្តិការនោះ មកពីក្រសួងសន្តិសុខសាធារណចិនហើយមិនមែនស្ថិតនៅក្នុងសហរដ្ឋអាមេរិកដើម្បីបំពេញកាងារផ្លូវការរបស់រដ្ឋាភិបាលទេ ហើយទំនងជាបានចូលសហរដ្ឋអាមេរិកតាមរយៈទិដ្ឋាការទេសចរណ៍ឬពាណិជ្ជកម្ម។
កាសែត The New York Times បានរាយការណ៍ទៀតថា ចាប់តាំងពីឆ្នាំ២០១៤មក ជនសង្ស័យជាង៩៣០នាក់ បានត្រូវបញ្ជូនត្រឡប់ទៅកាន់ប្រទេសចិនវិញ រួមមានជាង៧០នាក់ដែលបានវិលត្រឡប់ទៅកាន់ប្រទេសចិនវិញដោយការស្ម័គ្រចិត្តនៅឆ្នាំនេះ។កាសែតនោះ បានរាយការណ៍បន្តទៀតថា ភ្នាក់ងារទាំងនោះជាផ្នែកមួយនៃកិច្ចប្រតិបត្តិការអន្តរជាតិដើម្បីប្រមាញ់ពិរុទ្ធជនខាងសេដ្ឋកិច្ចហើយបញ្ចុះបញ្ចូលពួកគេឲ្យវិលត្រឡប់ទៅកាន់ប្រទេសចិនវិញ៕