ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​មាន​​អ្នក​ឆ្លង​​កូវីដ​​​ថ្មី​ជាង​៣សែន​នាក់ ​៥​ ថ្ងៃ​ជាប់ៗ​គ្នា ខណៈ​​ប្រទេស​មួយ​ចំនួន​ចាប់​​បញ្ជូន​ជំនួយ​បន្ទាន់


សាច់ញាតិ​របស់​សព​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ដើរ​តាម​សំពះ​សព​ ខណៈ​ដែល​ក្រុម​គ្រូពេទ្យ​ដឹក​សព​យក​ទៅ​ឈាបនដ្ឋាន នៅក្រុង Ahmedabad ប្រទេស​ឥណ្ឌា ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។

ប្រទេស​ឥណ្ឌាបាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ​១៩​ថ្មី​ ​ជិត​៣៥៣.០០០​នាក់​ទៀត​ នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ ដែលជា​ថ្ងៃ​ទី​៥​ជាប់ៗ​គ្នា​ ដែល​មាន​អ្នក​ឆ្លង​កូវីដ១៩​ជាង​៣សែន​នាក់​ក្នុងមួយ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​នេះ​ ចាប់​ទាំង​ពី​ឥណ្ឌា​ទទួល​រកការ​ឆ្លង​រាត​ត្បាត​រលក​ទី២​ដ៏​មហន្តរាយ​នេះ​មក។

ប្រព័ន្ធ​សុខាភិបាលរបស់​ឥណ្ឌា​បានដួល​រលំ នៅ​ក្នុង​រលក​នៃការ​ផ្ទុះ​ឆ្លង​ចុងក្រោយ​នេះ ដោយ​មន្ទីរពេទ្យ​ហួស​សមត្ថភាព​ទទួល​អ្នកជំងឺថ្មីដ៏​ច្រើន ហើយ​កំពុង​ជួប​ការ​ខ្វះ​ខាតខ្លាំង​នូវ​ឧបករណ៍​ជំនួយ​ដក​ដង្ហើម ដែល​អ្នក​ជំងឺ​កូវីដ​មួយ​ចំនួន​ត្រូវការ​ជា​ចាំ​បាច់នោះ។ ​

កាល​ពី​ថ្ងៃ​ច័ន្ទ​ ឥណ្ឌាមាន​អ្នក​ស្លាប់ដោយសារ​ជំងឺកូវីដ​១៩ចំនួន​២.៨១២​នាក់​ ដែល​ជា​ចំនួន​ខ្ពស់មួយទៀតនៃ​អ្នកស្លាប់​ប្រចាំ​ថ្ងៃ​ ខណៈ​ឈាបនដ្ឋាន​បូជា​សពកំពុងមមាញឹក​ទាំង​ថ្ងៃ​ទាំង​យប់​ក្នុង​ការ​ដុត​សព​អ្នកជំងឺ​កូវីដ​១៩​នោះ។​ ទន្ទឹម​នឹង​នេះ​ដែរ​ រដ្ឋធានី​ញូវដែលី​របស់​ឥណ្ឌា​ បាន​បន្ត​រយៈ​ពេល​បិទ​ខ្ទប់​របស់​ខ្លួនមួយ​សប្តាហ៍​ថែម​ទៀត​ បន្ទាប់​ពី​ការ​បិទខ្ទប់​ក្នុង​ពេល​កន្លង​មក​ បានចប់​នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ។ ​

វិបត្តិ​ជំងឺ​កូវីដ​១៩​នៅឥណ្ឌា​នេះ​បាន​ធ្វើ​ឲ្យប្រទេស​មួយ​ចំនួនកំពុង​ស្វះស្វែង​ជួយផ្គត់​ផ្គង់​សម្ភារៈ​បរិក្ខារ​ពេទ្យ​ ដើម្បី​បញ្ជូន​ទៅ​កាន់​ប្រទេស​ឥណ្ឌា។​

កាល​ពី​ថ្ងៃ​ច័ន្ទម្សិលមិញ​ យន្តហោះជា​ច្រើន ​បានដឹក​ជញ្ជូនបរិក្ខារ​ពេទ្យ​ពី​ប្រទេស​អង់គ្លេស​ទៅ​កាន់​ប្រទេស​ឥណ្ឌា​ ដែល​ក្នុង​នោះ​រួម​មាន​ឧបករណ៍​ជំនួយ​ដង្ហើម​ និង​ម៉ាស៊ីន​អុកស៊ីសែនជា​ដើម។​ ប្រទេស​ដទៃទៀត​ក៏​បាន​សន្យា​ជួយ​ដែរ ​រួម​មាន​បារាំង​ និង​អាល្លឺម៉ង់​ ​ក៏​ដូច​ជា​ប្រទេស​ប៉ាគីស្ថាន ​ដែល​ជា​គូ​សត្រូវ​ក្បែរ​ខាងរបស់​ឥណ្ឌា​ផងដែរ៕

XS
SM
MD
LG