ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​និង​ចិន​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ


ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា (រូប​ឆ្វេង) ជួប​ជាមួយ​លោក​ប្រធានាធិបតី​ Xi Jinping ក្នុង​សន្និសីទ​ស្តី​ពី​បម្រែបម្រួល​អាកាសធាតុ នៅ​ក្នុង​ក្រុង Le Bourget កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។
ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា (រូប​ឆ្វេង) ជួប​ជាមួយ​លោក​ប្រធានាធិបតី​ Xi Jinping ក្នុង​សន្និសីទ​ស្តី​ពី​បម្រែបម្រួល​អាកាសធាតុ នៅ​ក្នុង​ក្រុង Le Bourget កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។

សហរដ្ឋ​អាមេរិក​ និង​ចិន​បាន​ប្រកាស​ថា ខ្លួន​នឹង​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុក្នុង​ខែ​មេសា​នេះ ដែល​នេះ​ជា​ជំហាន​មួយ​ដែល​ពួកគេ​សង្ឃឹម​ថា នឹង​លើកទឹកចិត្ត​ដល់​ប្រទេស​ដទៃ​ទៀត​ឲ្យ​ចូលរួម​ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​ដែល​មាន​លក្ខណៈ​ប្រវត្តិសាស្រ្ត​មួយ​នេះ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយរបស់ប្រធានាធិបតី​ទាំង​២ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ឲ្យ​ដឹងកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​សង្ឃឹម​ថា ដំណើរ​វិវឌ្ឍន៍​របស់​ពួកគេ​នឹង​ជួយ​ឲ្យ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មួយ​នេះត្រូវ​បាន​គេ​អនុវត្ត​ក្នុង​ពេល​កាន់​តែឆាប់ៗ​តាម​តែ​អាច​ធ្វើ​បាន។

កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចូលរួម​តាក់តែង​ឡើង​ដោយ​បណ្តា​ប្រទេស​ជិត​២០០​កាល​ពី​ខែ​ធ្នូ​ ប៉ុន្តែ​គេ​នៅ​មិន​ទាន់អនុវត្ត​កិច្ចព្រមព្រៀង​នេះ​នៅ​ឡើយ​ទេ រហូត​ដល់មាន​ប្រទេស​យ៉ាង​ហោច​ណាស់​ចំនួន​៥៥​ចុះ​ហត្ថលេខា ដែល​តំណាង​ឲ្យ៥៥​ភាគរយ​នៃ​កម្រិត​នៃ​ការបញ្ចេញ​ឧស្ម័ន​នៅ​ទូទាំង​សាកលលោក។

សហរដ្ឋ​អាមេរិក​និង​ចិន​ដែល​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ធំ​បំផុត​របស់​ពិភពលោក នឹង​ចូល​រួម​ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​នេះ​នៅ​ថ្ងៃ​ទី​២២​ខែ​មេសា ដែល​ជា​ទិវា​ពិភពលោក ដែល​នោះ​គឺ​ជា​ថ្ងៃ​ដំបូង​បង្អស់​ដែល​បណ្តា​ប្រទេស​នានា​អាច​ចាប់​ផ្តើម​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​បាន។

​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Ban Ki-Moon បាន​មាន​ប្រសាសន៍​កាល​ពី​ដើម​ខែ​នេះ​ថា លោក​សង្ឃឹម​ថា​ប្រទេស​ជាង​១២០​នឹង​ចូល​រួម​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នេះ​នៅ​ឯ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ៕

XS
SM
MD
LG