លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry និងលោករដ្ឋមន្រ្តីការបរទេសប្រទេសអ៊ីរ៉ង់ Mohammad Javid Zarif បានបញ្ចប់ការចរចារយៈពេលបីថ្ងៃអំពីបញ្ហានុយក្លេអ៊ែរ ក្រោយសុន្ទរកថាកាលពីថ្ងៃអង្គាររបស់លោកនាយករដ្ឋមន្រ្តីប្រទេសអ៊ីស្រាអែល Benjamin Netanyahu ដែលបានរៀបរាប់ក្បោះក្បាយនៅមុខសភាអាមេរិកថា ហេតុអ្វីបានជាលោកជឿថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយជាមួយអ៊ីរ៉ង់នឹងមានគ្រោះថ្នាក់ដល់ពិភពលោក។
លោក Kerry និងគណប្រតិភូមួយដែលមានសមាជិក៤នាក់ រួមទាំងលោកស្រីអនុរដ្ឋលេខាធិការ Wendy Sherman និងលោករដ្ឋមន្រ្តីក្រសួងថាមពលអាមេរិក Ernest Moniz បានសំដែងការគួរសមរាក់ទាក់ជាមួយលោក Zarif និងគណប្រតិភូរបស់អ៊ីរ៉ង់ នៅពេលភាគីទាំងពីរជួបចរចាគ្នានៅព្រឹកថ្ងៃពុធនេះ នៅទីក្រុង Montreux ប្រទេស ស៊្វីស។
កាលពីថ្ងៃអង្គារនៅរដ្ឋធានីវ៉ាស៊ីនតោន លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu បានថ្លែងថាលោកមាន «កាតព្វកិច្ចដ៏ធំមួយ» ក្នុងការនិយាយអំំពីបញ្ហាដែលលោកជឿថាបានគំរាមដល់អាយុជីវិតរបស់ប្រទេសលោក។
នៅចំពោះមុខកិច្ចប្រជុំរួមរបស់សភាទាំងពីរ លោកបានថ្លែងថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ជា «កិច្ចព្រមព្រៀងអាក្រក់» មួយ ពីព្រោះតាមសំដីលោកផ្ទាល់ថា «វាមិនបានរារាំងផ្លូវរបស់អ៊ីរ៉ង់ឆ្ពោះទៅការផលិតគ្រាប់បែកទេ តែបើកផ្លូវឲ្យអ៊ីរ៉ង់អាចផលិតគ្រាប់បែកមួយទៅវិញ»៕