ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារ៉ែន


រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ចាប់ដៃជាមួយនឹងព្រះអង្គម្ចាស់ Salman bin Hamad Al Khalifa អំឡុងពេលជំនួបនៅក្រសួងការបរទេស ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​បារ៉ែន​ដើម្បី​ធ្វើការ​ពិភាក្សា​នៅ​ថ្ងៃពុធ​នេះ​មុនពេល​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អេមីរ៉េត​អារ៉ាប់រួម។

គម្រោង​របស់​លោក​រដ្ឋមន្ត្រីការបរទេស Pompeo នៅ​ក្នុង​រាជធានី​ម៉ាណាម៉ា រួមមាន​ជំនួប​ជាមួយ​ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ Salman bin Hamad Al Khalifa និង​ព្រះមហា ក្សត្រ Hamad Al Khalifa នៃ​ប្រទេស​បារ៉ែន។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ក្នុង​រាជធានី​អាប៊ូដាប៊ី ប្រទេស​អេមីរ៉េត​អារ៉ាប់រួម លោក Pompeo នឹង​ពិភាក្សា​អំពី​កិច្ចព្រមព្រៀង​រវាង​អេមីរ៉េត​អារ៉ាប់រួម​និង​អ៊ីស្រាអែល​ដែល​បាន​ចុះហត្ថលេខា​នៅ​ដើម​ខែ​នេះ​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​ជា​ប្រក្រតីភាព​ឡើងវិញ​រវាង​ប្រទេស​ទាំង ២ នៅពេល​ដែល​លោក​ជួប​ជាមួយ​ព្រះអង្គម្ចាស់ Sheik Abdullah bin Zayed Al Nahyan រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​អេមីរ៉េត​អារ៉ាប់រួម។

លោក Pompeo ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជាច្រើន​នៅ​សប្តាហ៍​នេះ នៅពេល​ដែល​រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ជំរុញ​ប្រទេសអារ៉ាប់​ផ្សេងទៀតឲ្យ​ធ្វើ​តាម​ប្រទេស​អេមីរ៉េត​អារ៉ាប់រួម​នៅក្នុង​ការ​ធ្វើ​ឲ្យ​ចំណង​ទាក់ទង​មាន​ប្រក្រតីភាព​ឡើងវិញ​ជាមួយ​អ៊ីស្រាអែល។

លោក Morgan Ortagus អ្នក​នាំពាក្យ​ក្រសួង​ការបរទេសអាមេរិក បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​មួយ​ថា លោក Pompeo បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​ស៊ូដង់​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដែល​នៅ​ទីនោះ លោក Pompeo និង​លោក​ឧត្តមសេនីយ៍ Abdel Fattah el-Burhan ប្រធាន​ក្រុម​ប្រឹក្សា​អធិបតេយ្យ​ភាព​ស៊ូដង់ បាន​ពិភាក្សា​អំពី «ការ​បន្ត​រឹត​ចំណង​ទំនាក់ទំនង​ទ្វេភាគី​រវាង​អ៊ីស្រាអែល​និង​ស៊ូដង់»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG