សហរដ្ឋអាមេរិកនឹងលើកលែងទណ្ឌកម្មប្រឆាំងក្រុមហ៊ុនអាល្លឺម៉ង់ឈានមុខក្នុងការធ្វើបំពង់បង្ហូរឧស្ម័នNord Stream 2។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការបរទេសដែលបានផ្ញើទៅសភាកាលពីថ្ងៃពុធ។
របាយការណ៍នេះបានកត់សម្គាល់ថា ក្រុមហ៊ុនអាល្លឺម៉ង់ Nord Stream 2 Ag និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានបំពានសហរដ្ឋអាមេរិកដោយធ្វើកិច្ចការជាមួយប្រទេសរុស្ស៊ីដើម្បីធ្វើបំពង់បង្ហូរឧស្ម័នធម្មជាតិរវាងប្រទេសទាំងពីរនោះប៉ុន្តែការលើកលែងទណ្ឌកម្មគឺដើម្បីផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក។
របាយការណ៍នោះបានកត់សម្គាល់ថា ទណ្ឌកម្មនឹងត្រូវបានដាក់លើនាវានិងក្រុមហ៊ុនរុស្ស៊ីជាច្រើនទាក់ទងគម្រោងនេះ។ ប្រទេសរុស្ស៊ីនិងសមាជិកសភាសហរដ្ឋអាមេរិកមួយចំនួនបានប្រតិកម្មនឹងសេចក្តីសម្រេចនេះ មុនពេលប្រកាសជាផ្លូវការ។ សារព័ត៌មានAxiosបានរាយការណ៍ជាលើកដំបូងថា ការលើកលែងទណ្ឌកម្មនេះហៀបសម្រេចកាលពីថ្ងៃអង្គារ។
Nord Stream 2 គឺជាគម្រោងបំពង់បង្ហូរឧស្ម័នក្រោមទឹកដែលមានតម្លៃរាប់ពាន់លានដុល្លារភ្ជាប់ពីរុស្ស៊ីទៅអាល្លឺម៉ង់។ ការងារធ្វើបំពង់បង្ហូរឧស្ម័ននេះត្រូវបានផ្អាកកាលពីខែធ្នូឆ្នាំ២០១៩បន្ទាប់ពីគម្រោងនេះបានក្លាយជាប្រភពជម្លោះរវាងរុស្ស៊ីនិងលោកខាងលិច។
មន្ត្រី Nord Stream បាននិយាយថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមសាងសង់បំពង់បង្ហូរឧស្ម័នកាលពីខែធ្នូ។ សហរដ្ឋអាមេរិកបានប្រឆាំងនឹងគម្រោងអន្តរជាតិរួមនេះដោយសារវាអាចគំរាមកំហែងដល់សន្តិសុខថាមពលរបស់អឺរ៉ុប។
វិមានក្រឹមឡាំងបានឆ្លើយតបទៅនឹងសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានអនឡាញ Axios មុនពេលការប្រកាសជាផ្លូវការណ៍ ដោយបានហៅការលើកលែងទណ្ឌកម្មនេះថា «ជាសញ្ញាវិជ្ជមាន»៕