ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ថា ការ​វាយ​ប្រហារ​តាម​អនឡាញ​លើ​ប្រព័ន្ធ​បំពង់​បង្ហូរ​ប្រេង​ឥន្ធនៈ​សហរដ្ឋ​អាមេរិក​គឺជា​«សកម្មភាព​ឧក្រិដ្ឋកម្ម»


រូបឯកសារ៖ ទិដ្ឋភាពនៃកន្លែងស្តុកប្រេងរបស់ក្រុមហ៊ុន Colonial Pipeline នៅទីក្រុង Linden រដ្ឋ New Jersey កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០០៨។
រូបឯកសារ៖ ទិដ្ឋភាពនៃកន្លែងស្តុកប្រេងរបស់ក្រុមហ៊ុន Colonial Pipeline នៅទីក្រុង Linden រដ្ឋ New Jersey កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០០៨។

ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​កំព្យូទ័រ​ដែល​សំដៅ​លើ​ប្រព័ន្ធ​បំពង់​បង្ហូរ​ប្រេង​ឥន្ធនៈ​ដ៏​ធំ​បង្អស់​របស់​សហរដ្ឋ​អាមេរិក​គឺ​ជា «សកម្មភាព​ឧក្រិដ្ឋកម្ម​ពិត​ប្រាកដ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។

លោក Biden បាន​បញ្ជាក់​នៅឯ​សេតវិមាន​ នៅ​ពេល​ដែល​លោក​ចាប់ផ្តើម​ថ្លែង​អំពី​របៀបវារៈ​សេដ្ឋកិច្ច​របស់​លោក​ថា៖ «ទីភ្នាក់ងារ​នានា​របស់​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​យ៉ាង​ឆាប់​រហ័ស ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ណា​មួយ​លើ​ការ​ផ្គត់ផ្គង់​ប្រេង​ឥន្ធនៈ​របស់​យើង»។

បន្ទាប់ពី​អ្នក​យក​ព័ត៌មាន​ម្នាក់​បាន​សួរ​ថា ​តើ​រដ្ឋាភិបាល​រុស្ស៊ី​មាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​នេះ​ដែរ ​ឬ​ក៏​យ៉ាង​ណា​នោះ លោក Biden បាន​ឆ្លើយ​ថា៖ «ខ្ញុំ​នឹង​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។ កន្លង​មក បើ​ផ្អែក​តាម​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​របស់​យើង មិន​មាន​ភស្តុតាង​ណា​មួយ​ដែល​បង្ហាញ​ថា ​រុស្ស៊ី​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​នេះ​នោះ​ទេ»។

ប៉ុន្តែ លោក Biden បាន​បន្ថែម​ថា ដោយ​មាន​ភស្តុតាង​បង្ហាញ​ថា អ្នក​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​នេះ​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី រដ្ឋាភិបាល​រុស្ស៊ី​មាន «ការ​ទទួល​ខុសត្រូវ​ខ្លះ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ»។

ក្រុមហ៊ុន​បំពង់​បង្ហូរ​ប្រេង​ឥន្ធនៈ Colonial Pipeline ដែល​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ក្នុង​រដ្ឋ Georgia បាន​បិទ​ប្រតិបត្តិការ​របស់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​មាន​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​កើតឡើង​លើ​បណ្ដាញ​របស់​ខ្លួន​មួយ​ចំនួន។ នេះ​បើ​យោង​តាម​មន្ត្រី​សហរដ្ឋ​អាមេរិក​មួយ​ចំនួន។

នៅ​ថ្ងៃ​អង្គារ​នេះ ស្ថានទូត​រុស្ស៊ី​ប្រចាំ​សហរដ្ឋ​អាមេរិក​បាន​ច្រាន​ចោល​ការ​សង្ស័យ​ណា​មួយ ​ដែល​ថា រុស្ស៊ី​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​រឿង​នេះ។

ស្ថានទូត​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ស្ថានទូត​យក​ចិត្ត​ទុកដាក់​លើ​ការ​ប៉ុនប៉ង​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​នៅ​ក្នុង​ការ​ចោទ​ប្រកាន់​រុស្ស៊ី​រឿង​វាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​លើ​ក្រុមហ៊ុន​បំពង់​បង្ហូរ​ប្រេង​ឥន្ធនៈ Colonial Pipeline»។

ស្ថានទូត​រុស្ស៊ី​បាន​បន្ថែម​ថា៖ «យើង​ច្រានចោល​ការ​លាប​ពណ៌​ដែល​គ្មាន​មូលដ្ឋាន​របស់​អ្នក​កាសែត​មួយ​ចំនួន និង​បញ្ជាក់​ជា​ថ្មី​ថា រុស្ស៊ី​មិន​បាន​ធ្វើ​សកម្មភាព​ព្យាបាទ​តាម​អនឡាញ​នេះ​ទេ»៕

XS
SM
MD
LG