ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ដាក់​ពង្រាយ​ទ័ព​របស់​ស.រ.អា.​នៅ​ស៊ីរី​ធ្វើ​ឲ្យ​ក្រុម​ឧទ្ទាម​ប្រឆាំង​លោក Assad មាន​ការ​អន់​ចិត្ត


នៅ​ក្នុង​រូបភាព​កាលពី​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២ ឧត្តមសេនីយ៍ Salim Idris ដែល​ចាកចេញ​ពី​កងទ័ព​ស៊ីរី​​ និយាយ​ក្នុង​បទ​សម្ភាសន៍​នៅ​ក្នុង​ក្រុង​ Antakya ប្រទេស​តួកគី។
នៅ​ក្នុង​រូបភាព​កាលពី​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២ ឧត្តមសេនីយ៍ Salim Idris ដែល​ចាកចេញ​ពី​កងទ័ព​ស៊ីរី​​ និយាយ​ក្នុង​បទ​សម្ភាសន៍​នៅ​ក្នុង​ក្រុង​ Antakya ប្រទេស​តួកគី។

សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​បញ្ជូន​ក្រុម​ទាហាន​កុម្ម៉ង់ដូ​ស.រ.អា.​ទៅ​កាន់​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី​ដើម្បី​ជួយ​សម្រប​សម្រួល​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ភេរវ​ជន​រដ្ឋ​ឥស្លាម​បាន​បង្កើន​ភាព​តានតឹង​រវាង​រដ្ឋបាល​អូបាម៉ា​ និង​ក្រុម​ប្រឆាំង​ខាង​នយោបាយ​ស៊ីរី​ធំ​ជាង​គេ​ដែល​គាំទ្រ​ដោយ​ក្រុម​បស្ចឹម​ប្រទេស​ព្រម​ទាំង​ពួក​ឧទ្ទាម​អារ៉ាប់ Sunni ដែល​មាន​អាទិភាព​ក្នុង​ការ​ទម្លាក់​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad ចេញ​ពី​តំណែង។

ក្រុម​មេ​បញ្ជាការ​ឧទ្ទាម​នៃ​កងទ័ព​ស៊ីរី​សេរី​បាន​និយាយ​ថា​ ពួកគេ​មិន​បាន​ដឹង​ទេ​អំពី​សេចក្តី​សម្រេច​ចិត្ត​ក្នុង​ការ​បញ្ជូន​ក្រុម​យោធា​ស.រ.អា.​ទៅ​កាន់​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី។ ​ពួកគេ​បាន​ដឹង​អំពី​ផែនការ​ទាំង​នេះ​ពី​ក្រុម​អ្នក​កាសែត​នៅ​ក្រោយ​សេតវិមាន​បាន​ប្រកាស​ថា​ ក្រុម​តូច​មួយ​នៃ​កងកម្លាំង​ពិសេស​ស.រ.អា.​គឺ​មាន​ចំនួន​តិច​ជាង​៥០នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​ប្រទេស​ស៊ីរី​ដើម្បី​សម្របសម្រួល​កិច្ច​ប្រតិបត្តិការ​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម​ ដែល​ធ្វើ​ឡើង​ដោយ​ពួក​យុទ្ធជន​ Kurd និង​ដោយ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា.​ដែល​ទ្រទ្រង់​ពួក​ឧទ្ទាម។

នៅ​ក្នុង​អ៊ីម៉ែល​មួយ​ផ្ញើ​ទៅ​ឱ្យ​ VOA​ លោក​ឧត្តមសេនីយ៍ Salim Idris ​ដែល​ជា មេ បញ្ជាការ​ជាន់​ខ្ពស់​ម្នាក់​នៃ​កងទ័ព​ FSA ​បាន​ទទួល​សារភាព​ថា «ខ្ញុំ​មិន​បាន​ដឹង​អំពី​ការ​បញ្ជូន​ក្រុម​ទាហាន​ស.រ.អា.​ទៅ​កាន់​ប្រទេស​ស៊ីរី​ទេ»។

ដោយ​ការ​មិន​ពេញ​ចិត្ត​ដោយ​ខ្លួន​មិនបាន​ដឹង​អំពី​ការ​បញ្ជូន​ទាហាន​អាមេរិកាំង​ទាំង​នេះ​ ក្រុម​មេ​បញ្ជាការ​ឧទ្ទាម​ FSA បាន​ត្អូញត្អែរ​ថា​ស.រ.អា.​ហាក់​ដូចជា​ប្តេជ្ញា​បង្កើន​សមត្ថភាព​របស់​កង​អង្គភាព​ការពារ​របស់​ប្រជារាស្ត្រ​ Kurd ហៅ​កាត់​ថា​ YPG និង​សម្ព័ន្ធភាព​តូច​មួយ​នៃ​កង​ជីវពល​អារ៉ាប់ ​និង​តួកម៉េនីស្ថាន (Turkmenistan) មាន​មូលដ្ឋាន​ក្នុង​ប៉ែក​ឦសាន​នៃ​ប្រទស​ស៊ីរី​ នៅ​ពេល​ដែល​មិន​អើពើ​ដល់​កងកម្លាំង​ឧទ្ទាម​នៅ​ខាង​លិច​ទន្លេ Euphrates៕

XS
SM
MD
LG