ក្រសួងការងារសហរដ្ឋអាមេរិក បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋអាមេរិកាំងចំនួន ៨៣៧.០០០ នាក់ បានដាក់ពាក្យសុំប្រាក់ជំនួយពេលអត់ការងារធ្វើ កាលពីសប្តាហ៍មុន។ នេះជាតួលេខប្រចាំសប្តាហ៍មួយ ដែលហាក់នៅនឹងនរតិចជាង ៩០០.០០០ នាក់ ក៏ប៉ុន្តែនៅតែជាសញ្ញាមួយដែលបង្ហាញថា ការរាតត្បាតនៃជំងឺកូវីដ១៩ បន្តធ្វើឲ្យទីផ្សារការងារអាមេរិកជួបប្រទះនឹងបញ្ហា។
មនុស្សជាច្រើនលាននាក់នៅតែគ្មានការងារធ្វើ។ អាត្រាអ្នកគ្មានការងារធ្វើនៅសហរដ្ឋអាមេរិក មានចំនួន ៨,១% នៅពាក់កណ្តាលខែកញ្ញា ហើយសេដ្ឋវិទូនិយាយថា តួលេខនេះអាចនៅខ្ពស់ក្នុងរយៈពេលជាច្រើនខែទៀត។ ក្នុងចំណោមការងារ ២២ លាន ដែលត្រូវបាត់បង់នៅសហរដ្ឋអាមេរិកដោយសារវិបត្តិជំងឺកូវីដ១៩ ការងារដែលត្រូវបង្កើតឡើងវិញនោះ មានចំនួនប្រហែលពាក់កណ្តាលតែប៉ុណ្ណោះ ។
ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំជាងគេបង្អស់ចំនួន ២ គឺក្រុមហ៊ុនអាកាសចរណ៍ American Airlines និង United Airlines បានប្រកាសថា ខ្លួននឹងកាត់បន្ថយបុគ្គលិកសរុបប្រមាណ ៣២.០០០ នាក់ នៅថ្ងៃព្រហស្បតិ៍ លើកលែងតែរដ្ឋាភិបាលសហរដ្ឋអាមេរិក យល់ព្រមផ្តល់ថវិកាជំនួយថែមទៀត។ វិស័យអាកាសចរណ៍អាមេរិក បានទទួលប្រាក់ឧបត្ថម្ភបុគ្គលិកចំនួន ២៥ ពាន់លានដុល្លារ កាលពីខែមីនា នៅពេលចាប់ផ្តើមការរាតត្បាតជំងឺកូវីដ១៩ ដែលនៅពេលនោះ មានការហាមមិនឲ្យយន្តហោះហោះហើរ ទាំងក្នុងស្រុក និងទាំងក្រៅប្រទេស។
ដោយនៅសល់តែ ៥ សប្តាហ៍ទៀតប៉ុណ្ណោះ មុននឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងជ្រើសរើសអ្នកតាក់តែងច្បាប់ថ្មីមកដល់ ទាំងលោកប្រធានាធីបតី Donald Trump និងអ្នកតាក់តែងច្បាប់ពីខាងគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ មានការខ្វែងគំនិតគ្នាខាងនយោបាយតយ៉ាងខ្លាំង និងមិនអាចឈានដល់ការឯកភាពណាមួយ អំពីប្រាក់ជំនួយថ្មីសម្រាប់អ្នកបាត់បង់ការងារទេ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Steven Mnuchin និងប្រធានរដ្ឋសភាសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi បានចរចាគ្នាក្នុងសប្តាហ៍នេះ និងមានគម្រោងជួបគ្នាម្តងទៀត នៅថ្ងៃព្រហស្បតិ៍ដើម្បីព្យាយាមចរចាអំពីជំនួយជុំថ្មី សម្រាប់វិបត្តិជំងឺកូវីដ១៩ ដែលបានជាប់គាំងជាយូរមកហើយនេះ។
ប៉ុន្តែគេមិនប្រាកដថា តើភាគីទាំងសងខាងអាចឈានដល់ការឯកភាពគ្នាអំពីជំនួយថ្មីនេះឬទេ នៅមុនពេលសម័យប្រជុំសភាត្រូវផ្អាក ដើម្បីឲ្យអ្នកតាក់តែងច្បាប់អាចចុះឃោសនាបោះឆ្នោតបាន៕