ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​និង​​​វៀតណាម​ធ្វើ​​កិច្ច​ព្រម​ព្រៀង​អំពី​ការ​ប្រែប្រួល​អាកាសធាតុ


លោក​ប្រធានាធិបតី​វៀតណាម Tran Dai Quang (ស្តាំ) និង​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Barack Obama (ឆ្វេង) ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​កាសែត​នៅ​មជ្ឈមណ្ឌល​សន្និបាត​អន្តរជាតិ​ក្រុង​ហាណូយ ប្រទេស​វៀតណាម​ថ្ងៃ​ទី​២៣ ខែ​ឧសភា​ ឆ្នាំ​២០១៦។ EPA/LUONG THAI LINH / POOL
លោក​ប្រធានាធិបតី​វៀតណាម Tran Dai Quang (ស្តាំ) និង​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Barack Obama (ឆ្វេង) ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​កាសែត​នៅ​មជ្ឈមណ្ឌល​សន្និបាត​អន្តរជាតិ​ក្រុង​ហាណូយ ប្រទេស​វៀតណាម​ថ្ងៃ​ទី​២៣ ខែ​ឧសភា​ ឆ្នាំ​២០១៦។ EPA/LUONG THAI LINH / POOL

ក្រុម​អ្នក​បរិស្ថាន ​និង​មន្ត្រី​រដ្ឋាភិបាល​អបអរសាទរ​ចំពោះ​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​វៀតណាម​ និង​សហ​រដ្ឋ​អាមេរិក​ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ដែល​ជា​បាតុភូត​អាក្រក់។​

ក្រុម​អ្នក​បរិស្ថាន ​និង​មន្ត្រី​រដ្ឋាភិបាល​អបអរសាទរ​ចំពោះ​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​វៀតណាម​ និង​សហ​រដ្ឋ​អាមេរិក​ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ដែល​ជា​បាតុភូត​អាក្រក់។​ ពួក​គេ​បាន​និយាយ​ថា​ ការ​សហការ​នេះ​នឹង​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​ប្រទេស​កម្ពុជា​ និង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់​ និងក្នុងពិភពលោក​ទាំង​មូល។​

រដ្ឋាភិបាល​ប្រទេស​វៀតណាម​និង​សហរដ្ឋអាមេរិក​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ក្នុង​គោល​បំណង​សហការ​គ្នា​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ដែល​កើត​ឡើង​ដោយសារ​ការ​ប្រែប្រួល​អាកាស​ធាតុ ​ទប់ស្កាត់ ​និងបន្សាំ​ទៅ​នឹង​ការ​កើន​ឡើង​កម្ដៅ​ផែនដី​ជាដើម។​

ដៃគូ​ទាំង​ពីរ​នេះ​បាន​ព្រមព្រៀង​ធ្វើ​ការអនុវត្ត​តាម​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ កាល​ពី​ឆ្នាំ​មុន។​ ភាគី​ទាំងពីរ​នេះ​បាន​និយាយ​ថា ​ពួកគេ​នឹង​ធ្វើ​ការដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់។​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​ភាគី​ទាំង​ពីរ​ធានា​ថា​ ការ​រីក​ចម្រើនផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​នឹង​នៅ​តែ​បន្ត។​

លោក​សៅ សុភាព​ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​នៅ​ប្រឈម​នឹង​ការ​ខ្វះខាត​ច្រើន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​បណ្ដាល​មក​ពី​ការ​ផ្លាស់​ប្ដូរ​អាកាសធាតុ។​

«បើ​សិន​ជា​សហ​រដ្ឋ​អាមេរិក​គាត់​អាច​អនុវត្ត​ជោគជ័យ​នៅ​វៀតណាម ក៏​វា​អាច​ចូល​រួម​ចំណែក​ដល់ការ​យើង​ហៅ​ថា​ បញ្ហា​ផ្លាស់​ប្ដូរ​អាកាសធាតុ​ជា​សកល​ផង​ដែរ។ ​ប្រទេស​កម្ពុជា​ក៏ដូច​ជា​បណ្ដា​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​សកល​លោក​បាទ​ យើង​ស្វាគមន៍​ការ​ដែល​ថា ​អនុវត្ត​កិច្ច​ព្រមព្រៀង​ឬ​ក៏​ជា​កម្ម​វិធី​សហ​ប្រតិបត្តិការ​ជាមួយ​សហ​រដ្ឋ​អាមេរិក​ហើយ​និង​វៀតណាម​នេះ​ទទួល​បាន​ជោគជ័យ ​គឺ​យើង​អបអរ​សាទរ​បាទ»។​

លោក​បាន​បន្ថែម​ថា ​ក្រុម​អ្នក​បរិស្ថានចង់​បាន​កិច្ច​សហ​ប្រតិបត្តិការ​ដែលជា​មធ្យោបាយ​សម្រាប់​អនុវត្ត​ការងារ​ទាំងអស់​គ្នា ​ដោយរាប់​បញ្ចូល​ទាំង​ធនធាន​ថវិកា​ ធនធាន​មនុស្ស​ហើយ​នឹង​បច្ចេកវិទ្យា។​

លោក​តឹក វណ្ណារ៉ា​ នាយក​ប្រតិបត្តិ​នៃ​វេទិកា​អង្គការ​ក្រៅ​រដ្ឋាភិបាល​គឺ​ NGO​ Forum ​បាន​និយាយ​ថា​ កិច្ច​ព្រមព្រៀងដែល​ភាគី​ទាំងពីរ​សហការ​គ្នាធ្វើ​ការងារ​ទប់​ស្កាត់​ការផ្លាស់​ប្តូរ​អាកាស​ធាតុ​នេះ​នឹង​មានឥទ្ធិពល​វិជ្ជមាន​មក​លើ​ប្រទេស​កម្ពុជា។​

«យើង​មិន​អាច​វាយ​តម្លៃ​ថា​ ឥទ្ធិពល​នៃ​លទ្ធផល​នេះ​មាន​តិច​ ឬ​មួយ​ក៏​ច្រើន​នោះ​ទេ។ ​តែ​ប្រសិន​បើ​សហ​រដ្ឋ​អាមេរិក​ចាប់​ដៃ​ជា​មួយ​ភាគី​កម្ពុជា​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​ទៅ​លើ​សមត្ថភាព​ប្រជា​ពលរដ្ឋ​ក្នុង​ការ​បន្សាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ក្នុង​វិស័យ​កសិកម្ម​ នៅ​ក្នុង​វិស័យ​ចិញ្ចឹម​សត្វ​ នៅ​ក្នុង​វិស័យ​ថាមពល​កកើត​ឡើង​វិញ​ ​នៅ​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម ​ការ​វិនិយោគ​ដែល​អាច​សម​ស្រប​ទៅ​នឹង​អាកាសធាតុ​ ឬ​មួយ​ដែល​អាច​បន្សាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​វា​គឺ​ជា​ចំណុច​ល្អ»។​

លោក តឹក វណ្ណារ៉ា នាយក​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ផ្តល់​បទសម្ភាសន៍​ដល់​VOA នៅ​ភ្នំពេញ​កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ២០១៥ អំពី​បញ្ហា​បរិស្ថាន​និង​ការធ្វើ​សមាហរណកម្ម​អាស៊ាន។ (ផន បុប្ផា/VOA)
លោក តឹក វណ្ណារ៉ា នាយក​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ផ្តល់​បទសម្ភាសន៍​ដល់​VOA នៅ​ភ្នំពេញ​កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ២០១៥ អំពី​បញ្ហា​បរិស្ថាន​និង​ការធ្វើ​សមាហរណកម្ម​អាស៊ាន។ (ផន បុប្ផា/VOA)

លោក​បាន​បន្ថែម​ថា ​ប្រសិន​ជា​គម្រោង​នេះ​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ ​នោះ​លទ្ធផល​វា​នឹង​ស្ដែង​ចេញ​ដោយ​ផ្ទាល់សម្រាប់​ប្រទេស​កម្ពុជា។​ ប្រជាជន​កម្ពុជា​នឹង​មាន​លទ្ធភាព​បន្សាំ​ហើយ​នឹង​អាច​ទទួល​បាន​បច្ចេកវិទ្យា​ថ្មីៗ​ពាក់ព័ន្ធ​ជាមួយ​នឹង​ផែនការ​នៃ​ការ​អភិវឌ្ឍ​ និង​ការ​រីក​ចម្រើន​តំបន់​បៃតង។​

លោក​តឹក វណ្ណារ៉ា​បាន​បន្ថែម​ថា ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​រវាង​ប្រទេស​ទាំង​ពីរ​នេះ​គឺ​ប្រទេស​វៀតណាម​«មាន​យុទ្ធ​សាស្ត្រ​អភិវឌ្ឍ​តំបន់​បៃតង»។​

លោក​និយាយ​ថា ​យុទ្ធសាស្ត្រ​នេះ​អាច​ជួយ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន​យ៉ាង​ច្រើន។​

ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ​ លោក​អ៊ូ វីរៈ​ ​ជា​ប្រធាន​វេទិកា​អនាគត​ និង​ជា​អ្នក​រិះគន់​ទៅ​លើ​នយោបាយ​ព្រៃឈើ​របស់​រដ្ឋាភិបាល​កម្ពុជា​ បាន​និយាយ​ថា​ ការ​មិន​តាំង​ចិត្ត​ដោះ​ស្រាយ​បញ្ហា​កាប់​បំផ្លាញ​ព្រៃឈើ​ ដែល​កំពុងរីក​រាល​ដាល​ខ្លាំង​នោះ​ បាន​នាំ​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​ការ​តាំង​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​ការ​កើន​ឡើង​នៃ​កម្ដៅ​ផែនដី។​

«ប្រទេស​ជា​ច្រើន​គឺ​មាន​ឆន្ទៈ​ធ្វើ​រឿង​ដូច​គ្នា​អីចឹង​ជាមួយ​ប្រទេស​កម្ពុជា​ ​តែ​ប្រទេស​កម្ពុជា​នៅ​តែ​បន្ត​បំផ្លាញ​ព្រៃ​ឈើ​ នៅ​តែ​បន្ត​បង្ហាញ​ពី​ការ​កង្វះ​ឆន្ទៈ​ក្នុង​ការ​ទប់ស្កាត់​ការ​បំផ្លាញ​បរិស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ខ្ញុំ​មើល​ទៅ​ពិភព​លោក​គេ​កំពុង​តែ​ចាំ​ជួយ​ ហើយ​មាន​ថវិកា​ជា​ច្រើន​ដែល​អាច​ហូរ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ជួយ​ឧបត្ថម្ភប្រទេស​កម្ពុជា រដ្ឋាភិបាល​កម្ពុជា​និង​ប្រជា​ពលរដ្ឋ​របស់​យើង​ផង​ដែរ»។​

​ទោះ​ជា​យ៉ាង​ណា​ក្តី​ ​លោក​សៅ​ សុភាព​បាន​និយាយ​ថា​ រដ្ឋាភិបាល​កំពុង​ធ្វើ​ការ​យ៉ាង​សកម្ម​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​ដើម្បី​ថែ​រក្សា​ព្រៃ​ឈើ៕

XS
SM
MD
LG