ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​អំពាវនាវ​ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន​ ខណៈ​អូស្រ្តាលី​ជំរុញ​ឲ្យ​ធានា​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន


លោក​ ថុន រដ្ឋា​ កញ្ញា​ ឡុង គន្ធា និង​កញ្ញា ​ភួន កែវរស្មី​ ដែល​ជា​សកម្មជនការពារបរិស្ថានវ័យក្មេង ត្រូវបាន​តុលាការ​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​យ៉ាងតិច ១៨ខែ ពីបទញុះញង់។
លោក​ ថុន រដ្ឋា​ កញ្ញា​ ឡុង គន្ធា និង​កញ្ញា ​ភួន កែវរស្មី​ ដែល​ជា​សកម្មជនការពារបរិស្ថានវ័យក្មេង ត្រូវបាន​តុលាការ​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​យ៉ាងតិច ១៨ខែ ពីបទញុះញង់។

ស្ថាន​ទូត​សហ​រដ្ឋអាមេរិក​និង​អូស្រ្តាលី​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហាញក្តី​ព្រួយ​បារម្ភ​លើ​ការ​កាត់ទោស​សកម្មជន​បរិស្ថាន​វ័យ​ក្មេង ដោយ​អាមេរិក​អំពាវនាវ​ឲ្យ​ដោះ​លែង​ពួកគេ ខណៈ​អូស្រ្តាលី​ជំរុញ​ឲ្យ​ធានា​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន។

កាល​ពី​ថ្ងៃ​ពុធ ចៅ​ក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​មនុស្ស​ ៥ ​នាក់ ដែល​ក្នុង​នោះ​មាន​សកម្មជន​បរិ​ស្ថាន ​៤ ​នាក់ ​ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ​១៨ ​ខែ​ដល់​ ២០​ ខែ ពាក់​ព័ន្ធ​នឹង​សកម្មភាព​របស់​ពួក​គេ​ក្នុង​ការ​ការពារ​បរិស្ថាន​កាល​ពី​កន្លង​មក។

ក្នុង​ចំណោម​មនុស្ស​ ៥ ​នាក់​នោះ មាន​សកម្មជន​បរិស្ថាន ៣ នាក់ ​ដែល​កំពុង​ជាប់​ឃុំ រួម​មាន​លោក​ ថុន រដ្ឋា​ កញ្ញា​ ឡុង គន្ធា និង​កញ្ញា ​ភួន កែវរស្មី​ ដែល​ជា​សមាជិក​នៃ​ចលនា​មាតា​ធម្មជាតិ។ ពួកគេ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាល​ពី​ខែ​កញ្ញា ឆ្នាំ​ ២០២០ ចំពោះ​សកម្ម​ភាព​លើ​បណ្តាញ​សង្គម​ដែល​ផ្សព្វផ្សាយ​អំពី​គម្រោង​ដើរ​ថ្មើរជើង​ទៅកាន់​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅ​ក្បែរ​វិមាន​ឯករាជ្យ​ដើម្បី​បង្ហាញ​ក្តីកង្វល់​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ថ្មីៗ​នៅតំបន់​បឹង​តាមោក។

ចំណែក​មនុស្ស​ ២ នាក់​ទៀត​ដែល​មិន​ជាប់​ឃុំ​នោះ​ទេ រួម​មាន​លោក​ ​អាឡិច ហ្គន់សាឡេស ដេវិត​សុន (Alejandro Gonzalez Davidson) ​ស្ថាបនិក​នៃ​អង្គការ​មាតា​ធម្មជាតិ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៥ និង​កញ្ញា ​ជា គន្ធីន ​វ័យ​ ១៨ ​ឆ្នាំ​ ជា​យុវតី​ម្នាក់​នៃ​ក្រុមយុវជន​ខ្មែរ​ថាវរៈ។មនុស្ស​ទាំង​ ៥ នាក់​នោះត្រូវ​បាន​ចោទ​ប្រកាន់​ពី ​«ប​ទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» ដែល​នេះ​ជា​បទ​ចោទ​ប្រកាន់​មួយ​ដែល​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ​ត្រូវ​បាន​ប្រើប្រាស់ដើម្បី​បំបិទ​សំឡេង​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា។

ក្រោយ​ការ​កាត់​ទោស​ពួកគេ ស្ថានទូត​អាមេរិក​បាន​អំពាវ​នាវ​ឲ្យ​ដោះ​លែង​ពួកគេ ដើម្បី​ឲ្យ​គ្រប់​គ្នា​អាច​ស្តាប់​ឮ​សារ​របស់​ពួក​គេ​ក្នុង​ការ​ការពារ​ធន​ធាន​ធម្មជាតិ។

ស្ថានទូត​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​ថា​៖ ​«យើង​មាន​កង្វល់​យ៉ាង​ជ្រាល​ជ្រៅចំពោះ​ការ​កាត់​ទោស​ដាក់​ពន្ធនាគារលើ​សកម្ម​ជននៃ​អង្គ​ការ​មាតា​ធម្មជាតិនៅ​កម្ពុជា ​ដែល​បាន​ធ្វើ​សកម្ម​ភាព​ប្រកប​ដោយ​សន្តិវិធី​។ ការនិយាយ​ដើម្បី​ការ​ពារ​បរិស្ថាន​របស់​ប្រទេស​កម្ពុជា ដែល​រង​ការ​គំរាម​កំហែង​ដោយ​ការកា​ប់​និង​ការ​ធ្វើ​អាជីវកម្ម​ឈើ​ខុស​ច្បាប់ គឺ​ជា​រឿង​គួរ​ឲ្យ​កោត​សរសើរ»។

ចំណែក​ឯកអគ្គ​រដ្ឋ​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ​លោក Pablo Kang​ បាន​បង្ហោះ​សារ​លើប្រព័ន្ធ​Twitter របស់​លោក​ថា ​លោក​បាន​ជួប​ជាមួយ​ក្រុម​គ្រួសារ​របស់​អ្នក​ជាប់​ឃុំ​នោះ កាល​ពី​ចុង​ឆ្នាំ​មុន។ ប៉ុន្តែ​ឥឡូវ​ពួកគេ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនា​គារ។

លោក​មាន​ប្រសាសន៍​ថា​ កាល​ពី​ថ្ងៃ​ពុធ​ថា​៖ «ការ​ហ៊ាន​និយាយ​អំពី​ប្រធាន​បទ​រសើប​ទាំង​នេះ ដោយ​អហិង្សា​គឺ​ជា​សិទ្ធិ​មនុស្ស​ជា​មូល​ដ្ឋាន មិន​មែន​ញុះញង់​នោះ​ទេ»។

VOA ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពីអ្នក​នាំពាក្យ​តុលា​ការ​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក ​ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ មាន​ប្រសាសន៍​ថា​ ការ​លើក​ឡើង​របស់​ស្ថានទូត​ទាំង​ពីរ​នេះ​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ដែល​លោក​ថា ​អាស្រ័យ​លើ«និន្នា​ការ​នយោបាយ»។

លោក​បញ្ជាក់​ថា៖ «តែ​ទោះ​ជា​យ៉ាងណា ការ​បញ្ចេញ​ទស្សនៈ​សារ​នយោបាយ​ទាំង​ឡាយ​នេះ មិន​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​របស់​តុលាការ​នោះ​ទេ ដែល​ជា​ស្ថាប័ន​ឯករាជ្យ»៕

XS
SM
MD
LG