ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់កំពុង​ពិចារណា​លើ​ការ​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​ស្ដីពី​វិបត្តិ​នៅ​ស៊ីរី


រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif ស្តាំ​សំណួរ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ។ អ៊ីរ៉ង់កំពុង​ពិចារណា​លើ​ការ​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​ស្ដីពី​វិបត្តិ​នៅ​ស៊ីរី។
រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif ស្តាំ​សំណួរ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ។ អ៊ីរ៉ង់កំពុង​ពិចារណា​លើ​ការ​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​ស្ដីពី​វិបត្តិ​នៅ​ស៊ីរី។

ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ខ្លួន​កំពុង​ពិចារណា​ថា​តើ​ ខ្លួន​នឹង​ចូលរួម​កិច្ច​ប្រជុំ​ពហុភាគី​ស្ដីពី​ស្ថានភាព​នៅ​ប្រទេស​ស៊ីរី ដែរ​ឬ​យ៉ាង​ណា។ កិច្ច​ប្រជុំ​នេះ​នឹង​ត្រូវ​រៀបចំ​ឡើង​ក្នុង​រដ្ឋធានី​វីយ៉ែន ប្រទេស​អូទ្រីស​ក្នុង​សប្ដាហ៍​នេះ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក​ ចន ឃឺប៊ី (John Kirby) បាន​និយាយកាល​ពី​ថ្ងៃ​អង្គារ​ថា គេ​រំពឹង​ថា ប្រទេស​អ៊ីរ៉ង់​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នោះ។ គណៈ​ប្រតិភូ​អាមេរិក នឹង​ត្រូវ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការបរទេស​លោក ចន ឃឺរី (John Kerry)។

លោកចន ឃឺប៊ី ​និយាយ​ថា កិច្ចពិភាក្សា​នោះ​នឹង​ផ្ដោត​ទៅលើ​ដំណោះស្រាយ​ចំពោះ​ស្ថានការណ៍​នយោបាយ​ដ៏​លំបាក​ក្នុង​ប្រទេស​ស៊ីរី។

កិច្ច​ប្រជុំ​ដ៏​សំខាន់​មួយនឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ប៉ុន្តែ​ការ​ពិភាក្សា​បឋម​ៗ​អាច​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍។

ប្រភព​ការទូត​រុស្សី​បាន​ឲ្យ​ដឹង​ថា កិច្ច​ពិភាក្សា​នៅ​ថ្ងៃ​ព្រហស្បតិ៍​អាច​បញ្ចូល​អ្វី​ ដែល​បាន​ពិភាក្សា​រួច​ហើយ​កាល​ពី​សប្ដាហ៍​មុន​រវាង​អ្នក​ការទូត​កំពូល​ៗ​មកពី​អាមេរិក​ រុស្សី អារ៉ាប៊ីសាអ៊ូឌីត និង​តួកគី។

រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក មូហាម៉ាត់ ចាវ៉ាដ ហ្សារីវ ( Mohammad Javad Zarif ) និង​សម​ភាគី​រុស្សី​របស់​លោក​គឺ​លោក សឺជី ឡារ៉ុវ ( Sergei Lavrov ) បាន​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​អំពី​ស្ថានការណ៍​នៅ​ប្រទេស​ស៊ីរី។

កំណត់​ហេតុ​នៃ​ការ​ពិភាក្សា​របស់​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ទាំង​ពីរ​បាន​ឲ្យ​ដឹង​ថា អ្នកការទូត​ទាំង​ពីរ​នាក់ បាន​ជជែក​គ្នា​កាល​ពី​ថ្ងៃ​ពុធអំពី​ការ​រៀបចំ​សម្រាប់​កិច្ច​ប្រជុំ​នៅ​រដ្ឋធានី​វីយ៉ែន ខណៈ​ពេល​ដែល​លោក​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ក្នុង​អំឡុង​ពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​នេះ៕

XS
SM
MD
LG