ក្រសួងការងារសហរដ្ឋអាមេរិក បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋអាមេរិក១,៤ លានទៀត បានដាក់ពាក្យសុំជំនួយរដ្ឋពេលអត់ការងារធ្វើកាលពីសប្តាហ៍មុន ដែលនេះជាលើកទីមួយចាប់តាំងពីខែមីនាមក ដែលចំនួនអ្នកអត់ការងារថ្មីប្រចាំសប្តាហ៍បានកើនឡើងវិញ។
តួលេខចុងក្រោយនេះជាសញ្ញាថា សហរដ្ឋអាមេរិកដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក នៅមានការលំបាកក្នុងការរក្សាលំនឹងសេដ្ឋកិច្ចខ្លួនខណៈមានការកើនឡើងជាថ្មីនៃករណីឆ្លងជំងឺកូវីដ១៩ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានទទួលស្គាល់ក្នុងសប្តាហ៍នេះថា ស្ថានភាពនេះនឹងកាន់តែធ្ងន់ធ្ងរសិន មុននឹងវាអាចធូរស្រាលវិញ។
ជារួមរដ្ឋាភិបាលអាមេរិកថា មានពលរដ្ឋ១៦,២លាននាក់ កំពុងអត់ការងារទោះបីមានអ្នកធ្វើការរាប់លាននាក់ បានត្រឡប់ទៅធ្វើការវិញក្តី។ មានពលរដ្ឋអាមេរិកសរុប៥២,៤លាននាក់ បានសុំជំនួយរដ្ឋក្នុងពេលណាមួយក្នុងរយៈពេល៤ខែចុងក្រោយនេះ។
តួលេខកាលពីសប្តាហ៍មុននៅតែខ្ពស់ខ្លាំងជាប្រវត្តិសាស្ត្រ បើទោះបីតួលេខនេះមិនខ្លាំងដូចចំនួនអ្នកអត់ការងារថ្មីកាលពីខែមីនា ដែលក្នុងមួយសប្តាហ៍ពេលនោះមានរហូតដល់ជិត៧ លាននាក់។
អ្នកធ្វើការរាប់លាននាក់ បានត្រឡប់ទៅធ្វើការវិញ ប៉ុន្តែពលរដ្ឋខ្លះមិនមានកន្លែងធ្វើការដើម្បីត្រឡប់ទៅវិញទេ។ នៅពេលនេះពលរដ្ឋអាមេរិក ដែលអត់ការងារធ្វើអាចទទួលប្រាក់ឧបត្ថម្ភពីរដ្ឋចំនួន៦០០ ដុល្លារក្នុងមួយសប្តាហ៍ ប៉ុន្តែប្រាក់នេះ នឹងផុតនៅក្នុងមួយសប្តាហ៍ទៀត។
ទាំងសេតវិមាននិងសភាជាតិ កំពុងពិចារណាអំពីជំនួយបន្ថែមក្រោយខែកក្កដាទៀត ប៉ុន្តែនៅមិនទាន់ឯកភាពគ្នា។ ក្រុមគណបក្សប្រជាធិបតេយ្យចង់ឲ្យមានកញ្ចប់ថវិកាជំនួយតម្លៃប្រមាណ៣ លាន លានដុល្លារ ដើម្បីជួយពលរដ្ ឋនិងសេដ្ឋកិច្ច ប៉ុន្តែ ក្រុមគណបក្សសាធារណរដ្ឋ ចង់កម្រិតចំនួននេះឲ្យនៅត្រឹមតម្លៃ១លានលានដុល្លារ៕