សហរដ្ឋអាមេរិក និងចិនបានប្រកាសថា ខ្លួននឹងចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុក្នុងខែមេសានេះ ដែលនេះជាជំហានមួយដែលពួកគេសង្ឃឹមថា នឹងលើកទឹកចិត្តដល់ប្រទេសដទៃទៀតឲ្យចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានលក្ខណៈប្រវត្តិសាស្រ្តមួយនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់ប្រធានាធិបតីទាំង២ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំង បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេសង្ឃឹមថា ដំណើរវិវឌ្ឍន៍របស់ពួកគេនឹងជួយឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីសមួយនេះត្រូវបានគេអនុវត្តក្នុងពេលកាន់តែឆាប់ៗតាមតែអាចធ្វើបាន។
កិច្ចព្រមព្រៀងនេះត្រូវបានចូលរួមតាក់តែងឡើងដោយបណ្តាប្រទេសជិត២០០កាលពីខែធ្នូ ប៉ុន្តែគេនៅមិនទាន់អនុវត្តកិច្ចព្រមព្រៀងនេះនៅឡើយទេ រហូតដល់មានប្រទេសយ៉ាងហោចណាស់ចំនួន៥៥ចុះហត្ថលេខា ដែលតំណាងឲ្យ៥៥ភាគរយនៃកម្រិតនៃការបញ្ចេញឧស្ម័ននៅទូទាំងសាកលលោក។
សហរដ្ឋអាមេរិកនិងចិនដែលជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំបំផុតរបស់ពិភពលោក នឹងចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅថ្ងៃទី២២ខែមេសា ដែលជាទិវាពិភពលោក ដែលនោះគឺជាថ្ងៃដំបូងបង្អស់ដែលបណ្តាប្រទេសនានាអាចចាប់ផ្តើមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះបាន។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki-Moon បានមានប្រសាសន៍កាលពីដើមខែនេះថា លោកសង្ឃឹមថាប្រទេសជាង១២០នឹងចូលរួមក្នុងពិធីចុះហត្ថលេខានេះនៅឯទីស្នាក់ការអង្គការសហប្រជាជាតិ៕