ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ការទូត​ស.រ.អា.​​បារម្ភ​ចំពោះ​ស្ថាន​ការណ៍​កែទម្រង់​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា


លោក Daniel Russel ឧបការី​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក។
លោក Daniel Russel ឧបការី​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក។

ឧបការី​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា.ដែល​បាន​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ថ្លែង​ថា​ ការ​ចាប់​ឃុំ ខ្លួន​សកម្មជន​ដីធ្លី​និង​សកម្មជន​នយោបាយ​ជារឿង​ប៉ះទង្គិច​ដល់​មុខ​មាត់​កម្ពុជា ​ដោយ​ជំរុញឲ្យមន្ត្រី កម្ពុជា​គិតគូរ​ពី​ការ​កែ​ទម្រង់សម្រាប់​ផល​ប្រយោជន៍​រយៈពេល​វែង​ដែល​ស.រ.អា.និង​កម្ពុជា​បាន​បញ្ជាក់​ពីផល​ប្រយោជន៍​នេះដល់​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំងពីរ។​

លោក ​Daniel Russel ​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បាស៊ីហ្វ៊ិក ​បាន​ជួប​ជា​មួយ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃអង្គារ​ គឺ​លោកអ៊ុច បូរិទ្ធ​ រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​ការ​បរទេសកម្ពុជា​ ​ដើម្បី​ពិភាក្សា​បញ្ហា​មួយ​ចំនួន​ រួម​ទាំង​បញ្ហា​ដែល​កម្ពុជា​និង​ស.រ.អា. ជួប​ប្រទះ​ក្នុង​តំបន់ ​បញ្ហា​ពិភព​លោក ​បញ្ហា​ទាក់ទង​នឹង​ការ​រំលោភ​បំពាន​ដីធ្លី ​និង​បញ្ហា​ក្រុមបាតុករ​បឹងកក់ជាដើម។​

«ការណ៍​ពិត​ខ្ញុំ​មិន​បាន​ស្នើឲ្យ​មាន​អន្តរាគមន៍​រឿង​ក្តីក្តាំ​ផ្លូវ​ច្បាប់​ផ្ទៃ​ក្នុង​ទេ​ តែ​បើមិន​ច្រឡំ​ទេ​ រឿង​នេះ​បង្ហាញ​ថា ​គឺ​ជា​ការ​ដាក់ទោស​តាម​បែប​នយោបាយ។​ ប្រទេស​កម្ពុជា​និង​ស.រ.អា.មាន​ការ​ខុសគ្នា​ខ្លាំង​ណាស់ ​តែទោះ​ជា​យ៉ាង​នោះ​ក្តី​ ខ្ញុំ​មិនដឹង​ថា​ មាន​ប្រទេស​ណា​មួយ​ដែល​គ្រាន់​តែ​រើគ្រែ​ចេញ​ទៅ​លើ​ផ្លូវ​ត្រូវ​ជាប់​ទោស​ព្រហ្មទណ្ឌ​ ដោយ​ជាប់​គុក​រយៈពេល​ដ៏យូរ​នោះ​ទេ។​ គំនិត​ដែល​ថា​ យុត្តិធម៌​មិនត្រូវ​គេ​ផ្តល់​ឲ្យ​ដោយ​ស្មើភាព​នោះ​ ធ្វើ​ឲ្យ​ខូចខាត​ដល់​មុខមាត់​កម្ពុជា​ រង្គោះ​រង្គើរ​ដល់​ជំនឿ​របស់មិត្តរបស់កម្ពុជា​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​សំខាន់ៗ​ធ្លាក់​ទឹកចិត្ត​ ហើយខ្ញុំមាន​ជំនឿ​ថា ​វា​ប្រឆាំង​នឹង​ការ​បញ្ចេញ​មតិ​ទាមទារ​របស់​ពលរដ្ឋ​កម្ពុជា​ក្នុង​ពេល​បោះឆ្នោត ​ដែល​ទាម​ទារឲ្យ​មាន​ការកែ​ទម្រង់​តាម​បែប​ប្រជា​ធិបតេយ្យ»។​

ទស្សនកិច្ច​របស់​លោក ​Daniel Russel ​ទៅ​កាន់​ប្រទេស​កម្ពុជា​ បាន​កើត​ឡើង​ចំពេល​ដែល​ក្រុម​ សកម្មជន​ដីធ្លី​ និង​សកម្មជន​គណបក្ស​នយោបាយ​១៩​នាក់​ត្រូវចាប់ខ្លួន​ដាក់គុក​ ដោយគ្រាន់​តែការ​ សម្តែងមតិ​របស់​ពួក​គេ​ចំពោះ​បញ្ហា​ទឹក​លិច​ និង​ជំទាស់​ទៅ​នឹង​បញ្ហា​សង្គម​ជា​ច្រើន។​

តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​គឺ​លោក​អ៊ុច បូរិទ្ធ​បានថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ ការ​ចាប់​ខ្លួន​សកម្ម​ជន​ដីធ្លី​ជា​ការ​អនុវត្តន​ច្បាប់​ មិនមែន​ជា​ការ​រំលោភ​ដីធ្លី​ទេ។​ លោក​ក៏​បាន​បញ្ជាក់​ពី​ការ​លើក​ឡើង​អំពី​ក្តី ​បារម្ភ​ចំពោះ​បញ្ហា​នានា​របស់​លោក​ឧបការីរដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា.​ ​Daniel Russel ​ផង​ដែរ។​

លោក​ឧបការី​រដ្ឋមន្ត្រីការ​បរទេស​បាន​កត់​សម្គាល់ថា ​ការ​កែទម្រង់​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​មាន​បញ្ហា​ប្រឈម​មុខ​ជា​ច្រើន​ ដែល​ខុស​ពី​ការ​ចង់​បាន​របស់​ប្រជា​ពលរដ្ឋ​អ្នក​បោះឆ្នោត។​

«ខ្ញុំ​ជឿ​ថា ​ពលរដ្ឋ​កម្ពុជា​និង​ពលរដ្ឋ​អាមរិកាំង​ពិត​ជា​ចង់​បាន​ដូច​គ្នា​សម្រាប់​ពួក​គេ​ សម្រាប់​ក្រុម​គ្រួសារ​របស់​ពួក​គេ ​សម្រាប់​សហគមន៍​របស់​ពួកគេ​ ហើយ​នឹង​សម្រាប់​ប្រទេស​ជាតិ។​ យើង​ចង់​បាន​ឱកាស​និង​យុត្តិធម៌។ ​ស.រ.អា.អាច​ជួយ​និង​តាំង​ចិត្តជួយ​ដល់​កម្ពុជា ​ ​តែ​វា​ពិត​ជា​មាន​ការ​ប្រឈម​មុខ​ច្រើន​ មាន​ដូច​ជា​ដូចជា​ បញ្ហា​ពុក​រលួយ ​បញ្ហា​រឹប​អូស​ដីធ្លី​ បញ្ហា​អនុវត្តច្បាប់​មិន​ស្មើ​ភាព​គ្នា​ ភាព​មិន​ច្បាស់​លាស់​នៃ​បញ្ហា​សំខាន់ៗ​ជា​ច្រើន​ទាក់ទង​នឹង​ច្បាប់​បោះឆ្នោត។​ ប្រទេស​កម្ពុជា​ពេល​នេះ​មាន​ឱកាស​ក្នុង​ការ​ធ្វើ​ឲ្យ​ត្រឹមត្រូវ ​ហើយ​ខ្ញុំ​មក​នេះ​គឺ​នាំ​សារ​មក​កាន់​រដ្ឋាភិបាល​និង​សហគមន៍​វិនិយោគ​ ហើយ​នឹង​សង្គម​ស៊ីវិល​ថា ​ ស.រ.អា.នឹង​ក្លាយ​ជាដៃ​គូ​ពេញទំហឹង​ជាមួយ​អ្នកណា​ក៏ដោយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ប្តូរ​ផ្តាច់​ចាត់​វិធាន​ការ​ដ៏​មាន​សារៈ​ប្រយោជន៍​ឆ្ពោះ​ទៅ​កាន់​កំណែ​ទម្រង់​ប្រជា​ធិបតេយ្យ ​និង​អភិបាល​កិច្ច​ល្អ»។​

លោក​បាន​បន្ថែម​ថា​ ការ​កែ​ទម្រង់​ប្រជា​ធិបតេយ្យ​គឺ​ទាមទា​ឲ្យ​មាន​ដំណើរការ​ការងារ​ទៅមុខឋិតឋេរ​ ជាប្រចាំ ​ដែល​ធ្វើឡើង​ព្រម​គ្នា​ដោយ​សង្គម​ស៊ីវិល​ ហើយ​នឹង​ការ​ពិភាក្សា​គ្នា​នឹង​ការ​ប្តូរផ្តាច់​ផង​ដែរ។​

លោក​ក៏​បាន​បន្ថែម​ទៀត​ថា៖

«ហើយ​ខ្ញុំបាន​គូស​បញ្ជាក់​ថា​ ចំណុច​ដែល​ធ្វើ​ឲ្យ​ខូច​ដល់​ជំនឿ​របស់សហគមន៍​អន្តរជាតិ ​ឬ​សំខាន់​ជាងនេះ​ទៅ​ទៀត​គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​បាត់បង់​ជំនឿ​លើស្ថាប័ន​តុលាការ​នោះ​ ជា​ការ​ធ្វើ​ផ្ទុយ​ពី​បំណងនៃ​ការ​រីក​ចម្រើន ការ​កែ​ទម្រង់​ប្រកប​ដោយ​ចីរភាព​និង​តាម​បែប​ប្រជា​ធិបតេយ្យ។​ ដូច្នេះ​ខ្ញុំបាន​លើក​ពី​ក្តី​បារម្ភ​របស់​ខ្ញុំ​យ៉ាងច្បាស់​ហើយ»។​

លោក​ឧបការី​រដ្ឋមន្ត្រី​ការបរទេសមិន​បាន​ជួបជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​តាម​ការ​គ្រោង​ទុក​កាលពី​ថ្ងៃពុធ​ទេ​ ដោយសារ​លោក​ហ៊ុន សែន​មាន​ការ​មមាញឹក​នៅ​ក្រៅ​ប្រទេស។ ​តែ​លោក​បាន​ជួប​ជាមួយ​គណបក្ស​ជំទាស់​ សង្គម​ស៊ីវិល ​ដែល​គាំទ្រ​ការ​កែ​ទម្រង់​នៅ​កម្ពុជា​ជាដើម ​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​មាន​ការ​ពិភាក្សា​អំពី​ការ​កែ​ទម្រង់​ស្ថាប័នរដ្ឋ ​និង​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ​នោះ។​

លោក​បាន​បញ្ជាក់​ថា ​ស.រ.អា.ស្វះស្វែង​រក​ការ​ជួយ​ការ​កែ​ទម្រង់សម្រាប់​កម្ពុជា ​រួមទាំង​ការ​បង្កើត​ការងារធ្វើ​ ការ​ការ​ពារ​បរិស្ថាន​ ​សុខភាព ​សេដ្ឋ​កិច្ច​ជាដើម។​

«ការណ៍​ពិត​គឺ​ថា​ ស.រ.អា.ចង់​ឲ្យ​ប្រទេស​កម្ពុជា​មាន​ជោគជ័យ។​ យើង​ទទួល​ផល​ប្រយោជន៍​ពី​កម្ពុជា​ដែល​មាន​ការ​រីក​ចម្រើន​និង​មាន​ភាព​នឹង​ន៎។​ នៅ​ទីបំផុត​រដ្ឋាភិបាល​ដែល​ប្រកាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ដែល មាន​ការ​គោរព​សិទ្ធិ​មនុស្ស​បាន​ល្អ​នឹង​មាន​ការ​រីក​ចម្រើន​សេដ្ឋ​កិច្ច»។​

លោក​បាន​អះអាង​ថា​ មាន​ការ​រីក​ចម្រើន​ខ្លះ​ពាក់​ព័ន្ធ​នឹង​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​លោក​បាន​កត់​សម្គាល់ឃើញ​នោះ ​គឺ​ការ​ចុះ​ហត្ថលេខា​រវាង​គណបក្ស​នយោបាយ​ទាំងពីរ​ដើម្បី​កែ​ទម្រង់​ប្រទេស។​

លោក​ Daniel Russel​ បាន​អះអាង​ថា ​លោក​ទៅកាន់​កម្ពុជា​និង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​ ព្រោះ​ស.រ.អា.យក​ចិត្ត​ទុក​ដាក់​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​និង​ទំនាក់​ទំនង​ទ្វេរភាគី​រវាង​ស.រ.អា.​ ​និង​កម្ពុជា ​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​សាស្ត្រ​ ដែល​ធ្វើ​ឲ្យ​មាន​តុល្យភាព​ក្នុង​តំបន់​អាស៊ី​ ជាពិសេស​ពេល​កម្ពុជា ​និង​ប្រទេស​នានា​រៀបចំ​ខ្លួន​ក្នុង​តំបន់​សេដ្ឋ​កិច្ច​អាស៊ាន។​

លោក​បាន​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​ថៃ ​ម៉ាឡេស៊ី ​ហ្វីលីពីន​ផង​ដែរ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ប្រទេស​ចិន​មាន​ឥទ្ធិពល​ជា​ច្រើន​ឆ្នាំ​មក​នោះ។​ ហើយ​ទស្សន​កិច្ច​នេះ​កើត​ឡើង​ចំពេល​មានបញ្ហា​តានតឹង​ក្នុង​តំបន់​ផង​ដែរ ​ដូច​ជា​នយោបាយ​ក្នុង​ប្រទេស​ថៃ​និង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ និង​បញ្ហា​នយោបាយ​នៅ​កម្ពុជា​ដែល​កំពុង​កែ​ទម្រង់​នយោបាយ​ទៅ​តាម​បែប​ប្រជា​ធិបតេយ្យ​នោះ៕

XS
SM
MD
LG