ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​​បះបោរ Rohingya នៅ​មីយ៉ាន់ម៉ា អំពាវនាវ​ឲ្យ​មាន​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​រយៈពេល​មួយ​ខែ


ក្រុម​ជនភៀស​ខ្លួន​ Rohingya លាដៃ​របស់​ខ្លួន​ដើម្បី​ទទួល​ចំណីអាហារ​ដែល​ចែក​ចាយ​ដោយ​អង្គការ​ក្រុម​ស្រុក​នៅ​ទីក្រុង Kutupalong ប្រទេស​បង់ក្លាដែស​កាលពី​ថ្ងៃទី​០៩ កញ្ញា ២០១៧។
ក្រុម​ជនភៀស​ខ្លួន​ Rohingya លាដៃ​របស់​ខ្លួន​ដើម្បី​ទទួល​ចំណីអាហារ​ដែល​ចែក​ចាយ​ដោយ​អង្គការ​ក្រុម​ស្រុក​នៅ​ទីក្រុង Kutupalong ប្រទេស​បង់ក្លាដែស​កាលពី​ថ្ងៃទី​០៩ កញ្ញា ២០១៧។

ក្រុម​បះបោរ Rohingya នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​រយៈពេល​មួយ​ខែ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​អាទិត្យ​នេះ​ត​ទៅ ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្ស​ធម៌​ចូល​ទៅ​ជួយ​អ្នក​ដែល​រងគ្រោះ​ដោយសារ​ជម្លោះ​នេះ។

ពួក​បះបោរ Rohingya មក​ពី​ក្រុម Arakan Rohingya Salvation Army បាន​ធ្វើ​ការ​វាយ​ប្រហារ​លើ​ប៉ុស្តិ៍​ប៉ូលិស​រាប់​សិប​កន្លែង និង​មូលដ្ឋាន​យោធា​មួយ​កន្លែង​កាល​ពី​ចុង​ខែ​មុន ដែល​ការ​វាយ​ប្រហារ​នេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាង ៣ សែន​នាក់ គេច​ចេញ​ពី​ផ្ទះ​សម្បែង។

នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ក្រុម​បះបោរ Rohingya បាន​អំពាវនាវ​ឲ្យ​អង្គការ​ជំនួយ​មនុស្សធម៌​នានា​ធ្វើ​ការ​ផ្ដល់​ជំនួយ​ដល់​ជន​រងគ្រោះ​នៃ​វិបត្តិ​មនុស្សធម៌​នេះ​ឡើង​វិញ ដោយ​មិន​ប្រកាន់​ជាតិ​សាសន៍ ឬ​សាសនា​អ្វី​ឡើយ ក្នុង​អំឡុង​ពេល​នៃ​ការ​ឈប់​វាយ​ប្រហារ​គ្នា​រយៈពេល​មួយ​ខែ​នេះ។

ការ​ប្រកាស​អំពី​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​នេះ បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី Nikki Haley បាន​រំឭក​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ថា ទោះបីជា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គាំទ្រ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​នៅ​ក្នុង​រដ្ឋ Rakhine ភាគ​ពាយព្យ​ប្រទេស​មីយ៉ាន់ម៉ា​ក៏​ដោយ ក៏​ត្រូវតែ​មាន​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្ស​ធម៌​ចូល​ទៅ​ជួយ​ជន​រងគ្រោះ​ជា​ដាច់ខាត។

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​កំពុង​ផ្ដោត​យ៉ាង​ខ្លាំង​លើ​ការ​ស្ដារ​ឡើង​វិញ​នូវ​ការ​បញ្ជូន​ជំនួយ​មនុស្ស​ធម៌​ចូល​ទៅ​កាន់​រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា ហើយ​ខ្លួន​ក៏​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ផង​ដែរ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​លើក​ឡើង​ជា​បន្ត​បន្ទាប់​អំពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នានា​ដែល​កើត​ឡើង​នៅ​ក្នុង​តំបន់​នោះ៕

XS
SM
MD
LG