លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានប្រាប់លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ថា លោកនឹងពិនិត្យមើលឡើងវិញនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបន្ទាប់ពីអត្ថាធិប្បាយរបស់មេដឹកនាំអ៊ីស្រាអែលរូបនោះ ដែលបានច្រានចោលដំណោះស្រាយមានរដ្ឋ២នោះ។
តាមមន្រ្តីសេតវិមានដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា លោកប្រធានាធិបតីអូបាម៉ា បានថ្លែងសារនេះកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទ ដើម្បីស្វាគមន៍លោក Netanyahu អំពីជ័យជម្នះនៃការបោះឆ្នោតរបស់លោកនៅសប្តាហ៍នេះ។
មន្រ្តីនោះបាននិយាយថា «លោកប្រធានាធិបតីបានប្រាប់លោកនាយករដ្ឋមន្រ្តីថា យើងនឹងត្រូវការពិនិត្យមើលឡើងវិញនូវជម្រើសរបស់យើងបន្ទាប់ពីជំហរនិងអត្ថាធិប្បាយថ្មីរបស់នាយករដ្ឋមន្រ្តីចំពោះដំណើរស្រាយរដ្ឋ២នោះ»។
មុនការបោះឆ្នោតកាលពីថ្ងៃអង្គារ នាយករដ្ឋមន្រ្តី Netanyahu បានប្រាប់បណ្តាញផ្សាយព័ត៌មានអ៊ីស្រាអែលថា លោកនឹងមិនគាំទ្រការបង្កើតរដ្ឋប៉ាឡេស្ទីនដែលជាវិធីមួយដើម្បីដោះស្រាយវិបត្តិជាយូរយារណាស់មកហើយរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនទេ។
កាលពីថ្ងៃព្រហស្បតិ៍ លោកបានហាក់ដូចជាស្ថិតងាករេពីសេចក្តីថ្លែងការណ៍ទាំងនោះ ដោយបានប្រាប់បណ្តាញផ្សាយព័ត៌មានជាច្រើនថា លោកមិនច្រានចោលរដ្ឋប៉ាឡេស្ទីនដែលគ្មានយោធានោះទេ ក៏ប៉ុន្តែលោក បានបន្ថែមថា ការណ៍នោះមិនអាចសម្រេចជោគជ័យនៅពេលនេះទេ៕