ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ុយក្រែន​ ចំ​ពេល​មាន​​ភាព​​តានតឹង​ជាមួយ​រុស្ស៊ី


រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken និងគណៈប្រតិភូអាមេរិក កំពុងជួបពិភាក្សាជាមួយ​​ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និងរដ្ឋមន្ត្រីផ្សេងទៀតរបស់ប្រទេសអ៊ុយក្រែន នៅរដ្ឋធានីគាវ ប្រទេសអ៊ុយក្រែន នាថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១។

រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ដើម្បី​ជួប​ជា​មួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy លោក​នាយក​រដ្ឋមន្ត្រី Denys Shmyhal និង​លោក​រដ្ឋមន្ត្រី​ការបរទេស Dmytro Kuleba។

លោក Blinken បាន​បង្ហោះសារ​ក្នុង Twitter បន្ទាប់​ពី​មក​ដល់​រដ្ឋធានី​គាវ​ ប្រទេសអ៊ុយក្រែន ថា៖ «នេះ​គឺ​ជា​ឱកាស​ដ៏​សំខាន់​ក្នុង​ការ​ពិភាក្សា​អំពី​ការ​បន្ត​ការឈ្លាន​ពាន​របស់​រុស្ស៊ី​ និង​ដើម្បី​សង្កត់ការយកចិត្តទុកដាក់អំ​ពី​តម្រូវការ​ដើម្បី​រក្សា​ទាំង​ល្បឿន​និង​កិច្ចខិតខំប្រឹងប្រែង​ធ្វើ​កំណែទម្រង់​ជាមួយ​ដៃគូអ៊ុយក្រែន​របស់​យើង»។

កាល​ពី​ខែ​មុន មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប បាន​និយាយ​ថា​ ទាហាន​រុស្ស៊ី​ប្រមាណ ១ សែន ៥ ម៉ឺន​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នានៅ​តាម​តំបន់​ព្រំដែន​រវាង​ប្រទេស​អ៊ុយក្រែន និង​ក្នុង​តំបន់ Crimea។​

គេ​រំពឹង​ថា លោក Blinken នឹង​ថ្លែង​សារជា​ថ្មី​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​ទទួល​ស្គាល់ការ​បញ្ចូល​ឧបទ្វីប Crimea ទៅ​ក្នុង​ទឹកដី​របស់​រុស្ស៊ីដែលធ្វើឡើងកាល​ពី​ឆ្នាំ ២០១៤ ឡើយ ហើយ​អំពាវនាវ​ឲ្យ​រុស្ស៊ី​ប្រគល់តំបន់​នេះ​មក​ឲ្យប្រទេស​អ៊ុយក្រែន​វិញ។

លោក Blinken ក៏​នឹង​អំពាវ​នាវ​ឲ្យ​ប្រទេស​រុស្ស៊ី​រក្សា​ការ​ប្ថេជ្ញាចិត្ត​របស់​ខ្លួន​ នៅ​ក្នុងកិច្ច​ព្រមព្រៀង​ទីក្រុង Minsk ដើម្បី​បញ្ចប់​ជម្លោះ​នៅ​ភាគ​ខាង​កើតនៃ​ប្រទេស​អ៊ុយក្រែន។ ចាប់​តាំង​ពី​ឆ្នាំ ២០១៤ មក​រុស្ស៊ី​បាន​គាំទ្រ​ក្រុម​បំបែក​ខ្លួន​ដែល​លម្អៀងលើ​ប្រទេស​រុស្ស៊ី​ស្ថិតនៅ​ភាគ​ខាង​កើត​នៃតំបន់ Donbas។

លោក Blinken ក៏​នឹង​ទំនង​ជា​លើក​ឡើង​ពី​សារ:សំខាន់​នៃ​ការ​ជួយ​គាំទ្រ​ផ្នែក​សេដ្ឋកិច្ច​ពីសហរដ្ឋ​អាមេរិកដល់​ប្រទេស​អ៊ុយក្រែន​ផងដែរ។

បន្ថែមលើនេះ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា៖ «ចាប់តាំង​ពី​ឆ្នាំ ២០១៤ ​មក សហរដ្ឋ​អាមេរិក បាន​ផ្តល់​ជំនួយ​ទាំងអស់​ដែល​មាន​ទឹក​ប្រាក់​ជាង ៤ ពាន់ ៦ រយ​លាន​ដុល្លារ​សហរដ្ឋអាមេរិក រួមមាន​ជំនួយ​សន្តិសុខ​និង​មិន​មែន​សន្តិសុខផង»៕

XS
SM
MD
LG