ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ វៀតណាម​បង្កើន​តួនាទី​ក្នុង​តំបន់​ពេល​ឥទ្ធិពល​ចិន​កាន់​តែ​រីករាល​ដាល


សិស្សានុសិស្សកាន់រូបប្រធានាធិបតីវៀតណាម និងព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ក្នុងអំឡុងដំណើរការទស្សនកិច្ចរបស់រដ្ឋាភិបាលកំពូលវៀតណាម នៅរាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្រុមអ្នក​វិភាគ​អះអាង​ថា​ដំណើរ​ទស្សនៈកិច្ច​របស់​មេដឹកនាំ​បក្ស​កុម្មុយនិស្ត ​វៀតណាម​លោក​ ង្វៀន ហ្វ៊ូជុង​ (Nguyen Phu Trong) ​ទៅកាន់​កម្ពុជា​កាលពី​ចុងខែ​កុម្ភៈ​ គឺជា​ការ​ពង្រីក​តួនាទី​ក្នុងតំបន់​របស់​វៀតណាម​ និង​ បង្ហាញ​កិច្ច​សហ​ប្រតិបត្តិការ ​នៅពេល​ដែល​ឥទ្ធិពល​ចិន​កើនខ្លាំង។

ក្រោយ​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក ​ង្វៀន ហ៊្វូជុង ​(Nguyen Phu Trong)​ អគ្គលេខាធិការ​នៃ​គណបក្ស​កុម្មុយនិស្ត ​និង​ជា​ប្រធានរដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​នៅ​កម្ពុជា​កាលពី​ចុង​ខែ​កុម្ភៈ ​ក្រុមអ្នក​វិភាគ​ខ្លះ ​បាន​និយាយ​ថា ​វៀតណាម​ហាក់​ដូចជា​កំពុង​ពង្រីក​ឥទ្ធិពល​ខ្លួន​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន​ ដែល​ជា​តំបន់​ដែល​មហា​អំណាច​ចិន​កំពុង​ពង្រីក​ឥទ្ធិពល​ខ្លួន​យ៉ាង​ខ្លាំង​នេះ។

លោក​បណ្ឌិត ​ឈាង វណ្ណារិទ្ធ ​អ្នកវិភាគ​កិច្ចការ​តំបន់​បានប្រាប់ ​VOA​ ថា៖

«នេះ​ជា​ដំណាក់​កាល​មួយ​សំខាន់​នៃ​ទំនាក់​ទំនង​ទ្វេភាគី ​ក៏​ដូចជា​ការ​ពង្រឹង​នូវ​តួនាទី​របស់​វៀតណាម​នៅក្នុង​តំបន់​ឥណ្ឌូចិន​ហ្នឹង​ ទាក់ទង​ជាមួយ​កម្ពុជា ​ឡាវ ​និង​កម្ពុជា​ហ្នឹង។​ នេះ​ជា​យុទ្ធសាស្ត្រ​របស់​វៀតណាម​ដើម្បី​ពង្រឹង​តួនាទី​របស់​ខ្លួន ​ទំនាក់ទំនង​ជា​ប្រពៃណី​ជាមួយ​ប្រទេស​តូចៗ​នៅជុំវិញ​ខ្លួន​ដូច​ជា​ឡាវ ​កម្ពុជា។ ​ហើយ​ក្នុង​ន័យ​យុទ្ធសាស្ត្រ ​និង​ភូមិសាស្ត្រ​នយោបាយ​ក៏ជា​ការឆ្លើយ​តប​ទៅនឹង​ការកើន​ឡើង ​ឥទ្ធិពល​ចិន​នៅក្នុង​ប្រទេស​ឡាវ​និង​កម្ពុជា​ហ្នឹង​ដែរ‍»។

ដំណើរ​ទស្សនកិច្ច​របស់ ​លោក ​ង្វៀន ហ៊្វូជុង ​ដែល​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​វៀតណាម​នេះ ​បាន​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃ​ទី២៥​ ដល់​ ថ្ងៃទី​២៦ ​ខែកុម្ភៈ។​លោក​បាន​ចូលគាល់​ព្រះមហាក្សត្រ​កម្ពុជា ​និង​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ក្រៅ​ពី​មាន​ជំនួប​ជាមួយ​មេដឹកនាំ​កំពូលៗ​របស់​កម្ពុជា​ផ្សេង​ទៀត។​

លោកប្រធានាធិបតីវៀតណាម ង្វៀន ហ៊្វូជុង (Nguyen Phu Trong) (ឆ្វេង) ចាប់ដៃស្វាគមន៍ជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ខណៈ​ដែលលោកបានមកចូលរួមកិច្ចប្រជុំមួយ នៅរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកប្រធានាធិបតីវៀតណាម ង្វៀន ហ៊្វូជុង (Nguyen Phu Trong) (ឆ្វេង) ចាប់ដៃស្វាគមន៍ជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ខណៈ​ដែលលោកបានមកចូលរួមកិច្ចប្រជុំមួយ នៅរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

បើតាម​សេចក្តី​ថ្លែង​ការណ៍​រួម​ក្រោយ​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​រួចមក​បាន​បញ្ជាក់​ឲ្យដឹង​ថា ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​និង​លោក​ ង្វៀង​ហ៊្វូជុង​ បានធ្វើ​ជា​អធិបតី​ក្នុងពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន​៥រួមគ្នា ​ដែល​ទាក់ទង​នឹងការ​ដឹក​ជញ្ជូន​ផ្លូវគោក​ ការ​ដឹក​ជញ្ជូន​ផ្លូវទឹក ​អនុស្សារណៈ​នៃការ​យោគយល់​គ្នា​ស្តីពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​២៥លាន​ដុល្លារ​អាមេរិក ​សម្រាប់​ការអនុវត្ត​គម្រោង​សាងសង់​អគារ​រដ្ឋបាល​របស់​រដ្ឋសភា ​ការ​អនុគ្រោះ​ពន្ធសម្រាប់​ឆ្នាំ​២០១៩​២០២០ ​និង​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​សម្រាប់​ឆ្នាំ២០១៩-​២០២១ ​រវាង​ក្រសួង​ទេសចរណ៍​កម្ពុជា ​និង​ក្រុមហ៊ុន​អាកាស​ចរណ៍​វៀតណាម។​

សេចក្តី​ថ្លែងការណ៍​រួម​នេះ​ក៏បាន​បញ្ជាក់​បន្ថែម​អំពី​ការ​ប្តេជ្ញាចិត្ត​របស់​កម្ពុជា​និង​វៀតណាម​ចំពោះ​កិច្ចសហ​ប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ​រួមទាំង​ផ្នែក​យោធា​ សន្តិសុខ ​នយោបាយ ​សេដ្ឋកិច្ច សង្គម​អប់រំ​ជាដើម។

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​សង្កត់​ធ្ងន់ថា៖

«ភាគី​ទាំងពីរ​បាន​ឯកភាពគ្នា​ថា ​ការ​ការពារ ​ការ​ថែរក្សា​និង​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​ទ្វេភាគី​តាម​ស្មារតី​ ភាព​ជា​អ្នក​ជិត​ខាង​ល្អ ​មិត្តភាព​ជា​ប្រពៃណី ​កិច្ចសហ​ប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ ស្ថិរភាព​យូរអង្វែង​ ដោយ​ឈរ​លើគោល​ការណ៍​នៃ​ការ​ឯកភាព​គ្នា ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​កម្ពុជា ​វៀតណាម​លើក​មុនៗ ​គឺជា​ការ​ទទួល​ខុសត្រូវ​រួម​របស់​ប្រជាជាតិ ​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ​និង​អនាគត​ដ៏ភ្​លឺស្វាង​របស់​ប្រទេស​ទាំងពីរ​ ក៏ដូចជា​ដើម្បី​សន្តិភាព ​ស្ថិរភាព ​សហ​ប្រតិបត្តិការ ​និង​ការ​អភិវឌ្ឍ​នៅក្នុង​តំបន់ ​និង​នៅ​លើ​ពិភព​លោក‍»។​

ជាមួយគ្នា​នេះ​ដែរ​ សេចក្តី​ថ្លែងការណ៍​ដដែល​បាន​សង្កត់ធ្ងន់​លើ​កិច្ចសហ​ប្រត្តិបត្តិការ​យោធា​និង​សន្តិសុខ​ ហើយ​ភាគី​ទាំងពីរ​បាន​ប្តេជ្ញា​ដែរថា​ នឹង​មិន​អនុញ្ញាត​ឲ្យ​កម្លាំង​នយោបាយ​ ឬ​កម្លាំង​យោធា​ណាមួយ​ប្រើប្រាស់​ទឹកដី​របស់ខ្លួន​ដើម្បី​គំរាមកំហែង​ដល់​សន្តិសុខជាតិ​នៃ​ប្រទេស​មួយទៀត​ និង​ដោះស្រាយ​បញ្ហា​នានា​ដែល​កើត​មាន​រវាង​ប្រទេស​ទាំងពីរ​ដោយ​សន្តិវិធី។​

សេចក្តី​ថ្លែងការណ៍​នេះ​កើតឡើង​ ក្រោយ​ពេល​មាន​ព័ត៌មាន​ដែល​បាន​ចោទ​ប្រកាន់​ថា​កម្ពុជា​អនុញ្ញាត​ឲ្យមាន​វត្តមាន​យោធា​ចិន​នៅ​លើ​ទឹកដី​របស់ខ្លួន​ តែ​កម្ពុជា​បាន​ធ្វើការ​បដិសេធ។

លោក​ឈាង វណ្ណារិទ្ធ​ បាន​បន្ត​ថា​ តាមរយៈ​ទស្សនកិច្ច​នេះ​ វៀតណាម​ក៏​ទំនង​ជាចង់​ធ្វើ​ឲ្យរស់​ឡើងវិញ​នូវ​សាមគ្គីភាព​រវាង​ប្រទេស​ទាំងបី​ក្នុង​ឥណ្ឌូចិន​ផងដែរ។​

«អីចឹង​អាហ្នឹង​ជា​សញ្ញា​មួយ​ផ្តល់​យ៉ាងច្បាស់​ថា វៀតណាម​នៅតែ​បន្ត​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ទាំងពីរ​ហ្នឹង​ ហើយ​នឹង​ជំរុញ​បន្ថែម​ទៀតនូវ​ទំនាក់​ទំនង​គេ​ហៅ​ថា​មិត្តភាព​ជា​ប្រពៃណី​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​បណ្តា​ប្រទេស​ទាំងបី​ហ្នឹង​ ជាពិសេស​ប្រទេស​ទាំងបី​ហ្នឹង​សហការ​គ្នា​ទប់ទល់​នឹង​មហា​អំណាច​ណាមួយ​ដែល​មាន​បំណង​ចង់​បំបែក​បំបាក់​ ឬក៏​ចង់​បង្កើន​នូវ​អំណាច​គ្រប​ដណ្តប់​នៅក្នុង​តំបន់​ឥណ្ឌូចិន​ហ្នឹង​បាទ‍»។​

លោកបណ្ឌិត ​សុខ ទូច​ អ្នកវិភាគ​និង​ជា​ប្រធាន​រាជបណ្ឌិត​សភា​កម្ពុជា​បាន​អះអាង​ក្នុងនាម​ផ្ទាល់ខ្លួន​ថា​ វៀតណាមចង់​បង្ហាញ​ថា​កម្ពុជា​គឺជា​ដៃគូ​វៀតណាម​បន្ថែម​លើ​ទំនាក់​ទំនង​ជាមិត្ត​ នៅ​ពេល​ដែល​ទំនាក់​ទំនង​ចិន​កម្ពុជា​បាន​ឈាន​ដល់​កម្រិត​គ្រប់​ជ្រុង​ជ្រោយ។​

«វៀតណាម​ក៏ចង់​ពន្ញាក់​ថា​ យើង​ជា​មិត្តជិត​គ្នា ​ហើយ​រឿង​ទំនាក់​ទំនង​កម្ពុជា ​នៅតែ​ជា​ទំនាក់​ទំនង​ ហើយ​កម្ពុជា​ជាមួយ​ចិន​អាហ្នឹង​ជារឿង​របស់​កម្ពុជា។​ តែ​យើង​ត្រូវតែ​មាន​ទំនាក់​ទំនង​នឹង​គ្នា​នៅលើវិស័យ​សេដ្ឋកិច្ច ​នយោបាយ។​ ទាំងអស់​ហ្នឹង​ដែល​ធ្វើឲ្យ​មាន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​បក្ស​ ប្រមុខរដ្ឋ ​លេខាបក្ស​របស់​វៀតណាម​ហ្នឹង ​មិនមែន​ជាធម្មតា​ទេ ​គឺជា​ការ​បង្ហាញថា ​វៀតណាម​នៅតែ​ជា​ដៃគូ​ជាមួយ​កម្ពុជា​ដែរ​ មិនមែន​គ្រាន់តែ​ជា​មិត្ត ឬក៏​គ្រាន់តែ​ជា​អ្នកជិត​ខាង​ទេ‍»។​

រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក​នាយក​រដ្ឋមន្ត្រី​ចិន Li Keqiang ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​មួយ​នៅ​វិមាន​រដ្ឋាភិបាល​ចិន នៅទីក្រុង​ប៉េកាំង ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក​នាយក​រដ្ឋមន្ត្រី​ចិន Li Keqiang ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​មួយ​នៅ​វិមាន​រដ្ឋាភិបាល​ចិន នៅទីក្រុង​ប៉េកាំង ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។

ប្រទេស​ចិន​ដែល​ជា​ដៃគូ​យុទ្ធសាស្ត្រ​ របស់​កម្ពុជា ​កាន់​កាប់​បំណុល​បរទេស​ជិត​ពាក់​កណ្តាល​នៃ​ទឹកប្រាក់​ជាង​៧​ពាន់​លាន​ដុល្លារ​របស់​កម្ពុជា ​ហើយ​ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា។​ ការ​វិនិយោគ​របស់​ចិន​កំពុង​ផ្លាស់ប្តូរ​ទីផ្សារ​អចលនទ្រព្យ​និង​ឧស្សាហកម្ម​ល្បែង​ស៊ីសង​នៅ​កម្ពុជា​ ជាពិសេស​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ដែល​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស។​ ភាគ​ច្រើន​នៃ​បញ្ហា​នេះ​ត្រូវ​បាន​ជំរុញ​ដោយ​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន ​(BRI) ​ដែល​នឹង​សាងសង់​ដោយ​ចំនួន​ទឹកប្រាក់​ចំនួន​១​លាន​លាន​ដុល្លារ​ លើ​ផ្លូវ​ថ្នល់​ ស្ពាន ​ផ្លូវ រថភ្លើង ​កំពង់ផែ​និង​រោងចក្រ​អគ្គិសនី​នៅ​ក្នុង​ប្រទេស​ជាង ​៧០ ​ដើម្បី​ដឹកនាំ​ពាណិជ្ជកម្ម​ពិភពលោក​តាម​វិធី​របស់​ខ្លួន។

ឥទ្ធិពល​ចិន​មួយ​ផ្នែកចុង​ក្រោយ​គឺ​ដោយ​សារ​កម្ពុជា​គាំទ្រ​គោលនយោបាយ​ចិន​តែមួយ​គាំទ្រ​ចិន​នៅប្លុក​អាស៊ាន​លើវិស័យ​ផ្សេងៗ ​ជាពិសេស​ជម្លោះ​ដែន​សមុទ្រចិន​ខាងត្បូង​ដែល​វៀតណាម ​ហ្វីលីពីន ​ម៉ាឡេស៊ី ​និង​ ព្រុយណេ ​តែងតែ​ទាមទារ​ឲ្យ​មាន​ការដោះ​ស្រាយ​ ពហុភាគី​ក្នុង​ក្របខណ្ឌ​អាសាន ​ហើយ​ចិន​ទាមទារ​ឲ្យ​មាន​ការដោះ​ស្រាយ​ទ្វេភាគី​នោះ។

ឥទ្ធិពល​ចិន​ក្នុង​តំបន់​នេះ​បាន​ធ្វើឲ្យ​កម្ពុជា​មិន​ញញើត​នឹង​ទណ្ឌកម្ម​អន្តរជាតិ​ជា​ពិសេស​សហភាព​អឺរ៉ុប​ដែល​ចាប់​ផ្តើម​ដកការ​អនុគ្រោះពន្ធ​ទំនិញ​កម្ពុជា​ទាំងអស់​លើក​លែង​តែអាវុធ ​ហៅថា​ EBA ​និង​ការ​អនុគ្រោះ​ពន្ធ​របស់​អាមេរិក ​GSP រឿង​ស្តារ​ប្រជាធិប​តេយ្យ ​និង​សិទ្ធិមនុស្ស ​ក្រោយ​គណបក្ស​ជំទាស់​ត្រូវ​រំលាយ​មុនការ​បោះ​ឆ្នោតកាល​ពីឆ្នាំ​ទៅ។

លោក​ សុខ ទូច ​បាន​បន្ថែម​ថា ​កម្ពុជា​បាន​រៀន​ពីបទ​ពិសោធន៍​ធ្ងន់ធ្ងរ​ជាថ្មី ​ហើយ​រំពឹង​ថា​នឹង​រឹងមាំ​នៅពេល​ខាងមុខ។​

«កម្ពុជា​កំពុង​ជួបរលក​ហ្នឹង ​គឺ​រលក​ធំណាស់ ​ហើយ​បើសិន​ជា​កម្ពុជា​ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​នាយក​នេះ ​លោក​ពុះពារ​រាល់​ការ​លំបាកហ្នឹង​បាន ​នោះ​កម្ពុជា​មាន​ភាព​រឹងមាំ‍»។​

ទោះជា​យ៉ាងណា​ក្តី​លោក ​សុខ ទូច ​បាន​អះអាង​ថា ទំនាក់​ទំនង​ក្នុងតំបន់​និង​សកល​មាន​ការ​ប្រែប្រួល​ដោយសារ​ផលប្រយោជន៍​សេដ្ឋកិច្ច ​នយោបាយ​ដែល​លោក​សង្កត់​ធ្ងន់​ថា ​វៀតណាម​ធ្លាប់​មាន​ទំនាក់​ទំនង​ជិតដិត​ជាមួយ​សហភាព​សូវៀត​ ហើយ​បាន​ព្រលែង​ចោល​ទៅ​ចាប់​ដៃជាមួយ​នឹង​អាមេរិក ​ចុះ​ហេតុអ្វី​ដែល​កម្ពុជា​មិន​ចេះ​ឆ្លាតរឿង​ផលប្រយោជន៍​សេដ្ឋកិច្ច​ដើម្បី​ចាប់ដៃ​ជាមួយ​ចិន​ក្នុងការ​ធ្វើ​ទំនាក់​ទំនង​កិច្ចសហ​ប្រតិបត្តិការ​ល្អ ​ដែល​លោក​ថា ​កម្ពុជា​អាចធ្វើ​បាន​នោះ។ ​

ប្រទេស​វៀតណាម​បានចូល​ឈ្លានពាន​កម្ពុជា​ដើម្បី​បណ្តេញ​ក្រុមខ្មែរ​ក្រហម​ចេញ​ពីអំណាច ​កាលពី​ថ្ងៃទី​៧ខែ​មករា ​ឆ្នាំ១៩៧៩ ​ដែល​ក្រុមខ្មែរ​មួយ​ផ្នែក​ បកស្រាយ​ថា​ជា​ការ​ជួយ​រំដោះកម្ពុជា​ពីរបប​ខ្មែរក្រហម​ប្រល័យ​ពូជសាសន៍​ ដែល​កម្ពុជា​ត្រូវ​ដឹង​គុណ​វៀតណាម​ តែ​ម្ខាង​អះអាង​ថា​ជា​ការចូល​ឈ្លាន​ពាន​កម្ពុជា ​ដែល​ប្រើ​នយោបាយ​លេប​យក​ទឹកដី​កម្ពុជា ​ដែល​មន្ត្រី ​វៀតណាម​បដិសេធ​ជា​រឿយៗ​ចំពោះ​ការ​ចោទប្រកាន់​ដូច្នោះ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG