ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​ត្អូញត្អែរ​ពី​ការ​ពិបាក​ចង​មិត្ត​ជាមួយ​បស្ចិមប្រទេស


រូបឯកសារ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបពិភាក្សា​ជាមួយលោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅទីក្រុងមូស្គូ រុស្ស៊ី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបពិភាក្សា​ជាមួយលោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅទីក្រុងមូស្គូ រុស្ស៊ី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦។

លោក​ប្រាក់ សុខុន​ ដែលជា​អតីត​អ្នក​កាសែត​របស់​កងទ័ព​កម្ពុជា​ ​បាន​និយាយ​បន្ត​ដល់​ស្ថាន​ភាព​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​ ដែល​ស្ថិត​ក្រោម​ការ​រិះគន់​របស់​សហភាព​អឺរ៉ុប​ ពាក់​ព័ន្ធ​នឹង​ការ​បាត់​បង់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​​គណបក្សប្រឆាំង។

មេដឹកនាំ​ការទូត​កម្ពុជា​ នៅ​សប្តាហ៍នេះ​ បាន​ត្អូញត្អែរ​អំពី​ការ​ចង​សម្ព័ន្ធមិត្ត​ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត​ នៅចំ​ពេល​មាន​ការ​កើន​ឡើង​នៃ​ការប្រកួត​ប្រជែង​របស់​ប្រទេស​មហា​អំណាច​ ហើយ​បាន​ស្តីបន្ទោស​ទៅលើ​សហភាព​អឺរ៉ុប​ ចំពោះ​ជំហរ​លម្អៀង​ទៅ​រក​ប្រទេស​ដែល​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ទន់ខ្សោយ​ ឬក៏​គ្មាន​តែ​ម្តង​ នៅ​ពេល​និយាយ​ដល់​ការ​ដាក់​គំនាប​ខាង​សេដ្ឋកិច្ច។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការ​បរទេស​ និង​កិច្ចសហប្រតិបត្តិការ​អន្តរ​ជាតិ​ធ្វើ​ឡើង​នៅក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​ លោក​ប្រាក់​ សុខុន ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ បាន​ប្រាប់​ក្រុម​មន្ត្រី​កម្ពុជា​ និង​ភ្ញៀវ​ជាតិ​ និងអន្តរជាតិ​ជាច្រើន​នាក់​ថា​ នៅក្នុង​ដំណាក់​កាល​នៃ​ការ​ប្រកួត​ប្រជែង​ដណ្តើម​ឥទ្ធិពល​លើ​ពិភព​លោក​របស់​ប្រទេស​មហាអំណាច​ក្នុង​សតវត្សរ៍​ទី២១​នេះ​ កម្ពុជា​កំពុង​ស្ថិត​ក្នុង​ទីតាំង​មួយ​ដែល​ពិបាក​ឲ្យ​កម្ពុជា​បង្កើត​មិត្ត​ ដោយ​ឈរ​លើគោល​ជំហរ​នយោបាយ​ការ​បរទេសអព្យាក្រឹត​របស់​ខ្លួន។

លោក​អះអាង​ថា​ ការ​កសាង​មិត្តភាព​នៅ​ពេល​នេះ​ អាច​នឹង​ធ្វើ​ទៅ​បាន​ ដោយ​អាស្រ័យ​ទៅ​លើ​ផលប្រយោជន៍​ដែល​ហុច​ឲ្យគ្នា​ទៅវិញ​ទៅមក។

«បើ​ទៅ​ញញឹម​ដាក់​គេ​ ចង់​ឲ្យ​គេ​ក្លាយ​ទៅ​មិត្ត​របស់​យើង​ តែ​គេ​មិន​ញញឹម​មក​វិញ​ គេ​ស្តី​ឲ្យ​យើង​វិញ​ អាហ្នឹង​ក៏​ពិបាក​។ ព្រោះ​ធ្វើ​មិត្ត​ តែ​កាលណា​អត់​ប្រយោជន៍​សម្រាប់​គេ​ មិន​អាច​ក្លាយទៅ​ជា​មិត្ត​របស់​គេបាន​ទេ​ ត្រូវចាំ​ ចាំ​ ចាំ​ថា​ បើ​យើង​មាន​ផលប្រយោជន៍​អីមួយ​សម្រាប់​គេ​ ទើប​យើង​មាន​តម្លៃ»។

លោក​បាន​បន្ថែម​ថា​៖

«បើ​យើង​គ្មាន​ផលប្រយោជន៍​សម្រាប់​ អ្នក​ដៃគូ​របស់​យើង​ទេ​ យើង​គ្មានតម្លៃ​ទេ​ គ្មាន​តម្លៃទេ​ ព្រោះ​គេ​ត្រូវការ​ពឹង​យើង​វិញ​។ បើ​គេ​ពឹង​យើង​បាន​ គេ​ត្រូវការ​ពឹង​យើង​ ទើប​យើង​មាន​តម្លៃ»។

ងាក​មក​បញ្ហា​នយោបាយ​វិញ​នោះ​ លោក​ប្រាក់​ សុខុន​ បាន​ថ្លែង​ថា​ សហភាព​អឺរ៉ុប​ បាន​បង្ហាញ​គោលជំហរ​មិន​ស្មើភាព​ ក្នុងការ​ប៉ុន​ប៉ង​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​មកលើ​ប្រទេស​កម្ពុជា​ និង​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់​ តួយ៉ាង​ដូច​ជា​វៀតណាម​ ឡាវ​ ដែល​ជា​ប្រទេស​ឯកបក្ស​ និង​ភូមា​ដែល​មាន​ភាពទន់​ខ្សោយ​នៅឡើយ ​ក្នុង​ការ​ជ្រោម​ជ្រែង​ប្រព័ន្ធ​នយោបាយ​ប្រជាធិប​តេយ្យ​សេរី​ពហុបក្ស។

លោក​ថា​ ប្រទេស​ទាំងនេះគឺ​សុទ្ធតែ​ទទួល​បាន​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ស្រដៀង​គ្នា​នឹង​កម្ពុជា​។

«មីយ៉ាន់​ម៉ា​ ក៏ត្រូវគាត់​គំរាម​ គំរាមកំហែង​ដាក់​ទណ្ឌកម្ម​ដែរ​ ប៉ុន្តែ​មក​ដល់​ម៉ោង​នេះ​ អត់​មាន​នរណា​ថាអី​ទាំង​អស់​ មាន​តែ​កម្ពុជា​មួយ​គត់​ដែល​ទទួល​ ទទួល​ការ​ចាប់​ផ្តើម​នីតិវិធី​ ដើម្បី​ត្រួត​ពិនិត្យ​មើល​ និង​វាយ​តម្លៃ​ឡើងវិញ​អំពី​របបអនុគ្រោះ​ពន្ធនេះ​ ឡាវ​អត់​ ស្ងាត់​ ​មីយ៉ាន់ម៉ា​ស្ងាត់»។

លោក​ប្រាក់ សុខុន​ ដែលជា​អតីត​អ្នក​កាសែត​របស់​កងទ័ព​កម្ពុជា​ ​បាន​និយាយ​បន្ត​ដល់​ស្ថាន​ភាព​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​ ដែល​ស្ថិត​ក្រោម​ការ​រិះគន់​របស់​សហភាព​អឺរ៉ុប​ ពាក់​ព័ន្ធ​នឹង​ការ​បាត់​បង់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រីគណបក្សប្រឆាំង។

រូបឯកសារ៖ អ្នកស្រី​ ​Cecilia Malmstrom ស្នង​ការ​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប ផ្តល់បទ​សម្ភាសន៍ឲ្យ Reuters នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី៤ មិថុនា ឆ្នាំ២០១៨។
រូបឯកសារ៖ អ្នកស្រី​ ​Cecilia Malmstrom ស្នង​ការ​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប ផ្តល់បទ​សម្ភាសន៍ឲ្យ Reuters នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី៤ មិថុនា ឆ្នាំ២០១៨។

នៅ​ក្នុង​បញ្ហា​នេះ​ លោក​ប្រាក់​ សុខុន​ បាន​បន្ទោសអ្នកស្រី​ ​Cecilia Malmstrom ស្នង​ការ​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប ដែល​លោកចោទថា​ មិន​បាន​ស្តាប់​ការ​ពន្យល់​របស់​រដ្ឋាភិបាល​ខ្មែរ​ពាក់​ព័ន្ធ​នឹង​ការ​សុំ​សិទ្ធិធ្វើ​នយោបាយ​ឡើងវិញ​របស់​ក្រុមមន្ត្រី​គណបក្ស​ប្រឆាំង​១១៨រូប​ ដែល​ត្រូវ​បាន​ហាម​ឃាត់​ដោយ​សាលដីកា​តុលាការ​កំពូលកម្ពុជា។

លោក​ប្រមុខ​ការទូត​ បាន​លើក​ឡើង​ថា​ អ្នកស្រី​ Cecilia Malmstrom​ គួរ​តែ​បន្ទោស​លោក​សម រង្ស៊ី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ជាជាង​ការ​ស្តីបន្ទោស​រដ្ឋាភិបាល​កម្ពុជា​ ទាក់​ទិន​នឹង​ការ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នេះ។

លោក​ប្រាក់​ សុខុន​ បាន​ថ្លែង​ដល់​ជំនួប​មួយ​ជា​មួយ​អ្នកស្រី​ Cecilia Malmstrom ពាក់​ព័ន្ធ​នឹង​ការ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​យ៉ាង​ដូច្នេះ៖

«Madam Malmstrom ហ្នឹង​ក៏បាន​ ឯកឧត្តម​សុខ​ ចិន្តា​ ចាំ​គាត់​មក​សួរ​ខ្ញុំ​ថា​ អ្ហេ​អ្នកឯង​ឲ្យ​ធ្វើ​ច្បាប់​ឲ្យ​គេ​ទទួល​សិទ្ធិ​នយោបាយ​ឡើងវិញ​ ហើយ​អ្នកឯង​ចាំបាច់​ឲ្យ​គេ​ធ្វើ​លិខិត​ធ្វើ​អី​ បង្ខំ​គេ​ធ្វើ​លិខិត​ធ្វើ​អី​ បើ​គេ​បង្ខំ​ ខ្ញុំថា​ អត់​មាន​បង្ខំទេ ជា​លិខិត​ដែល​បំពេញ​កិច្ច​ បង្គ្រប់​កិច្ច​តែប៉ុណ្ណុង​ទេ​ ព្រោះ​ច្បាប់។ គាត់​ថា​ ច្បាប់​អត់​មាន​ចែង​ ប៉ុន្តែ​ខ្ញុំថា​ ច្បាប់​ចែង​ថា​ តាម​សំណើ​របស់​នាយករដ្ឋ​មន្ត្រី។ ស្នើ​ដល់​នាយក​រដ្ឋមន្ត្រី​ខ្ញុំ​ ផ្អែកលើ​អី​ បាន​យើង​ធ្វើ​សំណើ​ទៅ​ព្រះមហាក្សត្រ។​ ខ្ញុំសុំ​តែប៉ុណ្ណឹងតើ!​ ហើយ​មក​បន្ទោស​ខ្ញុំ​ធ្វើ​អី​ ម៉េច​មិន​បន្ទោស​លោកសម រង្ស៊ី​ ដែល​គំរាម​ចាត់​ទុក​អ្នក​ទាំងឡាយណា​ដែល​នឹង​សុំ​សិទ្ធិនយោបាយឡើង​វិញ​ហ្នឹង​ថា ​ជា​មនុស្ស​ហ្នឹង​ក្បត់!»។

លោក​ George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ បាន​សុំ​មិន​ផ្តល់​ការ​អធិប្បាយ​ តាម​សារ​អេឡចត្រូនិក​ ឬ​ Email​ ទៅលើ​ការ​អធិប្បាយ​របស់​លោក​រដ្ឋមន្ត្រីការ​បរទេស​បា្រក់ សុខុន​ទេ។

ក៏ប៉ុន្តែ​លោក​បាន​អះអាង​ថា​ ការ​សម្រេច​ដំណើរ​ការ​ព្យួរ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះពន្ធ​ដល់​កម្ពុជា​ ពី​សំណាក់​គណៈកម្មការ​សហភាព​អឺរ៉ុប​ មិន​មាន​ជាប់​ហេតុផល​នយោបាយ​នោះ​ទេ។ លោក​បាន​បញ្ជាក់​ថា៖

«សហភាព​អឺរ៉ុប​ មិន​បាន​ចាត់វិធានការ​ ក្នុង​នាម​ឲ្យ​ក្រុម​នយោបាយ​កម្ពុជា​ណាមួយ​ ឬក៏​គាំទ្រ​ក្រុម​មួយ​ប្រឆាំង​នឹង​ក្រុម​មួយ​ផ្សេង​ទៀត​ទេ។ អ្វី​ដែល​បាន​ធ្វើនេះ​ ​គឺ​ដើម្បី​ប្រជាពលរដ្ឋកម្ពុជា​ជ្រើសរើស​រវាង​គណបក្ស​នយោបាយ​ និង​កម្មវិធី​នយោបាយ​ ដែល​អាច​ជំនួស​គ្នា​បាន​»។

VOA មិនទាន់​អាច​សុំការ​អធិប្បាយ​លោក​កេត សោផាន់​ អ្នក​នាំពាក្យ​ក្រសួងការ​បរទេស​កម្ពុជាបាន​ទេ​ ដោយ​ទូរស័ព្ទ​របស់​លោក​រោទិ៍​ តែ​គ្មាន​អ្នក​ទទួល។

ទាក់ទិន​បញ្ហា​ EBAដដែល​នេះ​ អង្គភាព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ Fresh News ​បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​នៅ​ថ្ងៃ​ពុធនេះ​ថា​ ​លោក George Edgar ដែល​ជិត​បញ្ចប់​អាណត្តិ​របស់​លោក​បាន​ប្រាប់​លោក​ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មថា៖

«ក្រុមការងារ​របស់​គណៈកម្មការអឺរ៉ុប នឹង​ធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា​នៅ​អំឡុងខែ​មីនា និង​មេសា ឆ្នាំ​២០១៩​នេះ ដើម្បី​ជជែក​លើ​ការ​ព្យួរ​បណ្តោះ​អាសន្ន​ប្រព័ន្ធអនុ​គ្រោះពន្ធ​ក្រោម​កម្មវិធី គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​សព្វាវុធ (EBA)»។​

កាលពី​ខែ​កុម្ភៈ​ សហគមន៍​អឺរ៉ុប​បាន​ចាប់ផ្តើម​ដំណើរ​ការជា​ផ្លូវការ​ ​ដែល​អាច​ឈាន​ទៅ​ដក​ហូត​បណ្តោះ​អាសន្ន​នូវឋានៈ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​កម្ពុជា ក្រោម​កម្មវិធី​ពាណិជ្ជកម្ម «គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​អាវុធ​» ឬ EBA ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​នៃ​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ។

រូបឯកសារ៖ សមាជិកនៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ និងអ្នកគាំទ្រគណបក្សប្រឆាំងមួយនេះ កំពុងជួបជុំគ្នានៅមុខ​តុលាការឧទ្ធរណ៍ទាមទារឲ្យមានការដោះលែងលោកកឹម សុខា រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
រូបឯកសារ៖ សមាជិកនៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ និងអ្នកគាំទ្រគណបក្សប្រឆាំងមួយនេះ កំពុងជួបជុំគ្នានៅមុខ​តុលាការឧទ្ធរណ៍ទាមទារឲ្យមានការដោះលែងលោកកឹម សុខា រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។

ក្រោយ​ពីការ​ប្រកាស​នោះ​ភ្លាម​ ក្រុម​មេដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​កាល​ពីឆ្នាំ​២០១៧​ បាន​ប្រតិកម្ម​ជា​បន្តបន្ទាប់​ ដោយ​បាន​ស្នើ​រដ្ឋាភិបាល​កម្ពុជា ​សា្តរ​ដំណើរ​ការ​ប្រជាធិ​បតេយ្យ​ឡើងវិញ​ ក្នុងនោះ​គឺការ​បើក​ឲ្យ​គណបក្ស​បាន​ដំណើរ​ការ​ឡើង​វិញ។​

អ្នកស្រី​មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​ប្រាប់​ VOA​ កាល​ពី​ថ្ងៃអង្គារ​ថា​ ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​ មិន​អាច​ក្បត់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កន្លះ​ប្រទេស​ ដោយ​ព្រម​ចូល​ខ្លួន​សុំសិទ្ធិ​ធ្វើ​នយោបាយ​ពី​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នោះ​ទេ។

អ្នកស្រី​ថា​ រដ្ឋាភិបាល​កម្ពុជាទៅវិញ​ទេ​ ដែល​ត្រូវ​សម្រេច​ថា​ ខ្លួនចង់​ការពារ​ប្រយោជន៍​ពលរដ្ឋ​ ឬ​ក៏​ការពារ​អំណាច​ នៅក្នុង​បញ្ហា​រក្សា​ប្រព័ន្ធ​ឋានៈ​អនុគ្រោះពន្ធ​របស់​សហគមន៍​អឺរ៉ុប។

«ទីមួយ​ដក​បញ្ហារឿង​ EBA ​ឲ្យហើយ​ តែ​អត់​ទេ​ បញ្ហា​នេះ​ ធ្ងន់​ណាស់​ ហើយ​លោក​ហ៊ុន​ សែន​ ហ្នឹង​ក៏​គាត់​ជ្រាប​ដែរ​ មិនមែន​គាត់​មិន​ជ្រាប​ទេ​ ប៉ុន្តែ​គាត់​ជា​អ្នកនយោបាយ​ ដែល​យក​ប្រទេស​ជាតិ​យក​ទៅ​ធ្វើ​ដូច​ជា​កម្មសិទ្ធិ​របស់​លោក ហើយ​គាត់​ជា​អ្នក​នយោបាយ​ដែល​ចង់​នៅ​ក្រាញ​អំណាច​អស់​មួយ​ជីវិត​ ហើយ​បន្ត​យក​អំណាច​នេះ​ ទៅ​ឲ្យកូន​ចៅ​របស់​គាត់​ និង​គឺ​នៅក្នុង​ក្រឡាអុក​របស់​គាត់​ទៅ​ហើយ»។

អ្នកស្រី​បាន​បន្ថែមថា៖

«យើង​មិនគួរ​ណា​ឡើយ​ ទៅចូល​លេង​ នៅក្នុង​ក្រឡាអុក​ ជាមួយ​និង​លោក​ហ៊ុន សែន ទេ។ នេះ​គឺ​ជា​ផល​ប្រយោជន៍​ជាតិ​មួយ​ដ៏​ធំណាស់​ ដែល​មិន​អាច​បុគ្គល​ម្នាក់​ដោយសារ​យើងចង់​យក​បាន​ទទួល​សិទ្ធិ​នយោបាយ​យើង​វិញ​ យើង​ទៅជាន់​ឈ្លីឧត្តមគតិ​ ជម្រើស​នៃ​ប្រជា​ពលរដ្ឋ​ ដែល​បាន​ប្រាប់​យើង​ហើយ​ ប្រាប់​ហើយ​ប្រាប់​ទៀត​ តាំង​ពី​២០១៣​ ដល់​២០១៧​ ប្រជាពលរដ្ឋ​ជាង​ពាក់​កណ្តាល​នគរ​លោក​បាន​ជ្រើសរើស​យក​គណបក្ស​សង្គ្រោះជាតិ»។ ​

អ្នកវិភាគ​នយោបាយ​កម្ពុជា​ លោក​បណ្ឌិត​មាស នី ​ផ្តល់​ការ​យល់​ឃើញ​ថា​ ភាព​តានតឹង​នយោបាយ​នៅ​ពេល​នេះ​ បាន​កំពុង​ដាក់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ប្រឈម​ការ​ខាតបង់​ខាង​ហិរញ្ញវត្ថុ។ លោក​ថា​ ក្រុម​មន្ត្រី​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​កំពុង​តតាំង​យក​ឈ្នះ​ តែ​រៀងៗ​ខ្លួន​ ទាក់​ទិន​ប្រព័ន្ធ​ឋានៈ​អនុគ្រោះពន្ធ​នេះ។

អ្នកវិភាគ​រូបនេះ​ ថ្លែងបន្តថា​ ក្រុមមន្ត្រីជាថ្នាក់​ដឹកនាំគណបក្ស​សង្គ្រោះជាតិ​ កំពុង​ទប់​មិន​ឲ្យ​សមាជិក​ខ្លួន​ ចុះ​ចូល​សុំសិទ្ធិន​យោបាយ​ពី​រដ្ឋាភិបាលរបស់​គណបក្ស​ប្រជាជន​ ដើម្បី​ចោទ​ថា​ កា​ររំលាយ​គណបក្ស​ប្រឆាំង​កាលពី​ឆ្នាំ​២០១៧​នោះ​ គឺ​ខុស​ច្បាប់​និង​ប្រឆាំង​នឹង​ឆន្ទៈ​ម្ចាស់​ឆ្នោត។

«អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​របស់​គណបក្ស​ប្រឆាំង​ហ្នឹង​ គឺ​ការ​ដាក់​ពាក្យ​សុំ​នេះ​ វា​នឹង​អាច​ គេ​គិត​ថា​ ការ​ដាក់​ពាក្យ​សុំ​ ដើម្បី​ឲ្យ​លើក​លែង​ក្នុង​ការ​ធ្វើ​សិទ្ធិ​ ធ្វើ​នយោបាយ​ហ្នឹង​ វា​នឹង​អាច​ មាន​ន័យ​ថា​ អ្វី​ដែល​ជា​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​ វា​ពិត​ជា​ត្រឹម​ត្រូវ​ទៅតាម​លក្ខខណ្ឌ​ច្បាប់​ពិត​ប្រាកដ​មែន​ ដូច​ដែល​គណបក្ស​ ដូចដែល​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ អ៊ីចឹង​គេ​ត្រូវ​តែ​រក្សា​នូវ​ជំហរមួយ ​គឺ​គេ​មិន​សុំ​បាទ»។

លោក​បាន​ផ្តល់​ការ​កត់​សម្គាល់​ទៀត​ថា​ គណបក្ស​ប្រឆាំង​នឹង​បែកបាក់​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​ ប្រសិនបើ​មាន​សមាជិក​ដែល​ត្រូវបាន​គេ​ហាម​ឃាត់​ណាមួយ​មិន​ឲ្យ​ធ្វើ​នយោបាយ​នោះ​ ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយឡើងវិញ​ពី​រដ្ឋាភិបាល​កម្ពុជា។ លោក​ថា​ ការណ៍​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​ភាគី​ខាងក្រៅ​គណបក្ស​ប្រឆាំង​ វាយ​ប្រហារ​គណបក្ស​នេះ​ កាន់តែ​ខ្លាំង​ទៀត​ផង។

ចំពោះ​បញ្ហា​អព្យាក្រឹតភាព​របស់​រដ្ឋាភិបាល​ខ្មែរ​ ក្នុង​ទំនាក់​ទំនាក់​អន្តរជាតិ​ រដ្ឋធម្ម​នុញ្ញ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ បាន​ចែង​យ៉ាង​ច្បាស់​ថា កម្ពុជា​ជា​ប្រទេស​ប្រកាន់​គោល​ជំហរ​អព្យាក្រឹត​ មិនចូល​បក្ខសម្ព័ន្ធ។

ការណ៍​នេះ​គឺ​ដូច​នឹងអ្វីដែល​លោក​ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​កិច្ចសហប្រតិ​បត្តិការ​អន្តរជាតិ​ បាន​លើក​ពីខាង​ដើម​មក​នេះ។

ក៏ប៉ុន្តែ​ ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំបំផុត​នៅប្រទេស​កម្ពុជានេះ​រួម​មក​នោះ រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ត្រូវ​គេ​មើល​ឃើញ​ថា​ ​បាន​ប្រឹង​រំកិល​ខ្លួន​ទៅ​កៀក​នឹង​ប្រទេស​ចិន​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​បាន​បែរ​ខ្នង​ដាក់​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​រួមមាន​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ ដែល​បាន​ទាម​ទារ​ឲ្យ​កម្ពុជា​ស្តារ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

ការ​រឹត​ចំណង​កាន់​តែ​ខ្លាំង​របស់​កម្ពុជា​ជាមួយ​ចិន​នេះ​ បាន​ផ្តល់​ឲ្យ​កម្ពុជា​វិញ​នូវ​ជំនួយ​ទាំង​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ និង​យោធា​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​។

ក្នុង​ដំណើរ​របស់​លោក​ ហ៊ុន សែន​ ទៅ​ប្រទេស​ចិន​កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៩​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​ផ្ដល់​ជំនួយ​ជិត​៦០០​លាន​ដុល្លារ​ដល់​កម្ពុជា​ ហើយ​ក៏​បាន​ដំឡើង​កូតា​ឲ្យ​កម្ពុជា​នាំ​អង្ករ​រហូត​ដល់​៤​សែន​តោន​ចូល​ទៅ​ប្រទេស​ចិន​។

ការ​បន្ត​បង្ហូរ​ជំនួយ​របស់​ចិន​មក​ឲ្យ​កម្ពុជា​នេះ ​ត្រូវ​ក្រុម​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា​មើល​ឃើញ​ថា​ កើតមាន​ឡើង​ រាល់​ពេល​ដែល​កម្ពុជា​បាន​ចេញ​មុខ​ការពារ​គោល​ជំហរ​របស់​ចិន​នៅ​កិច្ច​ប្រជុំ​អាស៊ាន​នានា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

តួយ៉ាង​ដូច​ជា​ នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ក្នុង​ទីក្រុង​ភ្នំពេញ ​កាល​ពី​ឆ្នាំ​២០១២ ​ប្រទេស​ហ្វីលីពីន​បាន​ចោទ​ប្រទេស​កម្ពុជា​ថា​បាន​រារាំង​មិន​ឲ្យ​អាស៊ាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាង​ត្បូង៕

XS
SM
MD
LG