ក្រុមទាហានជើងគោកអាមេរិកាំងមួយក្រុមតូចនឹងត្រូវបញ្ជូនទៅកាន់ផ្នែកខាងជើងនៃប្រទេសស៊ីរីដើម្បីជួយក្រុមប្រឆាំងក្នុងការប្រយុទ្ធប្រឆាំងនឹងពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម។
សេតវិមានបាននិយាយកាលពីថ្ងៃសុក្រថា លោកប្រធានាធិបតីបានអនុញ្ញាតឱ្យមានការបញ្ជូនក្រុមទាហានតិចជាង៥០នាក់នៃកងកម្លាំងកិច្ចប្រតិបត្តិការពិសេសស.រ.អា.ឱ្យទៅជួយសម្របសម្រួលចលនារបស់ពួកយុទ្ធជនស៊ីរីក្នុងមូលដ្ឋានជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមចម្រុះដឹកនាំដោយស.រ.អា.។ ការបញ្ជូនទាហានទាំងនេះបង្ហាញពីការបញ្ជូនកងកម្លាំងទាហានជើងគោកស.រ.អា.ជាលើកទីមួយទៅកាន់ប្រទេសស៊ីរីដែលមានលើសពីការឆ្មក់វាយប្រហារ ឬបេសកកម្មពិសេសមួយ។
លោក Josh Earnest អ្នកនាំពាក្យសេតវិមានបាននិយាយប្រាប់ក្រុមអ្នកកាសែតថាក្រុមទាហានស.រ.អា.ដែលនឹងត្រូវបញ្ជូនទៅនេះនឹងផ្តល់ «ការហ្វឹកហ្វឺនខ្លះ ការណែនាំខ្លះ និងជំនួយខ្លះ» ដល់ក្រុមជនដែលប្រយុទ្ធប្រឆាំងនឹងពួកជ្រុលនិយមរដ្ឋឥស្លាម។
លោក Earnest បាននិយាយថា «នេះជាការបង្កើនយុទ្ធសាស្ត្រមួយដែលលោកប្រធានាធិបតីបានប្រកាសកាលពីជាងមួយឆ្នាំមុននេះ»។ លោកបានថ្លែងបន្ថែមថា «សារៈសំខាន់» នៃយុទ្ធសាស្ត្រស.រ.អា.នៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរីគឺ «ការកសាងសមត្ថភាពនៃកងកម្លាំងក្នុងមូលដ្ឋាននៅលើទឹកដីនោះ»៕